ប្រទេសស៊ូដង់នៅតែលិចលង់ក្នុងអំពើហិង្សាក្រោយពីជម្លោះអស់រយៈពេលមួយឆ្នាំ

Chia sẻ

(VOVWORLD) - ថ្ងៃទី ១៥ ខែមេសាឆ្នាំនេះ ជាគម្រប់ ១ ឆ្នាំ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុង ប្រទេសស៊ូដង់។ ក្រោយរយៈពេល ១ ឆ្នាំ ប្រទេសអាហ្រ្វិកខាងកើតនេះ នៅតែលិច លង់នៅក្នុងអំពើហិង្សា ដែលរុញមនុស្សរាប់លាននាក់ចូលទៅក្នុងសោកនាដកម្ម មនុស្សធម៌ ខណៈដែលក្ដីសង្ឃឹមនៃដំណោះស្រាយសន្តិភាពនៅតែជាប់គាំង ទាំងស្រុង។

ជម្លោះនៅក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ នៅពេលដែលកងទ័ពស៊ូដង់និងកងកម្លាំងគាំទ្ររហ័ស (RSF) បានប្រយុទ្ធគ្នាដើម្បីដណ្ដើមការគ្រប់គ្រងប្រទេសអាហ្វ្រិកខាងកើតនេះ។ ការប្រឈមមុខដាក់គ្នាពីរដ្ឋធានី Khartoum បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់ជាច្រើនទៀតក្នុងប្រទេស។

ប្រទេសស៊ូដង់នៅតែលិចលង់ក្នុងអំពើហិង្សាក្រោយពីជម្លោះអស់រយៈពេលមួយឆ្នាំ - ảnh 1ផ្សែងហុយឡើងក្នុងការប្រយុទ្ធគ្នានៅទីក្រុង Khartoum ប្រទេសស៊ូដង់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ (រូបថត៖ AFP/TTXVN)

សោកនាដកម្មមនុស្សធម៌

សង្រ្គាមដណ្តើមអំណាចរវាងកងកម្លាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្ត បានរុញច្រានប្រទេសស៊ូដង់ឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ ខណៈដែលសេដ្ឋកិច្ច និងស្ថាប័នរដ្ឋស្ថិត លើម៉ាត់ជ្រោះនៃការដួលរលំ។ យោងតាមតួរលេខរបស់អង្គការសហប្រជាជាតិ ជម្លោះ នៅស៊ូដង់ក្នុងរយៈពេល ១ឆ្នាំកន្លងមក បានឆក់យកជីវិតមនុស្សជិត ១៥ ពាន់នាក់ និង រាប់សែននាក់ផ្សេងទៀតរងរបួស។ មនុស្សជាង ៨,៥ លាននាក់ត្រូវភៀសខ្លួនចេញ ពីផ្ទះ ដែលក្នុងនោះមនុស្សប្រហែល ១,៨ លាននាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងរបស់ស៊ូដង់។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រព័ន្ធសុខា ភិបាលនៅស៊ូដង់កំពុងដួលរលំ ដោយសារតែកង្វះខាតបុគ្គលិកពេទ្យ ក៏ដូចជាថ្នាំឱសថ វ៉ាក់សាំង ឧបករណ៍ និងបរិក្ខារពេទ្យ។

ធ្ងន់ធ្ងរជាងនេះទៅទៀត ជម្លោះបានរុញច្រានប្រទេសស៊ូដង់ ចូលទៅក្នុងវិបត្តិ មនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ កាលពីថ្ងៃទី ២៩ ខែមីនា ប្រព័ន្ធចាត់ថ្នាក់ដំណាក់កាលសន្តិសុខ ស្បៀងអាហារ (IPC) របស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជន ស៊ូដង់ជិត ៥ លាននាក់មានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលក្នុងនោះ មនុស្ស ៣,៦ លាន នាក់ជាកុមារអាយុក្រោម ៥ ឆ្នាំ និង ១,២ លាននាក់ជាស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន។ យោងតាមលោក Justin Brady នាយកការិយាល័យសម្របសម្រួលសកម្មភាព មនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ សោកនាដកម្មនេះ ជាគ្រោះអាសន្នជាពិសេសសម្រាប់កុមារ៖

 “សង្គ្រាមនេះគឺធ្ងន់ធ្ងរពិសេសចំពោះកុមារ។ កុមារប្រមាណ ៧៣ ម៉ឺននាក់កំពុង ទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ បើគ្មានការជួយឧបត្ថម្ភជាបន្ទាន់ កុមារជាង ២០ ម៉ឺននាក់អាចស្លាប់ដោយសារភាពអត់ឃ្លានក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះជាពុំខាន”។

អ្វីដែលគួរឲ្យបារម្ភជាងនេះទៅទៀត វិបត្តិនៅស៊ូដង់កំពុងរីករាលដាលដល់ប្រទេសជិត ខាងផ្សេងទៀត ដែលកំពុងជួបការលំបាករួចទៅហើយផងដែរ។ លោក Michael Dunford នាយកតំបន់អាហ្វ្រិកខាងកើតនៃកម្មវិធីស្បៀងអាហាររបស់អង្គការសហ ប្រជាជាតិ (WFP) បាននិយាយថា៖

“ជនភៀសខ្លួនស៊ូដង់បានសម្រុកចូលក្នុងប្រទេសឆាដ និងស៊ូដង់ខាងត្បូង ជាប្រទេសពីរ ដែលក៏ស្ថិតក្នុងស្ថានភាពអស្ថិរភាពខ្លាំងរួចទៅហើយ។ បច្ចុប្បន្ន ស៊ូដង់ ខាងត្បូងត្រូវទទួលយកជនភៀសខ្លួនស៊ូដង់ជាង ៦០ ម៉ឺននាក់ ខណៈដែល ៧៥% នៃចំនួនប្រជាជនរបស់ប្រទេសនេះ ក៏ត្រូវការជំនួយមនុស្សធម៌។ ដូច្នេះ WFP និងអង្គ ការផ្សេងទៀតមិនអាចបំពេញតម្រូវការទាំងអស់បានទេ”។

ប្រទេសស៊ូដង់នៅតែលិចលង់ក្នុងអំពើហិង្សាក្រោយពីជម្លោះអស់រយៈពេលមួយឆ្នាំ - ảnh 2ជនភៀសខ្លួនស៊ូដង់នៅមន្ទីរពេទ្យក្នុងទីក្រុង Adre ប្រទេសឆាដ។ (រូបថត៖ រ៉យទ័រ)

ជម្លោះដែលត្រូវបានបំភ្លេចចោល

ទោះបីជាសោកនាដកម្មមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ក៏ដោយ ប៉ុន្តែការងារជួយសង្គ្រោះជនស៊ីវិលនៅក្នុងប្រទេសអាហ្វ្រិកខាងកើតនេះ នៅតែប្រឈមមុខនឹងការ ព្រងើយកន្តើយពីសហគមន៍អន្តរជាតិ។ យោងតាមអង្គការសហប្រជាជាតិ ទីភ្នាក់ងារ មនុស្សធម៌របស់អង្គការនេះ ត្រូវការថវិកាយ៉ាងហោចណាស់ ២,៧ ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំនេះ ដើម្បីផ្គត់ផ្គង់អាហារ សម្ភារៈបរិក្ខារពេទ្យ និងតម្រូវការផ្សេង ទៀតសម្រាប់ប្រជាជនស៊ូដង់ចំនួន ២៤ លាននាក់ ស្មើនឹងជិតពាក់កណ្តាលនៃចំនួន ប្រជាជនសរុបរបស់ស៊ូដង់ (៥១ លាននាក់)។ ទោះជាយ៉ាងណាក៏ដោយ តួរលេខដែល ផ្តល់ដោយ OCHA បង្ហាញថា គិតត្រឹមដំណាច់ខែមីនាឆ្នាំនេះ ម្ចាស់ជំនួយទើបបាន សន្យាផ្តល់តែ ១៤៥ លានដុល្លារដល់ស៊ូដង់ ឬប្រហែល ៥% នៃតម្រូវការប៉ុណ្ណោះ។

ក្នុងពេលនេះ កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីស្វែងរកដំណោះ ស្រាយបញ្ឈប់ជម្លោះ និងកសាងដំណោះស្រាយនយោបាយសម្រាប់ស៊ូដង់នៅតែ ជាប់គាំងនៅឡើយ។ ក្នុងកិច្ចប្រជុំថ្មីបំផុតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិស្តីពីស្ថានការណ៍នៅស៊ូដង់ កាលពីដើមខែមីនា បណ្ដាភាគីមិនអាចដាក់ ចេញដំណោះស្រាយដែលអាចធ្វើទៅបានណាមួយ នាពេលខាងមុខ ក្រៅពីការអំពាវ នាវឱ្យមានការឈប់បាញ់ភាគីពាក់ព័ន្ធចូលរួមជម្លោះ។

គួរកត់សម្គាល់ថា ប្រទេសមួយ ចំនួននៅតែបន្តរិះគន់គ្នាទៅវិញទៅមកចំពោះការជ្រៀតជ្រែកចូលក្នុងជម្លោះនៅស៊ូដង់ ហើយធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត។ ភាពជាប់គាំងនេះបានបង្ខំឱ្យ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវព្រមានថា៖

“ជម្លោះកំពុងបង្កឡើងផលវិបាកជាមហន្តរាយទៅលើប្រជាជនស៊ូដង់ ដែលបំផ្លាញឯកភាពនៃប្រទេសនេះ។ ឥឡូវនេះ មានហានិភ័យដ៏ធ្ងន់ធ្ងរដែលជម្លោះនេះ អាចបង្កឱ្យមានអស្ថិរភាពក្នុងតំបន់ ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលលាត សន្ធឹងពីតំបន់ Sahel ដល់តំបន់ស្នែងអាហ្វ្រិក និងសមុទ្រក្រហម”។

នៅពេលខាងមុខ ជម្លោះនៅស៊ូដង់កំពុងគំរាមកំហែងដោយផ្ទាល់ដល់ទំនាក់ ទំនងរវាងប្រទេសនេះ ជាមួយស៊ូដង់ខាងត្បូង ដែលបានបំបែកចេញពីស៊ូដង់ជាងមួយ ទសវត្សរ៍មុន។ មិនត្រឹមតែធ្វើឲ្យស៊ូដង់ខាងត្បូងទទួលរងសម្ពាធយ៉ាងខ្លាំងពីលំហូរ ជនភៀសខ្លួនប៉ុណ្ណោះទេ ជម្លោះនៅស៊ូដង់ក៏បានបណ្ដាលឲ្យអស្ថិរភាពកើនឡើងនៅ តាមព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងបំផ្លាញសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងបំពង់បង្ហូរប្រេងពីស៊ូដង់ខាងត្បូងដែលឆ្លងកាត់ ដែនដីសូដង់ទៅកាន់កំពង់ផែ ស៊ូដង់នៅសមុទ្រក្រហម ទៀតផង។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានព្រមានថា ប្រសិនបើជម្លោះនៅស៊ូដង់អូសបន្លាយ ប្រទេសទាំងពីរអាចវិលទៅរកស្ថានភាពអរិភាព ដូចប៉ុន្មានឆ្នាំមុន ដែលរុញតំបន់នេះចូលទៅក្នុងភាពវឹកវរថ្មីកាន់តែធ្ងន់ធ្ងរជាងនេះទៀត៕

ប្រតិកម្មទៅវិញ