លើកស្ទួយប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោលនៅរដ្ឋសភា

Chia sẻ
(VOVWORLD) - សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោលក្នុងបណ្ដាសម័យប្រជុំរដ្ឋសភា គឺជារូបសណ្ឋានឃ្លាំមើលជាសារវ័ន្តនិងសំខាន់របស់រដ្ឋសភា។ ក្នុងសម័យប្រជុំនីមួយៗ សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោលតែងតែមានការផ្លាស់ប្ដូរ សំដៅលើកស្ទួយគុណភាពនៃសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា។ ក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤ រដ្ឋសភានឹងចំណាយពេលវេលា៣ថ្ងៃសំរាប់សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោល។ នេះជាសកម្មភាពដែលទាក់ទាញការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតនិងប្រជាជនក្នុងសម័យប្រជុំនីមួយៗ។
លើកស្ទួយប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោលនៅរដ្ឋសភា - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថត៖ quochoi.vn)

  ផ្លាស់ប្ដូរថ្មីដើម្បីលើកស្ទួយប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោល

ឆ្លងតាមរយៈការសាកពិសោធន៍ក្នុងសម័យប្រជុំលើកទី២២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានោះ គឺការផ្លាស់ប្ដូរថ្មីអំពីពេលវេលាសួរនិងឆ្លើយ ត្រូវបានអ្នកបោះឆ្នោតវាយតំលៃខ្ពស់ ព្រោះថា វាមិនត្រឹមតែជួយសន្សំសម្ចៃពេលវេលាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវលទ្ធភាពរបស់អ្នកសួរនិងអ្នកឆ្លើយដោយការផ្តោតលើចំបញ្ហា។

ភាពស្មោះត្រង់ ការផ្តោតចំលើបញ្ហា ការកាត់បន្ថយពេលវេលាសួររបស់សមាជិកសភានិងពេលវេលាឆ្លើយរបស់សមាជិករដ្ឋាភិបាលនោះ គឺសំណូមពរដែលត្រូវបានដាក់ចេញក្នុងសម័យប្រជុំរដ្ឋសភាលើកនេះ។ តាមនោះ សមាជិកសភាម្នាក់ៗមានពេលវេលា១នាទីដើម្បីសួរ ហើយសមាជិករដ្ឋាភិបាលមានពេលវេលា៣នាទីដើម្បីឆ្លើយ។ លោក Le Bo Linh អនុប្រធានខុទ្ទកាល័យរដ្ឋសភា អគ្គលេខាធិការរងរដ្ឋសភា បានឲ្យដឹងថា៖

“គោលដៅគឺបង្កើនបរិមាណសមាជិកសភាដែលបានសួរ ហើយផ្តោតទៅលើបញ្ហាសំខាន់ៗ បានជាពេលវេលាសំរាប់សមាជិកសភាម្នាក់ៗត្រូវបានកាត់បន្ថយនៅត្រឹម១នាទី ហើយអ្នកឆ្លើយមានពេលវេលា៣នាទីជំនួសឲ្យការកំណត់មុននេះគឺ៥នាទីវិញ។ ធ្វើដូច្នេះ នឹងបង្កលក្ខណៈឲ្យសមាជិកសភាជាច្រើនជាងដែលបានសួរ ហើយអ្នកឆ្លើយក៏នឹងឆ្លើយនៅចំនឹងសំណួរដែរ។”

ការផ្លាស់ប្ដូរថ្មីរបស់សកម្មភាពសួរដេញដោលក្រោយពីសម័យប្រជុំនីមួយៗបាននិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងរបស់សមាជិកសភានិងអ្នកបោះឆ្នោត។ លោក Lai Xuan Mon សមាជិកសភាមណ្ឌល Cao Bang ចាត់ទុកថា៖

“ក្នុងសម័យប្រជុំមុនៗ មានសមាជិកសភានិងរដ្ឋមន្រ្តីជាច្រើនរូបដែលសួរនិងឆ្លើយមិនចំបញ្ហាសំខាន់ៗឡើយ។ ដកបទពិសោធន៍ពីនោះ ក្នុងសម័យប្រជុំលើកនេះ សមាជិកសភាត្រូវជ្រើសរើសបញ្ហាសំខាន់ដើម្បីយកមកសួរ ហើយចំណែកឯរដ្ឋមន្ត្រីវិញ ក៏ត្រូវចងចាំសំណួរដើម្បីឆ្លើយឲ្យបានច្បាស់លាស់និងផ្តោតទៅលើបញ្ហាគន្លឹះផងដែរ”។

លើកកំពស់ការងារឃ្លាំមើលរបស់រដ្ឋសភា

ក្នុងសម័យប្រជុំ ណៈកម្មាធិការអចិន្ត្រៃរដ្ឋសភានាពេលកន្លងទៅ សកម្មភាពសួរដេញដោលត្រូវបានអនុវត្តន៍យ៉ាងល្អដោយមានលក្ខណៈសន្ទនាខ្ពស់។ នាពេលដែលការផ្លាស់ប្ដូរថ្មីនេះត្រូវបានយកមកអនុវត្តន៍ក្នុងសម័យប្រជុំរដ្ឋសភា វានឹងជួយបង្កើតបរិយាកាសដ៏ស្វាហាប់ក្នុងសាលប្រជុំ ហើយនឹងទទួលបានការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតជាពិតប្រាកដ។ ការឆ្លើយដោយផ្ទាល់នៅសាលប្រជុំគឺសំខាន់ណាស់។ ទោះបីជាអ្នកឆ្លើយអាចឆ្លើយដោយឯកសារក្ដី ប៉ុន្តែការឆ្លើយដោយផ្ទាល់គឺល្អបំផុតដើម្បីអ្នកបោះឆ្នោតឃ្លាំមើល។ សមាជិកសភា LyTiet Hanh មណ្ឌល Binh Dinh ចាត់ទុកថា៖

“ប្រសិនបើយើងឆ្ពោះទៅគោលដៅគឺ អ្នកសួរជ្រើសរើសបានបញ្ហាសំខាន់ដើម្បីយកមកសួរ ហើយអ្នកឆ្លើយក៏មានការទទួលខុសត្រូវនិងឆ្លើយនៅចំបញ្ហាបានសួរ គឺនាគ្រានោះនឹងបង្កើតឡើងក្របខ័ណ្ឌដើម្បីលើកស្ទួយគុណភាពនៃសកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោល”។

លើកស្ទួយប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោលនៅរដ្ឋសភា - ảnh 2 រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The ឆ្លើយការសួរដេញដោល

ចាប់ពីថ្ងៃទី៤ មិថុនា សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤នឹងចំណាយពេលវេលា៣ថ្ងៃដើម្បីសួរដេញដោលបណ្ដាសមាជិករដ្ឋាភិបាល។ រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូននឹងឆ្លើយសំណួរស្ដីពី៖ ការកែលំអហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការដោះស្រាយចំពោះបញ្ហានៅសេសសល់ក្នុងគម្រោងការណ៍ BOT។ រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាននឹងបំភ្លឺឲ្យបានច្បាស់អំពីការងារគ្រប់គ្រងដីធ្លីនៅទីក្រុងធំៗ សភាពការណ៍បំពុលបរិស្ថាននិងការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលនឹងដាក់ចេញដំណោះស្រាយនានាដើម្បីលើកស្ទួយគុណភាពអប់រំ។ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងឆ្លើយសំណួរដេញដោលស្ដីពីទីផ្សារពលករ កិច្ចការពារនិងថែទាំកុមារ។

        ដោយការលើកស្ទួយគុណភាពការសួរដេញដោលនិងឆ្លើយការសួរដេញដោល សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាត្រូវបានអ្នកបោះឆ្នោតនិងប្រជាជនកាន់តែជឿទុកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ តាមនោះរួមចំណែកជាពិតប្រាកដក្នុងការងារកសាងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ