ខឿនសេដ្ឋកិច្ចវៀតណាមជាមួយសញ្ញាវិជ្ជមានជាច្រើន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៤ មិថុនា ធនាគារពិភពលោក (WB) បានប្រកាសរបាយការណ៍បច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមខែមិថុនា ឆ្នាំ ២០២២ ដោយបានវាយតម្លៃថាសេដ្ឋកិច្ចវៀតណាមនៅតែកំពុងស្ដារឡើងវិញយ៉ាងសកម្ម។ 
ខឿនសេដ្ឋកិច្ចវៀតណាមជាមួយសញ្ញាវិជ្ជមានជាច្រើន - ảnh 1ប្រភព៖ baochinhphu.vn

ចាប់តាំងពីដើមឆ្នាំមក អង្គការអន្តរជាតិនានាក៏បាននាំចេញការព្យាករណ៍សុទិដ្ឋិនិយមមួយចំនួន សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម ដោយមានសញ្ញាល្អប្រសើរជាច្រើនលើវិស័យនានា ក្នុងបរិបទនៃអស្ថិរភាពសកលកើនឡើងក៏ដោយ។

សេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញក្រោយជំងឺរាតត្បាត

របាយការណ៍របស់ WB បាន ចង្អុលបង្ហាញចំណុចភ្លឺជាច្រើននៃខឿនសេដ្ឋកិច្ចវៀតណាម។ តាមនោះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងខែឧសភានៅវៀតណាមបានកើនឡើង ១០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយកំណើននេះស្មើនឹងល្បឿនមុនជំងឺរាតត្បាត។ សន្ទស្សន៍ PMI នៃផ្នែកឧស្សាហកម្មកែច្នៃបានកើនឡើងនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២ ខែកន្លងទៅ។ ការផលិតសម្លៀកបំពាក់ ស្បែកជើង កុំព្យូទ័រ គ្រឿងអេឡិចត្រូនិក និងផលិតផលអុបទិក ក៏រក្សាបានកំណើនយ៉ាងរឹងមាំ ។

របាយការណ៍របស់ WB ក៏បានបង្ហាញថា ឥណទានមានកំណើនយ៉ាងខ្លាំងក្លា ជាមួយល្បឿន ១៦,៩% (បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ខណៈពេលដែលអត្រាការប្រាក់អន្តរធនាគាររយៈពេលមួយយប់បានធ្លាក់ចុះយ៉ាងខ្លាំងពី ១,៧៣% នៅចុងខែមេសា មកត្រឹមតែ ០,៣៣% នៅចុងខែឧសភាប៉ុណ្ណោះ។

មុននេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងស្ដារឡើងវិញនៅកម្រិត ៦,៥% ក្នុងឆ្នាំ ២០២២ និងសម្រេចបាន ៦,៧% ក្នុងឆ្នាំ ២០២៣។ ក្នុងពេលនោះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បាននាំចេញការព្យាករណ៍ស្រដៀងគ្នានេះផងដែរ។ នៅក្នុងវេទិកា "ការព្យាករណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២-២០២៣៖ សេណារីយ៉ូកំណើន និងយថាទស្សន៍នៃវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន" ដែលប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ ២០២២ ប្រធានតំណាង IMF ប្រចាំនៅវៀតណាម លោក Francois Painchaud បានបញ្ជាក់ថា៖ “វៀតណាមបានរក្សាប្រកបដោយជោគជ័យនូវស្ថិរភាពអំពីសារពើពន្ធ ជញ្ជីញកិច្ចការបរទេស និងស្ថិរភាពហិរញ្ញវត្ថុ ហើយត្រូវបានព្យាករណ៍ថា កំណើនរបស់វៀតណាមនឹងសម្រេចបាន ៦% ក្នុងឆ្នាំ ២០២២ និង ៧,២% ក្នុងឆ្នាំ ២០២៣។ អតិផរណាគ្រោងនឹងកើនឡើង ប៉ុន្តែនៅតែទាបជាងគោលដៅរបស់ធនាគាររដ្ឋគឺ ៤% ។ ជាពិសេស ការចេញផ្សាយកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគឺទាន់ពេលវេលា និងសមស្រប ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។ ការជំរុញសារពើពន្ធក្នុងក្របខ័ណ្ឌកម្មវិធីនេះក្នុងឆ្នាំ ២០២២-២០២៣ នឹងជួយពន្លឿនការស្តារឡើងវិញ ជំនះពុះពារផលប៉ះពាល់ដោយសារជំងឺរាតត្បាត ហើយជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ”។

នៅចុងខែឧសភា ឆ្នាំ ២០២២ ទីភ្នាក់ងាររៀបចំណាត់ថ្នាក់ទំនុកទុកចិត្តអន្តរជាតិ S&P (Global Ratings) បានដំឡើងចំណាត់ថ្នាក់ទំនុកទុកចិត្តជាតិរយៈពេលវែងរបស់វៀតណាមឡើងកម្រិត BB+ ជាមួយនឹងយថាទស្សន៍ "ស្ថិរភាព"។ ក្នុងបរិបទ ដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងការជះឥទ្ធិពលយ៉ាងជ្រាលជ្រៅពីជំងឺរាតត្បាតនោះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនពីរនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលត្រូវបានតម្លើងកម្រិតទំនុកទុកចិត្តចាប់ពីដើមឆ្នាំមក។

ខឿនសេដ្ឋកិច្ចវៀតណាមជាមួយសញ្ញាវិជ្ជមានជាច្រើន - ảnh 2ទេសាភិបាលរងនៃធនាគាររដ្ឋវៀតណាម លោក Dao Minh Tu

រក្សាការគ្រប់គ្រង បង្កើតសន្ទុះអភិវឌ្ឍន៍សម្រាប់សេដ្ឋកិច្ច

ជាក់ស្តែង ក្នុងរយៈពេលកន្លងទៅ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ វៀតណាមបានចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចជាច្រើន គោលនយោបាយសារពើពន្ធប្រកបដោយភាពបត់បែន ការជួយឧបត្ថម្ភដល់ក្រុមគ្រួសារ និងសហគ្រាសតាមរយៈការកាត់បន្ថយ និងបន្ធូរបន្ថយពន្ធ និងថ្លៃសេវា ព្រមទាំងបង្កើនការចំណាយជាប្រចាំ និងការចំណាយវិនិយោគ។

កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាលបានបង្កើតឱកាស ដើម្បីស្ដារខ្សែសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ ពលករយ៉ាងឆាប់រហ័ស និងជំរុញរាល់កម្លាំងចលករកំណើន។ ទេសាភិបាលរងនៃធនាគាររដ្ឋវៀតណាម លោក Dao Minh Tu បានឲ្យដឹងថា៖ “តាំងពីដើមឆ្នាំមក ធនាគាររដ្ឋក៏បានកំណត់ភារកិច្ចសំខាន់គឺផ្តល់ទុនសម្រាប់ខឿនសេដ្ឋកិច្ច ផ្ដល់ឥណទានទៅក្នុងវិស័យស្នូលៗ និងវិស័យដែលមានសារៈសំខាន់ ដើម្បីស្ដារឡើងវិញយ៉ាងឆាប់រហ័ស ជំនះពុះពារលើការលំបាករបស់សហគ្រាស និងស្ដារខឿនសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សបំផុត។ ដូច្នេះឥណទានសរុបនៃខឿនសេដ្ឋកិច្ចបានកើនប្រមាណ ៧,៧៥% ។ ឥណទានបានកើនទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១”។

គួរកត់សម្គាល់ថា ឥណទានបានកើនលើគ្រប់វិស័យចាំបាច់ ដូចជាវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្មពាណិជ្ជកម្ម ភោជនីយដ្ឋាន គឺជាវិស័យដែលជួបប្រទះការលំបាកជាច្រើនដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត។ គោលនយោបាយទាំងនោះ រួមជាមួយនឹងគោលនយោបាយតម្រង់លំហូរទុនទៅលើវិស័យអាទិភាព និងការស្ដារខឿនសេដ្ឋកិច្ចឡើងវិញបាននាំមកនូវលទ្ធផលជាជំហានដំបូងក្នុងរយៈពេល ៥ ខែកន្លងទៅ។

ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍជាច្រើន និងមានបញ្ហាប្រឈមនោះ រាល់លទ្ធផល ដែលសម្រេចបានជាជំហានដំបូងនៃដើមឆ្នាំ ២០២២ បានសរឲ្យឃើញការខិតខំប្រឹងប្រែងដឹកនាំ សម្របសម្រួលរបស់វៀតណាមគឺដើរតាមទិសដៅដ៏ត្រឹមត្រូវ ស្ថិរភាព និងស្ដារម៉ាក្រូសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ