ទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មាននិងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មាន

Chia sẻ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៧ ទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២២) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកនៃវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានអញ្ជើញរំលឹកឡើងវិញនូវការរួមចំណែកដ៏ធំធេងរបស់សារព័ត៍មានចំពោះបុព្វហេតុ ការ ពារនិងកសាងប្រទេសជាតិ។ ទន្ទឹមនឹងនោះ មានការវាយតម្លៃ និងយោបល់យ៉ាងជ្រាលជ្រៅលើនិន្នាការអភិវឌ្ឍន៍នៃសារព័ត៌មាន ក៏ដូចជាតម្រូវការ និងទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មានក្នុងសម័យបច្ចុប្បន្ន ពោលគឺជាសម័យផ្ទុះឡើងបច្ចេកវិទ្យា និងព័ត៌មាន។

ទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មាននិងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មាន - ảnh 1លោក Do Tien Sy សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) សមាជិករដ្ឋសភានីតិកាលទី១៥ (រូបថត៖ VOV)

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានអះអាងថា ក្នុងដំណើរដ៏រុងរឿង ៩៧ ឆ្នាំកន្លងមក សារព័ត៌មានបដិវត្តន៍វៀតណាមបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ក្នុងការតម្រង់ទិសមតិសាធារណៈ ដោយឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការតស៊ូប្រឆាំងអាណានិគមនិយម ចក្រពត្តិនិយម និងការពារមាតុភូមិសង្គមនិយម។ ក្នុងសម័យកាលបច្ចុប្បន្ន សារព័ត៌មានបដិវត្តន៍វៀតណាមត្រូវតែបង្ហាញកាន់តែល្អជាងពីទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម  ហើយដាក់ផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជាតិជាចម្បង។

ទំនួលខុសត្រូវសង្គមដ៏ធំធេងរបស់សារព័ត៌មាននិងអ្នកសារព័ត៌មាន

ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម អ្នកសារព័ត៌មានត្រូវបង្កើតផលិតផលសារព័ត៌មានដោយបេះដូង និងចក្ខុវិស័យ មានអត្ថន័យសម្រាប់ជីវភាពនិងឆ្លុះបញ្ចាំងពីបញ្ហាសេដ្ឋកិច្ច នយោបាយ និងសង្គម តាមរបៀបដែលធ្វើឱ្យជីវិត និងសង្គមល្អ។ ជាពិសេស ក្នុងបរិបទនៃការផ្ទុះព័ត៌មាននៃយុគសម័យ ៤.០ ទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មានកំពុងកើនឡើង។ ដូច្នេះហើយ អ្នកសារព័ត៌មានមិនត្រឹមតែមានទំនួលខុសត្រូវក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលានិងស្របតាមហេតុការណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានត្រឹមត្រូវ និងតម្រង់ទិសច្បាស់លាស់ផងដែរ។ អគ្គនាយកវិទ្យុសម្លេងវៀតណាម  លោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ “នាសព្វថ្ងៃនេះ សាធារណជនទទួលបានព័ត៌មានពីប្រភពផ្សេងៗគ្នាជាច្រើន។ ក្នុងនោះមានប្រភពព័ត៌មានក្លែងក្លាយជាច្រើន បង្កើតដោយចេតនាក្នុងបំណងបំបែកបំបាក់ បង្កើតឡើងការយល់ច្រលំ ឬពេលខ្លះគ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ ទំនួលខុសត្រូវរបស់អ្នកសារព័ត៌មានគឺជាមួយនឹងជំនាញ និងលទ្ធភាពទទួលបានព័ត៌មាន ការផ្តល់ព័ត៌មានត្រឹមត្រូវ តម្លាភាព និងបរានុម័ត ដើម្បីសាធារណជនមានទស្សនៈកាន់តែត្រឹមត្រូវ។ នៅឯវិទ្យុសម្លេង យើងដឹងថា ទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មាននីមួយៗនៅក៏ជាទំនួលខុសត្រូវចំពោះការបញ្ចេញមតិនៅលើបណ្តាញសង្គមផងដែរ។ នាពេលថ្មីៗនេះ វិទ្យុសម្លេងវៀតណាមបានបំពេញបន្ថែម និងកែសម្រួលក្រមច្បាប់សម្រាប់ការប្រើប្រាស់បណ្ដាញសង្គមសម្រាប់បុគ្គលិកទាំងអស់។ ព្រោះយើងដឹងច្បាស់ហើយ សំឡេងអ្នកកាសែតមានឥទ្ធិពលខ្លាំងដល់សាធារណជន”។

ការផ្លាស់ប្តូរឌីជីថល ដែលជានិន្នាការអភិវឌ្ឍន៍ចាំបាច់របស់សារព័ត៌មាន

ទាក់ទិននឹងនិន្នាការអភិវឌ្ឍន៍នៃសារព័ត៌មាន អគ្គនាយកវិទ្យុសម្លេងវៀតណាមបានបញ្ជាក់ថា ការផ្លាស់ប្តូរឌីជីថលគឺជាជម្រើសតែមួយរបស់ទីភ្នាក់ងារសារព័ត៌មាន។ ការផ្លាស់ប្តូរឌីជីថលជួយភ្នាក់ងារសារព័ត៌មានផ្លាស់ប្តូរយ៉ាងទូលំទូលាយនូវរបៀបដំណើរការ គ្រប់គ្រង និងអនុវត្តបច្ចេកវិទ្យាក្នុងដំណើរការផលិត និងការចែកចាយខ្លឹមសារ។

នៅវិទ្យុសម្លេងវៀតណាម បញ្ហាផ្លាស់ប្តូរឌីជីថលត្រូវបានយកចិត្តទុកដាក់ និងផ្សព្វផ្សាយជាពិសេស។ ជាមួយនឹងឋានៈជាទីភ្នាក់ងារសារព័ត៌មានពហុទ្រង់ទ្រាយ ពហុប្រព័ន្ធផ្សព្វផ្សាយ និងពហុភាសា វិទ្យុសម្លេងវៀតណាមកំពុងខិតខំអភិវឌ្ឍន៍ឱ្យកាន់តែលឿន និងទូលំទូលាយជាង។ ជាពិសេស វិទ្យុសម្លេង វៀតណាមបានកំណត់ថា  រួមជាមួយនឹងការជ្រើសរើសបច្ចេកវិទ្យាត្រឹមត្រូវ និងវិនិយោគថវិការ ដើម្បីបង្កើតឧបករណ៍ប្រកបដោយប្រសិទ្ធភាព កត្តាសំខាន់បំផុតសម្រាប់ការផ្លាស់ប្តូរឌីជីថលនៅវិទ្យុគឺជាធនធានមនុស្ស។ ដូច្នោះហើយ ការផ្លាស់ប្តូរឌីជីថលគឺមិនត្រឹមតែដាក់ការងារផ្សព្វផ្សាយព័ត៌មានទាំងអស់តាមអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងត្រូវផ្លាស់ប្តូរវិធីសាស្រ្តនៃប្រតិបត្តិការ ការត្រេះរិះលើប្រធានបទ និងវិធីសាស្ត្រផ្តល់ព័ត៌មានដល់សាធារណជនផងដែរ។ អគ្គនាយកលោក Do Tien Sy បានបញ្ជាក់ថា៖  “ក្រុមអ្នក យកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសរបស់ស្ថានីយ៍វិទ្យុ កំពុងតែត្រៀមខ្លួនជាស្រេច ដើម្បីផ្លាស់ប្តូរវិធីសាស្ត្រអភិក្រមរបស់ខ្លួន។ ពោលគឺ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការឆាប់រហ័សនិងមានប្រសិទ្ធភាពជាង។ អ្នកយកព័ត៌មានឥឡូវនេះមិនត្រឹមតែត្រូវសរសេរព័ត៌មានប៉ុណ្ណោះទេ ពួកគេត្រូវតែមានជំនាញជាច្រើនទៀតដូចជា ជំនាញផលិតកម្មក្នុងវិស័យសារព័ត៌មានតាមរយៈមធ្យោបាយជាច្រើន ជំនាញផ្សាយផ្ទាល់នៅទីកន្លែងជាក់ស្តែង ជំនាញក្នុងការចែកចាយខ្លឹមសារនៅលើវេទិការឌីជីថល ឬក៏ជំនាញសម្របសម្រួលរវាងភ្នាក់ងារសារព័ត៌មាននានាដើម្បីសរសេរឡើងព័ត៌មានសំយោគ...។ អាចបញ្ជាក់បានថា ការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា និងមេកានិចនឹងមិនមានន័យច្រើនទេ ប្រសិនបើអ្នកយកព័ត៌មាន និងអ្នកនិពន្ធមិនដឹងពីរបៀបប្រើប្រាស់ ហើយមិនត្រៀមខ្លួនរួចជាស្រេចដើម្បីរៀនសូត្រនិងធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាថ្មី”។

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បាននិយាយថា ទោះបីជាបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណាក៏ដោយ AI (បញ្ញាសិប្បនិម្មិត) ឆ្លាតវៃប៉ុណ្ណា អាចជួយអ្នកសារព័ត៌មានយល់ច្បាស់ពីសាធារណជនយ៉ាងណា ប៉ុន្តែបញ្ហាស្នូលគឺប្រភពធនធានមនុស្ស គឺជាអ្នកកាសែតដែលកំពុងមានវត្តមាននៅគ្រប់ច្រកល្ហកនៃជីវភាពប្រចាំថ្ងៃ ជាមួយក្រមសីលធម៌វិជ្ជាជីវៈងបរិសុទ្ធ ជាមួយនឹងទំនួលខុសត្រូវសង្គមដ៏ថ្លៃថ្នូរបស់ខ្លួន។ អ្នកទាំងនោះគឺជាអ្នកដឹកនាំនិងតម្រង់ទិសមតិសាធារណៈ ដឹកនាំមនុស្សឱ្យឆ្ពោះទៅរកភាពស្រស់ស្អាតនៃសច្ចៈ ភាពល្អ-សោភណ្ឌ៕

ប្រតិកម្មទៅវិញ