យថាទស្សន៍ស្ដារសេដ្ឋកិច្ច ពិភពលោកឡើងវិញ

Chia sẻ
(VOVWORLD) - ទោះបីជាចំនួនអ្នកជំងឺកូវីដ ១៩ នៅលើពិភពលោកបានកើនឡើងជាឯតទគ្គកម្មទាំងចំនួនអ្នកឆ្លងជំងឺ និងអ្នកស្លាប់ក៏ដោយ ប៉ុន្តែខឿនសេដ្ឋកិច្ចពិភពលោកនៅតែមានសញ្ញាស្ដារឡើងវិញយ៉ាងវិជ្ជមាន។ យ៉ាងណាមិញ ក្រុមអ្នកជំនាញ និង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំ ៗនៅតែនាំចេញការព្រមានអំពីហានិភ័យ និងគ្រោះអាសន្នចំពោះសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ ខណៈដែលជំងឺរាតត្បាតនៅក្នុងតំបន់ភាគច្រើននៅតែមិនទាន់គ្រប់គ្រងបានល្អនៅឡើយ។
យថាទស្សន៍ស្ដារសេដ្ឋកិច្ច ពិភពលោកឡើងវិញ - ảnh 1បើប្រៀបធៀបទៅនឹងវិបត្តិសេដ្ឋកិច្ចថ្មីៗនេះ លំហូរពាណិជ្ជកម្មពិភពលោកហាក់ដូចជាបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស   (ប្រភព៖ taichinhdoanhnghiep.net.vn) 

ប្រតិបត្តិការពាណិជ្ជកម្មសកលលោកត្រូវបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស

ប្រតិបត្តិការពាណិជ្ជកម្មសកលលោកកំពុងបានស្ដារឡើងវិញយ៉ាងល្អប្រសើរ ក្នុងល្បឿនលឿនជាង បើប្រៀបនឹងវិបត្តិ ហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩ ។ យោងតាមការិយាល័យវិភាគគោលនយោបាយសេដ្ឋកិច្ច CPB របស់ហូឡង់ថា លំហូរទំនិញឆ្លងដែនក្នុងត្រីមាសទី ៣ កន្លងទៅបានកើន  ១២,៥% បើប្រៀបធៀបទៅនឹងត្រីមាសទី ២ នៃឆ្នាំដដែល ពោលគឺជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។

លំហូរពាណិជ្ជកម្មសកលលោកបានចាប់ផ្តើមស្ដារឡើងវិញយ៉ាងខ្លាំងក្លានៅពាក់កណ្តាលឆ្នាំនេះ នៅពេលដែលការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាសបានបើកឡើងវិញ ស្របពេលដែលតម្រូវការប្រើប្រាស់ទំនិញ បានកើនឡើងយ៉ាងឆាប់រហ័ស។ សកម្មភាពពាណិជ្ជកម្មបន្តត្រូវបានកែលម្អចាប់តាំងពីចុងត្រីមាសទី ៣ ។ យោងតាមការស្ទង់មតិរបស់អ្នកគ្រប់គ្រងការទិញទំនិញនៅតាមបណ្តារោងចក្រនៅលើពិភពលោកបានបង្ហាញថា ការបញ្ជាទិញ នាំចេញបានបន្តកើនឡើង នាចុងត្រីមាសនេះ។

ក្នុងរបាយការណ៍នាពេលថ្មីៗនេះ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានអះអាងថា លំហូរពាណិជ្ជកម្មបានវិលត្រឡប់ទៅរកកម្រិតមធ្យមក្នុងរយៈពេលវែង ដែលសរឲ្យឃើញថា ការស្ដារសេដ្ឋកិច្ចឡើងវិញអាចត្រូវបានរក្សាដដែលផងដែរ។

យោងតាមក្រុមអ្នកជំនាញថា ការស្ដាប្រតិបត្តិការពាណិជ្ជកម្មសកលលោកឡើងវិញ គឺមានការរួមវិភាគទានយ៉ាងសំខាន់របស់ចិន ដែលជាខឿនសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោក ហើយត្រូវបានចាត់ទុកថា ជារោងចក្រផលិតកម្មរបស់ពិភពលោក។ ដោយបានគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អប្រសើរនោះ ចិនបានស្ដារសកម្មភាពផលិតកម្ម និងជំរុញការនាំចេញឡើងវិញ។ យោងតាមទិន្នន័យ ដែលបានធ្វើបច្ចុប្បន្នភាពថា សេដ្ឋកិច្ចចិនទទួលបានកំណើន ផលិតផលក្នុងស្រុកសរុប (GDP)  ០,៧% ក្នុងដំណាក់កាលចាប់ពីខែមករាដល់ខែកញ្ញា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែល GDP ក្នុងត្រីមាសទី ៣ បានកើន ៤,៩%។

យថាទស្សន៍ស្ដារសេដ្ឋកិច្ច ពិភពលោកឡើងវិញ - ảnh 2អគ្គនាយិការ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva  (រូបថត៖ AFP / VNA)

នៅតែមានគ្រោះអាសន្នជាច្រើន

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា អគ្គនាយិការ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បានអះអាងថា សេដ្ឋកិច្ចពិភពលោកកំពុងបានស្ដារឡើងវិញជាបណ្ដើរៗ ពីវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែមានសញ្ញាបង្ហាញថាសន្ទុះស្ដារឡើងវិញយឺតយ៉ាវ ដោយសារចំនួនករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងនៅតាមប្រទេសមួយចំនួន។ យោងតាមលោកស្រី Georgieva ថា ការផ្ទុះជំងឺរាតត្បាតឡើងវិញគឺជាការក្រើនរំលឹកដ៏សំខាន់ថា ការស្ដារសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពឡើងវិញ នឹងមិនទទួលបានឡើយ លុះត្រាតែបណ្ដាប្រទេសអាចប្រយុទ្ធប្រឆាំង និងកាត់បន្ថយការឆ្លងជំងឺកូវីដ ១៩ នៅគ្រប់ទីកន្លែង។

សន្ទស្សន៍មួយគួរឲ្យព្រួយបារម្ភទៀតគឺ ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ១ នៅលើពិភពលោក គឺសហរដ្ឋអាមេរិកនោះ បើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់អង្គការស្រាវជ្រាវ  Conference Board ថា ទំនុកទុកចិត្តប្រើប្រាស់ទំនិញនៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ បានធ្លាក់ចុះយ៉ាងគំហុក លើសពីការរំពឹងទុក ហើយការពិតជាក់ស្តែងនេះកាន់តែបានអះអាងថា ការព្យាករណ៍ កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ ។ ក្នុងត្រីមាសនេះ សេដ្ឋកិច្ចសហរដ្ឋអាមេរិកត្រូវបាន ព្យាករណ៍ថានឹងមានកំណើនក្រោម ៥% ។ មុននេះ សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៣១,៤% ក្នុងត្រីមាសទី ២ ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៤៧ ក្រោយមកបានកើនឡើងម្តងទៀតនៅកម្រិត ៣៣,១% ក្នុងត្រីមាសទី ៣ ។ គួរជម្រាបថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងបន្ថយល្បឿន ចំពោះបរិបទ ដែលកញ្ចប់ថវិកាជួយសង្គ្រោះ ក្នុងតម្លៃជាង ៣ លានលានដុល្លារអាមេរិក របស់រដ្ឋាភិបាលកាលពីដើមឆ្នាំនេះបានផុតកំណត់ហើយ ខណៈដែលកញ្ចប់ថវិកាជួយសង្គ្រោះថ្មីអាចអនុវត្តន៍បាន ក្រោយពេលប្រធានាធិបតីថ្មីឡើងកាន់អំណាចនាថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ ខាងមុខតែប៉ុណ្ណោះ ។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ខណៈដោយបាននាំមុខគេនៅលើពិភពលោក ទាំងចំនួនករណីឆ្លងជំងឺ និងករណីស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ