ខិតខំប្រឹងប្រែងនាំប្រទេសជាតិចូលទៅក្នុងយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខ

Chia sẻ

(VOVWORLD) - អញ្ជើញបង្ហាញរបាយការណ៍របស់រដ្ឋាភិបាលឆ្នាំ ២០២៤ ក្នុងសម័យបើកកិច្ចប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា ឆ្នាំ ២០២៤ ស្ថានភាពពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុនបាន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ៩ ខែ ទទួលបានសមិទ្ធិផលជាច្រើន។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ដោយស្មារតីច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ រដ្ឋាភិបាលប្តេជ្ញាចិត្តខិតខំបំពេញប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញ នាំប្រទេសជាតិបោះជំហានឈានទៅរកយុគសម័យថ្មីយ៉ាងរឹងមាំ ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ដោយបញ្ជាក់នូវឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។

ខិតខំប្រឹងប្រែងនាំប្រទេសជាតិចូលទៅក្នុងយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខ - ảnh 1ទិដ្ឋភាពកិច្ចប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥។ (រូបថត៖ quochoi.vn)

លទ្ធផលលេចធ្លោ

របាយការណ៍របស់រដ្ឋាភិបាលបញ្ជាក់ថា សូចនាករសេដ្ឋកិច្ចសង្គមទាំងអស់សុទ្ធតែបង្ហាញភាពវិជ្ជមាន។ សេដ្ឋកិច្ចមានកំណើន។ តាមការប៉ាន់ប្រមាណថា គោលដៅពេញមួយឆ្នាំចំនួន ១៤/១៥ នឹងត្រូវបានសម្រេចឬលើសពីផែនការ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាង
ថា៖

“ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនសេដ្ឋកិច្ចខ្ពស់ជាងគោលដៅដែលបានដាក់ចេញ ហើយតុល្យភាពសំខាន់ៗត្រូវបានធានា។ បំណុលសាធារណៈ បំណុលរដ្ឋាភិបាល បំណុលបរទេសជាតិ និងឱនភាពថវិការដ្ឋត្រូវបានគ្រប់គ្រងបានល្អ ទាបជាងដែនកំណត់ដែលបានអនុញ្ញាត។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៩ ខែសម្រេចបាន ៦,៨២%; ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណពី ៦,៨ ដល់ ៧% ខ្ពស់ជាងគោលដៅកំណត់ដោយរដ្ឋសភា (៦ - ៦,៥%) ដែលស្ថិតនៅក្នុងក្រុមប្រទេសដែលមានអត្រាកំណើនខ្ពស់ក្នុងតំបន់ និងពិភពលោក និងទទួលបានការវាយតម្លៃខ្ពស់ពីអង្គការអន្តរជាតិធំៗនិងមានកិត្យានុភាពជាច្រើន”។

លើសពីនេះ ការងារសុក្រិតស្ថាប័ននិងច្បាប់ត្រូវបានដឹកនាំយ៉ាងប្ដូរផ្ដាច់។ ការវិនិយោគសាធារណៈត្រូវបានផ្តោតការយកចិត្តទុកដាក់។ ផ្តោតលើការអនុវត្តគម្រោង និងសំណង់សំខាន់ៗជាច្រើន រួមទាំងការសម្រេចរួចរាល់គម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០kV សៀគ្វី ៣ Quang Binh - Hung Yen បន្ទាប់ពីការសាងសង់យ៉ាងឆាប់រហ័សត្រឹមតែរយៈពេលជាង ៦ ខែប៉ុណ្ណោះ ហើយកំពុងដាក់ពង្រាយយ៉ាងសកម្មនូវគម្រោងនិងសំណង់អគ្គីសនីសំខាន់ៗជាច្រើនទៀត។ ការទាក់ទាញ FDI គឺជាចំណុចលេចធ្លោមួយ ដោយសម្រេចបានដើមទុនជាក់ស្ដែងចំនួន ១៧,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៩% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ខណៈដែលការវិនិយោគសកលកំពុងរងការធ្លាក់ចុះ។

ខិតខំប្រឹងប្រែងនាំប្រទេសជាតិចូលទៅក្នុងយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខ - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បង្ហាញរបាយការណ៍របស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៤។

សុខុមាលភាពសង្គមត្រូវបានធានា។ ដំណោះស្រាយ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតី "មិនបណ្ដោយឲ្យនរណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ"; អត្រាគ្រួសារក្រីក្របានថយចុះ សន្ទស្សន៍សុភមង្គលបានកើនឡើង ១១ កាំ; ការពារជាតិ និងសន្តិសុខត្រូវបានពង្រឹងនិងពង្រីកលើទិដ្ឋភាពជាច្រើន។ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិបន្តជាចំណុចភ្លឺ រួមចំណែកបង្កើតបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពង្រីក និងលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។ វៀតណាមក៏បានរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងលើពិភពលោក ដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នេះជាលទ្ធផលនៃកិច្ចការ៖

“ពង្រឹងស្មារតីនៃមហាសាមគ្គីភាព; សាមគ្គីភាពក្នុងបក្សទាំងមូល សាមគ្គីភាពប្រជាជនទាំងមូល សាមគ្គីភាពជាតិ និងសាមគ្គីភាពអន្តរជាតិ។ អនុវត្តន៍ប្រកបដោយភាពម្ចាស់ការ សកម្ម ខ្លាំងក្លា ប្រសិទ្ធភាព និងភាពច្នៃប្រឌិតនូវគោលការណ៍ណែនាំ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់
រដ្ឋ; ឆ្លើយតបដោយទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះបញ្ហាថ្មីៗ និងលំបាក។ រួមកម្លាំងជាតិជាមួយកម្លាំងនៃសម័យកាល។ យកកម្លាំងផ្ទៃក្នុងជាមូលដ្ឋាន យុទ្ធសាស្ត្រយូរអង្វែង ជាកត្តាសម្រេចកំណត់ ខណៈដែលកម្លាំងខាងក្រៅគឺជាកត្តាដ៏សំខាន់ ចាំបាច់ ជាប្រចាំ និងជារបកគំហើញ។ កម្លាំងកើតចេញពីប្រជាជន។ ប្រជាជនបង្កើតឡើងប្រវត្តិសាស្ត្រ។ យកប្រជាជនជាមជ្ឈភាព កម្មវត្ថុ គោលដៅ និងជាធនធាន ជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍ”។

ផ្ដោតធនធានទាំងអស់ ដើម្បីនាំប្រទេសជាតិស្ទុះឈានទៅមុខ

ដោយឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ រដ្ឋាភិបាលប្ដេជ្ញាចិត្តធ្វើសកម្មភាព ខិតខំសម្រេចបាននិងសម្រេចលើសផែនការនូវគោលដៅទាំងអស់ដែលបានដាក់ចេញ។ រក្សាសន្ទុះ និងល្បឿនអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងជំហានលោតផ្លោះក្នុងឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ៗ៖

“បន្តផ្តល់អាទិភាពដល់ការជំរុញកំណើន រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; សុក្រិតស្ថាប័ន និងច្បាប់; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ; លើកកំពស់គុណភាពនៃធនធានមនុស្ស; អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍; ធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មពណ៌បៃតង សេដ្ឋកិច្ចវិលជុំ; អភិវឌ្ឍន៍វប្បធម៌ ធានាសុខុមាលភាពសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន; ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាននិងភាពខ្ជះខ្ជាយ; ពង្រឹងនិងពង្រីកការពារជាតិ សន្តិសុខ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព; រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និង សុវត្ថិភាព; ជំរុញកិច្ចការបរទេស សមាហរណកម្មអន្តរជាតិ; លើកកំពស់កិត្យានុភាព និងឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ”។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ១១ ក្នុងឆ្នាំ ២០២៥ ដើម្បីសម្រេចបាននូវគោលដៅកំណើន GDP ប្រមាណ ៦,៥ - ៧% ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានអត្រាកំណើនខ្ពស់ជាងនេះទៅទៀត (ចន្លោះពី ៧ - ៧,៥%) ដើម្បីដល់ដំណាច់ឆ្នាំ ២០២៥ វៀតណាមមានទំហំ GDP ជាប់ចំណាត់ថ្នាក់លេខ ៣១ ដល់ ៣៣ នៅលើពិភពលោក។

រដ្ឋាភិបាលផ្តោតលើការដឹកនាំបណ្ដាក្រសួង ផ្នែក និងមូលដ្ឋាន លើកកម្ពស់កម្លាំងនៃសាមគ្គីភាព ស្មារតីច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្ដីប្រាថ្នាឈានឡើង ប្រែក្លាយការលំបាកនិងបញ្ហាប្រឈមទៅជាឱកាសអភិវឌ្ឍន៍ មានការតាំងចិត្តខ្ពស់ ការខិតខំប្រឹងប្រែងដ៏ធំធេង សកម្មភាពដ៏ខ្លាំងក្លា ដើម្បីសម្រេចបានជោគជ័យនូវគោលដៅដែលបានដាក់ចេញ នាំប្រទេសជាតិបោះជំហានប្រកបដោយភាពជឿជាក់ ចូលទៅក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ដោយបញ្ជាក់នូវឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ