ភាព​ទម្លុះទម្លាយក្នុង​កា​រត្រិះរិះយុទ្ធសាស្ត្រនិងលក្ខណៈជាក់ស្តែង ជាកម្លាំងចលករសម្រាប់វៀតណាមបោះជំហានយ៉ាងរឹងមាំទៅអនាគត

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៣ ការិយាល័យនយោបាយ បានចេញសេចក្តីសម្រេចចិត្ត លេខ ២២-NQ/TW ស្តីពីសមាហរណកម្មអន្តរជាតិ ដោយ កត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ក្នុងដំណើរការសមាហរណកម្មរបស់វៀតណាម និងរួមដំណើរជាមួយប្រទេសនានាជុំវិញពិភពលោក។ ដំណើរធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម ក្នុងរយៈពេល១០ឆ្នាំកន្លងមក នេះ បង្ហាញថា សេចក្តីសម្រេចចិត្តនេះពិតជា ជា “ត្រីវិស័យ” រួមចំណែកផ្លាស់ប្តូរមុខមាត់ប្រទេសជាតិ នាំវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងរឹងមាំបោះជំហានលើកំណាត់ផ្លូវខាងមុខ។

សេចក្តីសម្រេចចិត្ត ២២-NQ/TW បញ្ជាក់ពីគោលនយោបាយសមាហរណកម្មគ្រប់ជ្រុងជ្រោយ ជាជំហានអភិវឌ្ឍន៍ថ្មី និងទិសដៅយុទ្ធសាស្ត្រសំខាន់របស់វៀតណាម។ សេចក្តីសម្រេចចិត្តបានសង្កត់ធ្ងន់ថា ត្រូវតែពង្រីកកម្លាំងពលំផ្ទៃក្នុងក៏ពិតមែន  ប៉ុន្តែទន្ទឹមនឹងនោះ ក៏ត្រូវតែឆ្លៀតយកលក្ខខណ្ឌអំណោយផលបំផុត និងធនធានខាងក្រៅ សម្រាប់ការកសាង និងការពារមាតុភូមិ។ សេចក្តីសម្រេចចិត្តនេះក៏បានលើកឡើងពីសារៈសំខាន់របស់វៀតណាមក្នុងការធ្វើសមាហរណកម្មយ៉ាងសកម្ម  ទៅក្នុងពិភពលោក ជាពិសេសគឺការចូលរួមក្នុងការអភិវឌ្ឍបទបញ្ញត្តិ និងស្តង់ដារប្រព្រឹត្តិអន្តរជាតិ។

ភាព​ទម្លុះទម្លាយក្នុង​កា​រត្រិះរិះយុទ្ធសាស្ត្រនិងលក្ខណៈជាក់ស្តែង ជាកម្លាំងចលករសម្រាប់វៀតណាមបោះជំហានយ៉ាងរឹងមាំទៅអនាគត - ảnh 1ប្រភាព៖ dangcongsan.vn

បង្កើតបុព្វបទសម្រាប់ទសវត្សអភិវឌ្ឍន៍នៅវៀតណាម

យោងតាមសេចក្តីសម្រេចចិត្តលេខ ២២-NQ/TW គោលការណ៍ក្នុងដំណើរការសមាហរណកម្មរបស់វៀតណាមទៅក្នុងសហគមន៍ពិភពលោកគឺត្រូវយកផលប្រយោជន៍ជាតិជាចម្បង ដើរទន្ទឹមនឹងមូលដ្ឋាននៃគោលការណ៍ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយកិច្ចសហប្រតិបត្តិការសមភាព មានផលប្រយោជន៍ទៅវិញទៅមក។ សេចក្តីសម្រេចចិត្តក៏បានបញ្ជាក់ផងដែរថា ក្នុងសមាហរណកម្មអន្តរជាតិ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ម្លោះហើយភារកិច្ចគឺត្រូវស្វែងរកមធ្យោបាយគ្រប់គ្រងគុណវិបត្តិ ហើយទន្ទឹមនឹងនោះធ្វើឱ្យមានលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍន៍ និងការពារមាតុភូមិ។

ក្នុងរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២-NQ/TW រួមជាមួយនឹងការផ្លាស់ប្តូរប្រទេសជាតិ  ចូលរួមសមាហរណកម្មអន្តរជាតិបានជួយវៀតណាមបង្កើតសន្ទុះអភិវឌ្ឍន៍ថ្មី កាន់តែខ្ពស់ជាង និងទូលំទូលាយលើគ្រប់វិស័យ បើធៀបនឹងដំណាក់កាលមុនៗនេះ។  លើវិស័យសេដ្ឋកិច្ច GDP របស់វៀតណាមក្នុងឆ្នាំ ២០១៣ សម្រេចបាន ២១២ ពាន់លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែក្រោយរយៈពេល ១០ឆ្នាំ  បានកើនទ្វេដង រហូតមកដល់ពេលនេះលើសពី ៤០០ ពាន់លានដុល្លារអាមេរិក។ ពាណិជ្ជកម្មរបស់វៀតណាមបច្ចុប្បន្នសម្រេចក្នុងកម្រិត ៧៣០ ពាន់លានដុល្លារអាមេរិក ហើយការបើកចំហសេដ្ឋកិច្ចមានប្រហែល ២០០%។ ក្នុងន័យនយោបាយ វៀតណាមបន្តពង្រឹង និងពង្រីកបរិយាកាសអន្តរជាតិអំណោយផលសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយហេតុនេះ រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តយុទ្ធសាស្ត្រកសាង និងការពារជាតិ។ ទាក់ទិននឹងកិច្ចការបរទេស តួនាទី និងឋានៈរបស់វៀតណាមត្រូវបានប្រទេសនានាក្នុងតំបន់ និងលើពិភពលោកវាយតម្លៃខ្ពស់។ វៀតណាមបានឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកក្នុងសកម្មភាពរួម ទាំងទាញយកផលប្រយោជន៍របស់វៀតណាម និងរួមចំណែកដល់សហគមន៍អន្តរជាតិ។ វៀតណាមក៏បានពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេស អង្គការអន្តរជាតិ និងតំបន់ ជាពិសេសជាមួយប្រទេសជិតខាង តំបន់ បណ្តាប្រទេសធំៗ និងដៃគូសំខាន់ៗ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) អង្គការសហប្រជាជាតិ (អ.ស.ប.)។ មកទល់នឹងពេលនេះ វៀតណាមមានដៃគូយុទ្ធសាស្ត្រ ឬគ្រប់ជ្រុងជ្រោយចំនួន ៣០។ វៀតណាមក៏ចូលរួមយ៉ាងស៊ីជម្រៅ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងតម្លៃសកល រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មី គុណភាពខ្ពស់ ដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ...ជាដើម។ ប្រការនេះបានរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍ និងសន្តិសុខរបស់ប្រទេស បង្កើតក្របខ័ណ្ឌមិត្តភាព យូរអង្វែង ស្ថិរភាព និងប្រសិទ្ធភាព។ សមាហរណកម្មអន្តរជាតិក៏ជួយវៀតណាមពង្រឹង និងលើកកំពស់តួនាទីអន្តរជាតិរបស់ខ្លួន ជាពិសេសនៅក្នុងស្ថាប័នពហុភាគីពិភពលោក និងតំបន់។ ប្រការនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលដែល វៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០; សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកទីពីរ (អាណត្តិ ២០២០-២០២១); ប្រធាន APEC ២០១៧ និងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដំណាក់កាល ២០២៣-២០២៥។

កម្លាំងចលករសម្រាប់វៀតណាមបោះជំហានយ៉ាងរឹងមាំទៅអនាគត

ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២-NQ/TW ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមបានបង្ហាញពីភាពម្ចាស់ការរបស់ខ្លួនក្នុងការលើកកម្ពស់តួនាទី និងឋានៈ ហើយទន្ទឹមនឹងនោះបានរួមចំណែកក្នុងការកសាងបទដ្ឋាននៃការប្រព្រឹត្តរួមរបស់អន្តរជាតិ។ វៀតណាមមានការបោះជំហានយ៉ាងធំក្នុងការចូលរួមសកម្មភាពរួមរបស់អន្តរជាតិ និងពហុភាគី ពីបញ្ហាសន្តិភាព និងការអភិវឌ្ឍ ដល់បញ្ហាដូចជាបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន នៅពេលដែលខ្លួនបានប្តេជ្ញាយ៉ាងខ្លាំងទាក់ទងនឹងការកាត់បន្ថយការបំភាយឧស្ម័ន។ ជាងនេះទៅទៀត តួនាទីជាប្រធានអាស៊ាន សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប សមាជិកនៃកងកម្លាំងរក្សាសន្តិភាព ឬជាប្រធាន APEC នៅពេលវៀតណាមចូលកាន់តំណែង គឺសុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ទាំងអស់ផងដែរ។ ផលប៉ះពាល់នៃសេចក្តីសម្រេចចិត្តលេខ ២២-NQ/TW និងសន្ទុះនៃការអភិវឌ្ឍក្នុងរយៈពេល ១០ ឆ្នាំកន្លងមកពិតជានឹងបង្កើតកម្លាំងចលករថ្មី សម្រាប់សមាហរណកម្ម និងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ខាងមុខ តាមស្មារតីនៃមហាសន្និបាតបក្ស លើកទី ១៣ ពោលគឺ កិច្ចការបរទេសជាអ្នកត្រួសត្រាយផ្លូវ ស្វែងរកធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ; បង្កើតទំនាក់ទំនងមិត្តភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បីឲ្យមានបរិយាកាសអំណោយផលសម្រាប់សន្តិភាព ការអភិវឌ្ឍ និងលើកកំពស់ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ