ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាហ្សាក់ស្ថាន

Chia sẻ

(VOVWORLD) - ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ
វៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong (ថ្ងៃទី ២០ ដល់ថ្ងៃទី ២២ សីហា)។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសដើម្បីឲ្យប្រទេសទាំងពីរបើកជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែមានសក្ដានុពលបើកចំហជាច្រើន។

ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាហ្សាក់ស្ថាន - ảnh 1វៀតណាមនិងកាហ្សាក់ស្ថានបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពី ៣១ ឆ្នាំមុន (ថ្ងៃទី ២៩ មិថុនា ឆ្នាំ១៩៩២- ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣)។ (រូបថត៖ VNA)

វៀតណាម និងកាហ្សាក់ស្ថានបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពី ៣១ ឆ្នាំមុន (ថ្ងៃទី២៩ មិថុនា ឆ្នាំ ១៩៩២- ថ្ងៃទី ២៩ មិថុនា ឆ្នាំ២០២៣)។ ទំនាក់ទំនងមិត្តភាព និងជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន ដែលបានទទួលមរតកពីជំនាន់មុនៗ ត្រូវបានពង្រីកយ៉ាងស៊ីជម្រៅនិងជាក់ស្ដែងដោយឥតឈប់ឈរ។

ទំនាក់ទំនងមិត្តភាពនិងប្រពៃណីសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន

កាហ្សាក់ស្ថាននិងវៀតណាមបានរក្សាទំនាក់ទំនងមិត្តភាពទ្វេភាគី ការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ ការគាំទ្រគំនិតផ្តួចផ្តើមអន្តរជាតិរបស់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិ។ បរិយាកាសមិត្តភាពបានជួយឱ្យភាគីទាំងពីរអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នា ដែលដំបូងបង្អស់គឺវិស័យពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលកាហ្សាក់ស្ថានជាសមាជិកបានចូលជាធរមានក្នុងឆ្នាំ ២០១៦ ហើយបង្កើតកម្លាំងចលករជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កាហ្សាក់ស្ថានទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេសក៏ជាមូលដ្ឋានដ៏សំខាន់ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីផងដែរ។

ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងប្រហែល ៣ ដងបើធៀបនឹងកម្រិតមុនពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EAEU ត្រូវបានចុះហត្ថលេខា។ ទិន្នន័យបង្ហាញថា កាលពីឆ្នាំមុនទំហំពាណិជ្ជកម្មរវាងកាហ្សាក់ស្ថាននិងវៀតណាមសម្រេចបានជិត៦០០លានដុល្លារអាមេរិក។ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១,៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។

ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាហ្សាក់ស្ថាន - ảnh 2ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Yerlan Baizhanov។ (រូបថត៖ dangcongsan.vn)

លើសពីនេះ ការបង្កើតផ្លូវហោះហើរត្រង់រវាងប្រទេសទាំងពីរកាលពីខែតុលាឆ្នាំមុន បានរួមចំណែកជួយសម្រួលដល់ការផ្លាស់ប្តូរគណៈប្រតិភូ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលនានាដូចជា ទេសចរណ៍ និងការដឹកជញ្ជូន ជាដើម។ វៀតណាមបានក្លាយជាអាស័យដ្ឋានដែលទាក់ទាញភ្ញៀវទេសចរកាហ្សាក់ស្ថានជាច្រើន។ ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Yerlan Baizhanov បានចាត់ទុកថា៖

“វៀតណាមនិងកាហ្សាក់ស្ថានមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរតាំងពីសម័យដែលកាហ្សាក់ស្ថាននិងប្រទេសដទៃទៀតស្ថិតនៅក្នុងសហភាពសូវៀត។ ទំនាក់ទំនងនោះបន្តត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ នៅពេលដែលកាហ្សាក់ស្ថានបានក្លាយជាសាធារណរដ្ឋឯករាជ្យមួយ។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារដើម្បីធានាកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អនុស្សរណៈយោគយល់គ្នារវាងនាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការនិងវិនិយោគវៀតណាម និងគណៈកម្មាធិការវិនិយោគ ក្រសួងការបរទេសកាហ្សាក់ស្ថាន។ ប្រទេសយើងទាំងពីរបើទោះបីជាមានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែតាមពិតយើងមានភាពជិតស្និទ្ធគ្នាលើទិដ្ឋភាពជាច្រើន”។

ជំពូកថ្មីនៃទំនាក់ទំនងទ្វេភាគី

ទំនាក់ទំនងដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមនិងកាហ្សាក់ស្ថានបានកសាងនាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះដើម្បីជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Yerlan Baizhanov ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Kassym-Jomart Tokayev នៅវៀតណាម ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារជាច្រើន ដែលសំខាន់បំផុតនោះគឺផែនការសម្របសម្រួលសកម្មភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

“យើងខ្ញុំមានគោលបំណងចង់បង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងឆ្នាំនេះ យើងខ្ញុំឃើញថា មានការផ្លាស់ប្តូរតាមទិសដៅវិជ្ជមាន។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មបានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយគេព្យាករណ៍ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ១ ពាន់លានដុល្លារអាមេរិក។ ចាំបាច់ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយសង្ឃឹមថាយន្តការនេះនឹងដំណើរការប្រកបដោយប្រសិទ្ធភាពសំដៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច”។

ក្នុងរយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក វៀតណាមនិងកាហ្សាក់ស្ថានកំពុងរួមគ្នាឆ្ពោះទៅរកការផ្លាស់ប្តូរផ្នែកគុណភាពក្នុងទំនាក់ទំនងទ្វេភាគី។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokaev បានរួមចំណែកក្នុងការសម្រេចគោលដៅនេះ៕

ប្រតិកម្មទៅវិញ