ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីត្រូវបានពង្រឹង និងពង្រីកថែមទៀត

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១។ នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់ ដោយគូសសញ្ញាខួបលើកទី ៧១ ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី លើកទី ២០ ឆ្នាំ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងខួបលើកទី ១០ ឆ្នាំ ដែលប្រទេសទាំងពីរបានប្រកាសសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀត។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីត្រូវបានពង្រឹង និងពង្រីកថែមទៀត - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ VNA)

កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង

ក្នុងរយៈពេលកន្លងទៅ ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែជំនួបប្រាស្រ័យទាក់ទងគ្នាតាមអនឡាញ និងកិច្ចសន្ទនាជាន់ខ្ពស់តាមទូរស័ព្ទនៅតែត្រូវបានរក្សាជាប្រចាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យត្រូវបានជំរុញយ៉ាងខ្លាំងក្លា ដោយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ក្នុងនោះប្រេងឧស្ម័នបន្តជាចំណុចភ្លឺក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សហគ្រាសសារជីវកម្ម Vietsovpetro បានបន្តរក្សាកិច្ចសហប្រតិបត្តិការដល់ឆ្នាំ ២០៣០។ ក្នុងពេលនោះ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នធំៗរបស់រុស្ស៊ី ដូចជា៖ Gazprom, Rosneft និងសហគ្រាជាច្រើនទៀតកំពុងអនុវត្តន៍គម្រោងសហប្រតិបត្តិការជាច្រើននៅវៀតណាម។ លើសពីនេះទៅទៀត សហគ្រាសប្រេងឧស្ម័ននៃប្រទេសទាំងពីរកំពុងពិចារណាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាអគ្គិសនីឧស្ម័ន ថាមពលរាវ ថាមពលកកើតឡើងវិញ។ លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម GSBezdetko បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខ របស់រុស្ស៊ីក្នុងចំណោមប្រទេសអាស៊ាន។ តាមតួរលេខស្ថិតិឆ្នាំ ២០២០ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥,៧ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០១៩)។ ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ កាលពីឆ្នាំ ២០២០ គម្រោងថ្មីចំនួន ៩ ដែលមានដើមទុនវិនិយោគរបស់រុស្ស៊ីត្រូវបានចុះបញ្ជីនៅវៀតណាម ដោយមានដើមទុនសរុបចំនួន ៩៤៤ លានដុល្លារអាមេរិកផងដែរ”។

ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ដែលចូលជាធរមានកាលពីឆ្នាំ ២០១៦ ហើយរុស្ស៊ីជាប្រទេសហត្ថលេខីនោះ បណ្ដាសហគ្រាសរបស់រុស្ស៊ីបានបើកទូលាយការនាំចេញទំនិញចូលមកវៀតណាម និងបណ្ដាប្រទេសអាស៊ាន។ យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា បច្ចុប្បន្ននេះ មានសហគ្រាសវៀតណាមជាង ៩០០ អង្គភាពបានធ្វើការនាំចេញទំនិញទៅកាន់សហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប។ ក្នុងនោះ ល្បឿនកំណើនពាណិជ្ជកម្មជាមួយរុស្ស៊ីសម្រេចបាន ៣០ % ក្នុងមួយឆ្នាំ។

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនោះ រុស្ស៊ីក៏ជាដៃគូនាំមុខគេដ៏សំខាន់របស់វៀតណាមលើវិស័យបច្ចេកវិទ្យាយោធាផងដែរ។ ភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន កិច្ចសហប្រតិបត្តិការអប់រំ ទេសចរណ៍ និងជំនួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន ជាមួយប្រជាជន។

លើលពីនេះទៅទៀតរុស្ស៊ីបានគោរពទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម ព្រមទាំងគោរពទំនាក់ទំនងជាមួយអាស៊ាន ទៀតផង។ រុស្ស៊ីបានគាំទ្រគោលជំហររបស់វៀតណាមស្ដីពីការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី មិនប្រើប្រាស់អាវុធ  ឬគំរាមកំហែងប្រើប្រាស់អាវុធ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាង ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីត្រូវបានពង្រឹង និងពង្រីកថែមទៀត - ảnh 2លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម G.S. Bezdetko 

ដំណើរទស្សនកិច្ចបើកចេញទិសដៅសហប្រតិបត្តិការថ្មីជាច្រើន

ក្នុងសន្ទុះនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនោះដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកនេះរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានអត្ថន័យដ៏សំខាន់ ដោយជំរុញកម្មវិធីសហប្រតិបត្តិការនាបច្ចុប្បន្ន ព្រមទាំងបើកចេញទិសដៅសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។  លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម G.S. Bezdetko បានឲ្យដឹងថា៖ “យើងខ្ញុំមានក្ដីសង្ឈឹមថា ក្នុងដំណើរទស្សនកិច្ចថ្នាក់កំពូលលើកនេះ  មេដឹកនាំនៃប្រទេសទាំងពីរនឹងធ្វើការពិភាក្សាលម្អិតស្ដីពីការបន្តពង្រឹង និងសុក្រិតរចនាសម្ព័ន្ធពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី និងមានយថាទស្សន៍ថ្មី។ យើងខ្ញុំចាប់អារម្មណ៍អំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនកងទ័ព និងប្រជាជនវៀតណាមនៅសាកលវិទ្យាល័យឯកទេសរុស្ស៊ីផងដែរ”។

ទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាម គឺជាទំនាក់ទំនងដែលមានលក្ខណៈមិត្តភាពជាប្រពៃណី និងគួរឲ្យជឿទុកចិត្ត ដោយបានជំនះពុរពារលើការសាកល្បងនៃពេលវេលា ដោយសម្រេចបានជោគជ័យលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមទៅកាន់រុស្ស៊ីលើកនេះ បានសរឲ្យឃើញជាថ្មីម្ដងទៀតនូវការគោរពដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះទំនាក់ទំនង វៀតណាម - រុស្ស៊ី ដោយរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងមិត្តភាព ក៏ដូចជាបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ