ផែនការមេថ្នាក់ជាតិ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ

Chia sẻ

(VOVWORLD) - សំណុំឯកសារនៃផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រូវបានរដ្ឋាភិបាលដាក់ជូនរដ្ឋសភានីតិកាលទី ១៥ ដើម្បីសម្រេចក្នុងសម័យប្រជុំលើកទី ៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ មុននេះក្នុងសប្តាហ៍ទី ១ ខែតុលា ឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ក្នុងសន្និបាតលើកទី ៦ បានចំណាយពេលវេលាជាច្រើនសម្រាប់ការស្រាវជ្រាវ ពិភាក្សា និងឯកភាពខ្ពស់ លើតម្រូវការចេញផ្សាយ និងរៀបចំការអនុវត្តជាក់ស្តែង នូវផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ -២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៥០។

ផែនការមេថ្នាក់ជាតិ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1ប្រភព៖ baochinhphu.vn

ការកសាងផែនការមេថ្នាក់ជាតិ គឺជាឱកាសមួយដើម្បីរៀបចំឡើងវិញនូវលំហអភិវឌ្ឍន៍របស់ប្រទេសជាតិ ដើម្បីសម្រេចបាននូវគោលដៅ និងសេចក្តីប្រាថ្នាដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ បានកំណត់ ពោលគឺ ដល់ឆ្នាំ ២០៤៥ ប្រទេសជាតិនឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ប្រាក់ចំណូលខ្ពស់។ ទស្សនវិស័យសំខាន់មួយលើការអភិវឌ្ឍន៍ និងការរៀបចំលំហរអភិវឌ្ឍន៍ប្រទេសជាតិ នៅពេលរៀបចំផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ - ២០៣០ គឺអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានឯកភាពពេញលេញ គ្មានការបែងចែក និងគ្មានការចាប់បង្ខំដោយព្រំព្រទល់រដ្ឋបាល ប្រើប្រាស់ប្រភពធនធានប្រកបដោយមានប្រសិទ្ធភាពបំផុត ដើម្បីផលប្រយោជន៍ជាតិ។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ “យើងក៏កំណត់ថា នេះជាឱកាសដ៏ល្អសម្រាប់យើងធ្វើការវាយតម្លៃឡើងវិញនូវស្ថានភាពអភិវឌ្ឍន៍ ក្នុងដំណាក់កាលកន្លងមក ដើម្បីមើលឃើងថា អ្វីបានសម្រេច និងអ្វីដែលមិនទាន់សម្រេច ហេតុអ្វី ដើម្បីរៀបចំឡើងវិញនូវលំហអភិវឌ្ឍន៍របស់ប្រទេសទាំងមូល។ តាមនោះ នឹងកំណត់ទិសដៅអភិវឌ្ឍន៍ប្រទេសឡើងវិញ រៀបចំដំណើរការអភិវឌ្ឍន៍   ប្រភពធនធានអភិវឌ្ឍន៍ប្រទេសជាតិ។ ពីនោះ យើងអាចជម្នះពុះពារលើរាល់បញ្ហាប្រឈមដែលយើងជួបប្រទះ ទាញយកផលប្រយោជន៍ពីកាលានុវត្តភាព និងសក្តានុពល ដើម្បីប្រទេសអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព”។

តាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ការកសាងផែនការមេថ្នាក់ជាតិសម្រាប់សម័យកាលនីមួយៗរបស់វៀតណាមគឺឈរលើគោលការណ៍ថា ការអភិវឌ្ឍជាតិត្រូវបានរៀបចំប្រកបដោយប្រសិទ្ធភាព និងស្មើភាពគ្នានៅទូទាំងប្រទេស ធានាការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់  សំដៅកៀរគរនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ។ អភិវឌ្ឍន៍ ដោយផ្តោតលើផ្នែកមួយចំនួនដែលមានលក្ខខណ្ឌអំណោយផល ទាក់ទងនឹងទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងគុណសម្បត្តិសក្តានុពល សម្រាប់ការអភិវឌ្ឍ ជាពិសេសផ្នែកធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើតជាច្រករបៀងសេដ្ឋកិច្ច និងប៉ូលកំណើន ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាពខ្ពស់។ ខ្លឹមសារសំខាន់ៗនៃផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ របស់វៀតណាមបានកំណត់យ៉ាងច្បាស់ និងត្រឹមត្រូវនូវទស្សនៈ និងគំនិតណែនាំ; គោលដៅសំខាន់ ដែលត្រូវខិតខំសម្រេចបាន; រាល់ការកំណត់ទិសលើការអភិវឌ្ឍ និងការចែកចាយលំហនៃការអភិវឌ្ឍន៍នៃឧស្សាហកម្ម និងវិស័យសំខាន់ៗ; កំណត់ទិសដៅសម្រាប់ការអភិវឌ្ឍប្រព័ន្ធទីក្រុង និងជនបទ; ទិសដៅអភិវឌ្ឍន៍ប្រព័ន្ធច្រកទ្វារព្រំដែនគោកថ្នាក់ជាតិជាដើម។

ក្នុងផែនការលើកនេះ វៀតណាមបានផ្តោតសំខាន់លើការបង្កើតក្របខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធការពារបរិស្ថាន ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជា ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមជាមួយគ្នានោះ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្ម និងវិស័យមួយចំនួនដែលមានសក្តានុពល គុណសម្បត្តិ   ដែលភ្ជាប់ជាមួយនឹងលំហរអភិវឌ្ឍន៍ថ្មី។ វៀតណាមក៏អភិវឌ្ឍប៉ូលកំណើនជាតិសំខាន់ៗ និងតំបន់ដែលមានកម្លាំងជំរុញឱ្យបង្កើតជា "ក្បាលម៉ាស៊ីន" ដើម្បីទាក់ទាញការអភិវឌ្ឍប្រទេសជាតិ។  បង្កើត និងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចតាមអ័ក្សខាងជើង-ខាងត្បូង និងអ័ក្សខាងកើត-ខាងលិច; តភ្ជាប់កំពង់ផែសមុទ្រ ច្រកទ្វារព្រំដែនអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ មជ្ឈមណ្ឌលទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ច ប៉ូលកំណើន។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ការធ្វើផែនការគឺត្រូវមានការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្ត្រ ហើយកម្លាំងចលករកើតចេញពីការច្នៃប្រឌិត ហើយកម្លាំងកើតចេញពីប្រជាជន។ ការត្រិះរិះប្រកបដោយភាពច្នៃប្រឌិតនេះបានបង្កើតនូវធនធានមួយ មួយទៀតជាកម្លាំងចលករ ចក្ខុវិស័យជាយុទ្ធសាស្រ្តគឺធ្វើយ៉ាងណាដើម្បីរៀបចំផែនការសក្តានុពល និងឱកាសផ្សេងៗដើម្បីឈានទៅរកឧត្តមភាពការប្រកួតប្រជែង បន្ទាប់មកយើងមានដំណោះស្រាយមួយដើម្បីលើកតម្កើងធនធានផ្ទៃក្នុងរបស់យើង ពីព្រោះធនធានផ្ទៃក្នុង គឺជាមូលដ្ឋានគ្រឹះ យុទ្ធសាស្ត្ររយៈពេលវែង មានភាពច្បាស់លាស់ និងសំខាន់ ហើយធនធានខាងក្រៅគឺជាធនធានដ៏សំខាន់ និងមានលក្ខណៈលោតផ្លោះ”។

បទពិសោធន៍អន្តរជាតិបង្ហាញថា ប្រទេសនីមួយៗ ដែលចង់អភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ត្រូវតែជ្រើសរើសមាគ៌ាត្រឹមត្រូវ កំណត់ប្រភពធនធាន ការលើកទឹកចិត្ត និងពេលវេលាដើម្បីទៅដល់គោលដៅ។ ការដែលវៀតណាមបានអនុវត្តផែនការមេថ្នាក់ជាតិលើកទី១ ត្រូវបានចាត់ទុកថាជាជំហានកសាងគំរូ បែងចែកលំហអភិវឌ្ឍន៍ជាតិ ដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុត និងលឿនបំផុត ក្នុងគោលបំណងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ប្រទេសដែលបានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតបក្សលើកទី១៣៕

ប្រតិកម្មទៅវិញ