រដ្ឋសភាវៀតណាមអះអាងសារជំរុញការរួមរស់ប្រកបដោយសន្តិភាព

Chia sẻ
(VOVWORLD) - ថ្ងៃទី ១៥ មិនា មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី ១៤៦ បានបិទបញ្ចប់នៅទីក្រុងម៉ាណាម៉ា បារ៉ែន ក្រោយរយៈពេល ៥ ថ្ងៃបើកកិច្ចប្រជុំ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមីនា។ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញចូលរួមយ៉ាងសកម្មរាល់សកម្មភាពក្នុងក្របខ័ណ្ឌ IPU លើកទី ១៤៦ ដោយអះអាងពីសារជំរុញការរួមរស់ប្រកបដោយសន្តិភាពនៅលើពិភពលោក។
រដ្ឋសភាវៀតណាមអះអាងសារជំរុញការរួមរស់ប្រកបដោយសន្តិភាព - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man (រូបថត៖ VNA)

រួមគ្នាគ្នាជំរុញពិភពលោកប្រកបដោយសន្តិសភាព

នៅ IPU ១៤៦ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសស្រឡាញ់សន្តិភាព ហើយមានប្រពៃណីមេត្តាករុណា មនុស្សធម៌ និងសុខដុមរមនា។ ឆ្លងកាត់សង្រ្គាមយ៉ាងច្រើនដើម្បីដណ្ដើមឯករាជ្យជាតិ និងឯកភាពប្រទេសជាតិ វៀតណាមគោរពយ៉ាងពិសេសរាល់តម្លៃសន្តិភាព ស្ថិរភាព មិត្តភាព ហើយមានការយល់ដឹងយ៉ាងច្បាស់លាស់ថា សន្តិភាពនិងអភិវឌ្ឍន៍របស់វៀតណាមបានផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយសន្តិភាព វិបុលភាពរបស់តំបន់ និងនៅលើពិភពលោក។ វៀតណាមគាំទ្រគំនិតផ្តួចផ្តើម ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី មិនគម្រាមកំហែង ឬប្រើប្រាស់កម្លាំងហឹង្សា គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។

ដោយមានសេចក្តីប្រាថ្នាអំពីពិភពលោកមួយប្រកបដោយសន្តិភាព អភិវឌ្ឍន៍ និងវិបុលភាព អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានបានលើកអាទិភាពចំនួន ៤ ចំពោះសភាជាសមាជិករបស់ IPU។ ក្នុងនោះ មានការខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីនៃការគោរព និងធានាច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកទប់ស្កាត់សង្គ្រាម លុបបំបាត់វិសមភាពក្នុងទំនាក់ទំនងអន្តរជាតិ ធានាការអនុវត្តលទ្ធិប្រជាធិបតេយ្យ សមភាព និងមិនរើសអើងយេនឌ័រ ជាតិសាសន៍ និងសាសនាលើគ្រប់វិស័យ ជំរុញកិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ។

ក្រៅពីសម័យបើកកិច្ចប្រជុំ គណៈប្រតិភូរដ្ឋសភាវៀតណាមក៏បានចូលរួមកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វិក; បានចូលរួមក្នុងកិច្ចប្រជុំនៃវេទិកាសមាជិកសភាស្ត្រី ចូលរួមសម័យប្រជុំពេញអង្គនៃមហាសន្និបាត ក្រុមប្រឹក្សាប្រតិបត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍ វេទិកាសមាជិកសភាវ័យក្មេង។ គណៈប្រតិភូរដ្ឋសភាវៀតណាមក៏បានទទួលជួបសន្ទនាទ្វេភាគីជាមួយអគ្គលេខាធិការ IPU លោក Martin Chungong ជួបជាមួយតំណាងសភា នៃប្រទេសមួយចំនួនដូចជា អង់ហ្គោឡា សំប៊ី បារ៉ែន និងឥណ្ឌូនេស៊ី។

រាល់ការរួមវិភាគទានរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមនៅ IPU ១៤៦ និយាយដោយឡែក និងនៅតាមវេទិកាកិច្ចការបរទេសរដ្ឋសភាពហុភាគីតាំងពីមុនមកគឺស្របនឹងការអះអាងរបស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា លោក Vu Hai Ha ៖ “សកម្មភាពការទូតសភាពហុភាគីបានរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកលប្រកបដោយប្រសិទ្ធភាព ដោយអះអាងថា រដ្ឋសភាវៀតណាមជាសមាជិកសកម្ម ហើយមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ និងតំបន់តាមរយៈការចូលរួមយ៉ាងសកម្ម ម្ចាស់ការទៅក្នុងវេទិកាអន្តរសភា ដែលរដ្ឋសភាវៀតណាមជាសមាជិកផងដែរ”។

រដ្ឋសភាវៀតណាមអះអាងសារជំរុញការរួមរស់ប្រកបដោយសន្តិភាព - ảnh 2ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា លោក Vu Hai Ha (រូបថត៖ quochoi.vn)

រួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសជាតិ

ការដែលវៀតណាមបានចូលរួមយ៉ាងសកម្មនៅ IPU ១៤៦ គឺជាសកម្មភាពជាក់ស្ដែងនៃការទូតសភាពហុភាគី និងកិច្ចការបរទេសរដ្ឋសភា ហើយកាន់តែអះអាងពីឋានៈនៃការទូតសភាក្នុងខឿនការទូតគ្រប់ជ្រុងជ្រោយរបស់វៀតណាម។ លទ្ធផលនៃការរួមវិភាគទានរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមក្នុងការបន្តសកម្មភាពកិច្ចករបរទេសពហុភាគីត្រូវបានអនុវត្តន៍សម្បូរបែបក្នុងរយៈពេលកន្លងទៅ ក្នុងស្មារតីបន្តការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មទៅក្នុងសកម្មភាពការទូតពហុភាគីរបស់វៀតណាម ជំរុញនិងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០។

នារយៈពេលខាងមុខ យោងតាមអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man រដ្ឋសភានឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់គោលនយោបាយធំៗរបស់បក្ស ក្នុងការលើកកំពស់តួនាទីឈានមុខនៃកិច្ចការបរទេស កសាងខឿនការទូតលើគ្រប់ជ្រុងជ្រោយ ទំនើប ក្នុងនោះផ្ដោតសំខាន់លើឋានៈ និងតួនាទីនៃកិច្ចការបរទេសរដ្ឋសភាក្នុងគោលនយោបាយការបរទេសទាំងមូលរបស់វៀតណាម៖ “ជំរុញទំនាក់ទំនងជាមួយសភាបណ្ដាប្រទេសឲ្យកាន់តែស៊ីជម្រៅ។ ជំរុញខ្លាំងការទូតសភាពហុភាគី ក្នុងស្មារតីជំរុញ និងលើកកំពស់ការទូតពហុភាគីដល់ឆ្នាំ ២០៣០; ពង្រីកតួនាទីរបស់រដ្ឋសភាវៀតណាមនៅតាមយន្តការសហប្រតិបត្តិការពហុភាគី បណ្ដាអង្គការតំបន់ និងអន្តរជាតិ លើកកម្ពស់តួនាទីស្នូល ដឹកនាំឲ្យសមស្របនឹងសមត្ថភាព និងលក្ខខ័ណ្ឌរបស់ប្រទេសជាតិជាជំហានៗ”។

កិច្ចការបរទេសរដ្ឋសភាបានដើរតួនាទីផ្សារភ្ជាប់រវាងសសរស្តម្ភទាំងបីគឺកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន រួមចំណែកជំរុញប្រសិទ្ធភាពកម្លាំងពលំសរុបនៃការទូតវៀតណាម។ ការដែលវៀតណាមបានរួមវិភាគទានយ៉ាងសកម្មទៅក្នុងជោគជ័យរបស់ IPU ១៤៦ និយាយដោយឡែក និងនៅតាមវេទិកាសភាពហុភាគីពីមុនមកនិយាយរួមបានសរឲ្យឃើញពីភាពម្ចាស់ការ សកម្ម និងទំនួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ព្រមទាំងរួមចំណែកលើកកំពស់កិត្យានុភាព និងឋានៈរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ