នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍ដ៏ចំណានមួយរូប ដែលត្រូវបានពិភពលោកកោតសរសើរ

Chia sẻ
(VOVWORLD) - ចាប់តាំងពីពេលដឹកនាំកងទ័ពប្រជាជនវៀតណាមទទួលបានជ័យជម្នះក្នុងការប្រយុទ្ធនៅសមរភូមិ Dien Bien Phu ភ្លូកទឹកភ្លូកដី ឆ្នាំ ១៩៥៤ រហូតមកដល់បច្ចុប្បន្ននេះ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap មិនត្រឹមតែជាឧត្តមសេនីយ៍ដែលមានទេពកោសល្យដ៏ចំណានមួយរូប ក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឧត្តមសេនីយ៍នៃរឿងព្រេងនិទាន ដែលត្រូវបានពិភពលោកទទួលស្គាល់ទៀតផង។ 
នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍ដ៏ចំណានមួយរូប ដែលត្រូវបានពិភពលោកកោតសរសើរ - ảnh 1លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap  (រូបថត៖ TTXVN)

ឬទ្ធានុភាពនយោបាយ និងឧត្តមគតិដ៏ឧត្តុង្គឧត្តមរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានអូសទាញសហគមន៍អន្តរជាតិគោរពកោតសរសើរ មិនត្រឹមតែបណ្តាប្រទេសលោកខាងលិចប៉ុណ្ណោះទេ ថែមទាំងប្រទេសដែលធ្លាប់ជាសត្រូវរបស់វៀតណាមក៏ត្រូវ “ដោះមួក ឱនកាយគោរព” ចំពោះយុទ្ធជ័យ ដែលត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រយោធាពិភពលោករបស់លោកផងដែរ។ សូមអញ្ជើញប្រយិយមិត្តក្រឡែកមើលឡើងវិញរាល់ការកោតសរសើររបស់សហគមន៍អន្តរជាតិចំពោះលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងឱកាសរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោក  (២៥ សីហា ១៩១១-២៥ សីហា ២០២១) ។

លោកនាយឧត្តមសេនីយ៍ Marcel Bigeard អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ឧត្តមសេនីយ៍ដ៏ល្បីឈ្មោះម្នាក់ដែលធ្លាប់ចូលរួមបញ្ជាកងទ័ពបារាំងក្នុងសមរភូមិ Dien Bien Phu បានធ្វើអត្ថាធិប្បាយថា៖“ ជាមួយនឹងជ័យជំនះ Dien Bien Phu លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានបញ្ជាកងទ័ពរបស់លោកប្រកបដោយជោគជ័យអស់រយៈពេលជាង ៣០ ឆ្នាំកន្លងទៅ។ ប្រការនេះបានបង្កើតឡើងកម្លាំងពលំដែលមិនធ្លាប់មានពីមុនមក ... "។ តទល់ខជាមួយលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅលើរណសិរ្ស Dien Bien Phu ប៉ុន្តែអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោក Marcel Bigeard នៅតែត្រូវទទួលស្គាល់ថា៖“ នាគ្រានោះ ប្រសិនបើខ្ញុំជាជនជាតិវៀតណាមមួយរូប ខ្ញុំក៏នឹងក្លាយទៅជាវៀតមិញផងដែរ” ។ ប្រការនេះបានសរឲ្យឃើញ ពីសមត្ថភាពបញ្ចុះបញ្ចូលរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ចំពោះមនុស្សគ្រប់គ្នា ថែមទាំងសត្រូវទៀតផង។ លោក Bigeard បានបន្ថែមថា“ មិនថាឥឡូវនេះទេ ពោលគឺជារៀងរហូត ខ្ញុំមានជំនឿជាក់ថា ជីវិតនិងបុព្វហេតុនៃរឿងព្រេងនិទានរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជានិច្ចកាលជាគំរូ និងជាមោទនភាពរបស់ជនជាតិវៀតណាមគ្រប់រូប” ។

នៅអាមេរិក លោកនាយឧត្តមសេនីយ៍ Westmoreland មេបញ្ជាកាកងទ័ពប្រយុទ្ធនៅបរទេសរបស់សហរដ្ឋអាមេរិក នៅសមរភូមិឥណ្ឌូចិន ហើយលោកក៏ជាអ្នកធ្លាប់បានតទល់នឹងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងកំឡុងឆ្នាំតស៊ូប្រឆាំងអាមេរិករបស់វៀតណាមបានធ្វើការអត្ថាធិប្បាយថា“ គុណធម៌ទាំងអស់បាន ក្លាយទៅជាអគ្គមេបញ្ជាការយោធាដ៏អស្ចារ្យ ដូចជាការប្តេជ្ញាចិត្ត កម្លាំងស្មារតី សមត្ថភាពបញ្ញា សកម្មភាព ភាពវៃឆ្លាត។ ប្រការទាំងនេះគឺបានស្ថិតក្នុងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap - អគ្គមេបញ្ជាការដ៏អស្ចារ្យមួយរូប” ។

នៅលើពិភពលោកក៏មានសៀវភៅប្រវត្តិសាស្ត្រ ខ្សែភាពយន្ដឯកសារជាច្រើន អំពីជីវិត បុព្វហេតុ និងទេពកោសល្យយោធាដ៏កម្ររបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ ក្នុងសៀវភៅ " Giap an assessment "លោកនាឧត្តមសេនីយ៍អង់គ្លេស Peter Macdonald ដែលជាអ្នកវិភាគយុទ្ធសាស្ត្របានសរសេរថា " លោក Vo Nguyen Giap បានធ្វើជាអគ្គមេបញ្ជាការកងទ័ពអស់រយៈពេល ៣០ ឆ្នាំ និងចូលរួមការត្រេះរិះនយោបាយនៅកម្រិតខ្ពស់បំផុតអស់រយៈពេលប្រមាណ ៥០ ឆ្នាំ នោះ គឺ ជាព្រឹត្តិការណ៍ពីរដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ លើសពីនេះទៅទៀត វាពិបាកក្នុងការប្រៀបធៀបលោកជាមួយឧត្តមសេនីយ៍ដទៃទៀតណាស់ ព្រោះនេះជាការរួមបញ្ចូលគ្នារវាងសង្គ្រាមវាយឈ្លប និងសង្គ្រាមតាមរបៀបរាបរយនៅកម្រិតដូច្នេះ គឺមិនធ្លាប់មានតាំងពីមុនមក។ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានសរឲ្យឃើញនូវគុណសម្បត្តិយុទ្ធសាស្ត្រនៅគ្រប់វិស័យសំខាន់ៗនៃសង្គ្រាម”។ លោកប្រវត្តិវិទូ Stanley Karnow បានរៀបចំណាត់ថ្នាក់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ស្មើនឹងមេដឹកនាំយោធាល្បីឈ្មោះនៅលើពិភពលោក៖ “លោកមានភាពស្មើគ្នាជាមួយមេដឹកនាំយោធាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជា Grant, Lee, Rommel និង MacArthur”។ និយាយអំពីលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នោះ “ សព្វវចនាធិប្បាយយោធា” នៃក្រសួងការពារជាតិអាមេរិក ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ ១៩៩៣ បានសរសេរថា៖ “ទេពកោសល្យរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អំពីយុទ្ធសាស្ត្រ យុទ្ធវិធី និងភស្តុភារ ត្រូវបានរួមបញ្ចូលគ្នាយ៉ាងល្អប្រសើរជាមួយនយោបាយនិងការទូត។ កម្លាំងលើសលប់អំពីសេដ្ឋកិច្ច ភាពជឿនលឿនអំពីបច្ចេកវិទ្យា រួមជាមួយអំណាចយោធាដ៏ខ្លាំងក្លារបស់បណ្ដាប្រទេសលោកខាងលិច គឺត្រូវចុះញ៉មចំពោះទេពកោសល្យរបស់លោកនាយឧត្តមសេនីយ៍មួយរូប ដែលធ្លាប់ជាគ្រូបង្រៀនប្រវត្តិសាស្ត្រផងដែរ“។ សៀវភៅនាយឧត្តមសេនីយ៍ល្បី ៗ” ដែលបានបោះពុម្ភផ្សាយនៅទីក្រុងឡុងដ៍ បានសរសេរថា“ លោក Vo Nguyen Giap គឺជាមេទ័ពល្បីឈ្មោះមួយរូប ក្នុងចំណោមមេទ័ពល្បីឈ្មោះទាំង ២១ រូប របស់ពិភពលោក ក្នុងសតវត្សរ៍កន្លងទៅ…ដែលជាឥស្សរជនមានយុទ្ធជ័យបង្កើតរបត់នៃសិល្បៈសង្គ្រាម”។

នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍ដ៏ចំណានមួយរូប ដែលត្រូវបានពិភពលោកកោតសរសើរ - ảnh 2រូបថតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅលើទស្សនាវដ្តី Time របស់អាមេរិក  (ប្រភព៖ Time)

ទីភ្នាក់ងារសារព័ត៌មានឈានមុខនៅលើពិភពលោកសុទ្ធតែបានកោតសរសើរលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅពេលសរសេរអំពីលោក។ ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានចាត់ទុកថាលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជា“ អ្នកយុទ្ធសាស្ត្រយោធាដ៏មហិមាបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រ” ហើយជាស្ថាបត្យករនៃជ័យជំនះប្រឆាំងពួកអាណានិគមបារាំង និងប្រឆាំងចក្រពត្តិអាមេរិក។ ភ្នាក់ងារសារព័ត៌មាន Reuters (ចក្រភពអង់គ្លេស) បានវាយតម្លៃថា លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជាឧត្ដមសេនីយ៍មួយរូបក្នុងចំណោមឧត្តមសេនីយ៍ដ៏មហិមាបំផុតទាំង ១០ នៅគ្រប់យុគសម័យ។

ចំណេះដឹងនិងទេពកោសល្យផ្នែកយោធារបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap សុទ្ធតែត្រូវបានលោកសិក្សាដោយខ្លួនឯង ពីប្រវត្តិសាស្ត្រប្រឆាំងនឹងសត្រូវបរទេសឈ្លានពាន របស់ប្រជាជាតិវៀតណាម និងប្រវត្តិសាស្ត្រយោធាពិភពលោក រួមជាមួយការហាត់ពត់លត់ដំខ្លួន និងការដក់បទពិសោធន៍តាមរយៈការប្រយុទ្ធជាក់ស្ដែងរបស់កងទ័ពប្រជាជនវៀតណាម ។ ប្រការនេះបានបង្តើតភាពខុសប្លែករបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលធ្វើឱ្យពិភពលោកកោតសរសើរ និងលើកតម្កើងជាឧត្តមសេនីយ៍ដ៏ល្បីឈ្មោះមួយរូប ដែលជាឧត្តមសេនីយ៍ឆ្នើមបំផុតមួយរូប ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជា ជាឥស្សរជនមួយរូប ក្នុងចំណោមឥស្សរជនតិចតូច ដែលមានលទ្ធភាពផ្លាស់ប្តូរដំណើរប្រវត្តិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ