ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងម៉ុងហ្គោលី; បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអៀរឡង់

Chia sẻ

(VOVWORLD) - ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា រហូតដល់ថ្ងៃទី ៧ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី និងអៀរឡង់; ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង។ នេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ពិសេសរបស់វៀតណាមក្នុងឆ្នាំនេះ ដោយអនុវត្តន៍គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនោះគឺវៀតណាមធ្វើជាមិត្ត និងដៃគូគួរឲ្យទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ។

ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងម៉ុងហ្គោលី; បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអៀរឡង់ - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី និងអៀរឡង់; ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង។ (រូបថត៖ VOV)

ម៉ុងហ្គោលី និងអៀរឡង់ ជាប្រទេសដំបូងគេចំនួន ២ ក្នុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លើកនេះ។ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ម៉ុងហ្គោលី និងទំនាក់ទំនងមិត្តភាពវៀតណាម-អៀរឡង់មានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីវៀតណាមបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសទាំងពីរនេះមក។

ទំនាក់ទំនងរវាងវៀតណាម និងម៉ុងហ្គោលី៖ ពេលវេលាដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី

វៀតណាម និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥៤ ហើយឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧០ នៃព្រឹត្តិការណ៍ដ៏សំខាន់នេះ (១៧ វិច្ឆិកា ១៩៥៤ - ១៧ វិច្ឆិកា ២០២៤)។ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យនានាត្រូវបានប្រទេសទាំងពីរអនុវត្តន៍យ៉ាងសកម្ម និងទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។ វាយតំលៃប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ុងហ្គោលី លោក Nguyen Tuan Thanh បានអះអាងថា៖

“ទំនាក់ទំនងនយោបាយ ការទូត សន្តិសុខ និងការពារជាតិមានការអភិវឌ្ឍជាវិជ្ជមាន ប្រទេសទាំងពីរសម្រេចបានការយល់ដឹងនិងការជឿទុកចិត្តខ្ពស់ខាងនយោបាយ និងអាទិភាពក្នុងការអភិវឌ្ឍទំនាក់ទំនង។ ភាគីទាំងពីរបានបង្កើតយន្តការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពសហប្រតិបត្តិការជាក់ស្ដែង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគត្រូវបានជំរុញយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២-៣ ដងក្នុងរយៈពេលកន្លងមក ពី ៤១,៤ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ដល់ ៨៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ និងឈានដល់ ១៣២ លានដុល្លារក្នុងឆ្នាំ ២០២៣”។

ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងម៉ុងហ្គោលី; បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអៀរឡង់ - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ុងហ្គោលី លោក Nguyen Tuan Thanh។ (រូបថត៖ VOV)

នៅក្នុងបរិបទអន្តរជាតិ និងតំបន់ដែលបន្តមានការប្រែប្រួលជាច្រើន ប្រទេសទាំងពីរជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការមិត្តភាព ហើយមានបំណងចង់ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពថែមទៀត។ លោកឯកអគ្គរដ្ឋទូត Nguyen Tuan Thanh បានឲ្យដឹងថា៖

“ភាគីទាំងពីរត្រូវផ្តោតសំខាន់លើការជំរុញការអនុវត្តឱ្យបានល្អនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រៀបខ្លាំងខាងសេដ្ឋកិច្ចរបស់វៀតណាម និងម៉ុងហ្គោលីមិនមានលក្ខណៈប្រកួតប្រជែងទេ ប៉ុន្តែមានលក្ខណៈបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកយ៉ាងខ្ពស់។ ប្រទេសទាំងពីរមានសក្តានុពល និងគុណសម្បត្តិជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទូរគមនាគមន៍ ការអប់រំ និងបណ្តុះបណ្តាល បច្ចេកវិទ្យាព័ត៌មាន ការធ្វើបរិវត្តកម្មឌីជីថល ការរុករកនិងកែច្នៃប្រេងឧស្ម័ន ក៏ដូចជាគម្រោងក្នុងវិស័យថាមពលកកើតឡើងវិញ ដូចជាវាយោអគ្គីសនី និងថាមពលពន្លឺព្រះអាទិត្យផងដែរ”។

តាមការគ្រោងទុក ប្រទេសទាំងពីរនឹងបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ កំពស់ថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគីដែលប្រទេសទាំងពីររំពឹងទុកជាយូរមកហើយ គឺមានអត្ថន័យសំខាន់ចំឱកាសគម្រប់ខួប ៧ ទសវត្សរ៍នៃទំនាក់ទំនងការទូតវៀតណាម-ម៉ុងហ្គោលី។

បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអៀរឡង់ - "ជ្រលង Silicon របស់អឺរ៉ុប"

ក្នុងពេលជាមួយគ្នានោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់អៀរឡង់ គឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អៀរឡង់របស់ប្រមុខរដ្ឋវៀតណាមមួយរូប ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៦ មក។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សែនសំខាន់ ដែលបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

បច្ចុប្បន្ននេះ អៀរឡង់គឺជាដៃគូពាណិជ្ជកម្មធំទី ៦ របស់វៀតណាមនៅក្នុងទីផ្សារសហភាពអឺរ៉ុប (EU) ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២,៧៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែក្នុងឆ្នាំនេះ។ បច្ចុប្បន្នអៀរឡង់មានគម្រោងវិនិយោគចំនួន ៤១ នៅប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបជាង ៤៤,៣ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៦១/១៤១ ប្រទេស និងតំបន់ដែនដី។

ទាក់ទងនឹងនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នវានុវត្តន៍ វិទ្យាសាស្ត្របច្ចេកវិទ្យា ប្រទេសអៀរឡង់ត្រូវបានគេស្គាល់ថាជា "ជ្រលង Silicon របស់អឺរ៉ុប" ហើយជាមជ្ឈមណ្ឌលនៃឱសថនិងបច្ចេកវិទ្យា (អៀរឡង់គឺជាទីកន្លែងដែលមានទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកដូចជា Google, Meta) និងការអប់រំប្រកបដោយគុណភាពខ្ពស់។ ទាំងនេះប្រាកដជាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការដែលនឹងត្រូវបានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លើកយកមកពិភាក្សាជាមួយថ្នាក់ដឹកនាំអៀរឡង់ និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនានារបស់អៀរឡង់ផងដែរ។

អៀរឡង់ក៏កំពុងអនុវត្តន៍គោលនយោបាយ “អៀរឡង់សកល៖ ដាក់ពង្រាយសកម្មភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្នុងនោះវៀតណាមជាដៃគូអាទិភាព។ ភាគីទាំងពីរកំពុងទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យសក្តិសមនឹងសក្ដានុពល និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ។

នៅលើសន្ទុះនៃការអភិវឌ្ឍទំនាក់ទំនងដ៏ល្អប្រសើរជាមួយម៉ុងហ្គោលី និងអៀរឡង់ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទៅកាន់ប្រទេសទាំងពីរលើទ្វីបទាំងពីរនេះ គឺសំដៅបន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីមួយដៃគូនីមួយៗ៕

ប្រតិកម្មទៅវិញ