ការសម្រេចចិត្តទាន់ពេលវេលាបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍

Chia sẻ

(VOVWORLD) - សម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបិទបញ្ចប់នា រសៀលថ្ងៃទី១៦ មិថុនា នៅទីក្រុងហាណូយ។ សេចក្ដីសម្រេចសំខាន់ៗជាច្រើនត្រូវ បានរដ្ឋសភាអនុម័ត ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងដែលបានដាក់ចេញ ដោះស្រាយការលំបាកឧបសគ្គ រួមចំណែកដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការសម្រេចចិត្តទាំងនេះមិនត្រឹមតែមានអត្ថន័យសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងឆ្នាំ២០២២ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ដំណាក់កាលឆ្នាំ២០២១-២០២៥ និងឆ្នាំបន្ទាប់ទៀតផង។

ការសម្រេចចិត្តទាន់ពេលវេលាបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ - ảnh 1សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៦ មិថុនា។ (រូបថត៖ TTXVN)
កុំឲ្យបាត់បង់ "ពេលវេលាមាស" ដើម្បីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ
ខ្លឹមសារសំខាន់មួយនៃសម័យប្រជុំលើកទី៣ នៃរដ្ឋសភានីតិកាលទី១៥ គឺវាយ តម្លៃពីស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងប៉ុន្មានខែដំបូងឆ្នាំ២០២២។ តាមរបាយការណ៍របស់រដ្ឋសភាក៏ដូចជាការពិភាក្សារបស់សមាជិករដ្ឋសភា រូបភាព ខឿនសេដ្ឋកិច្ចវៀតណាម ជាមួយនឹងពណ៌ភ្លឺជាច្រើន ត្រូវបានកត់សម្គាល់។ ចំណុច លេចធ្លោនៃរូបភាពសេដ្ឋកិច្ចទូទៅនោះ គឺល្បឿនកំណើន។ ថ្វីត្បិតតែរងផលប៉ះពាល់ ដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏សេដ្ឋកិច្ច វៀតណាមនៅតែបន្តមានសញ្ញាល្អ និងស្ដារឡើងវិញយ៉ាងឆាប់រហ័ស។ នេះគឺជាកម្លាំងចលករដ៏ល្អសម្រាប់ខឿនសេដ្ឋកិច្ចក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ទៀត។ ក្រៅពីនោះ វៀតណាមក៏មានលក្ខខណ្ឌអំណោយ ផលជាច្រើនដើម្បីជួយឲ្យដំណើរការស្ដារឡើងវិញប្រព្រឹត្តទៅបានលឿនជាងមុន ក្នុងនោះ ប្រការសំខាន់គឺរក្សាអតិផរណាដោយស្ថិរភាព ហើយប្រភពធនធាននានាមានតុល្យ ភាពដ៏សមស្រប។
វិភាគពីភាពងាយស្រួល និងបញ្ហាប្រឈម ជាពិសេសផលប៉ះពាល់ និងការ លំបាកថ្មីៗដែលកើតចេញពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពភូមិសាស្ត្រនយោបាយ ពិភពលោក និងសម្ពាធ អតិផរណា រដ្ឋសភាបានសម្រេចចិត្តលើទិសដៅធំៗ ភារកិច្ច និងដំណោះស្រាយសំខាន់ៗជាច្រើន ដើម្បីឲ្យរដ្ឋាភិបាល គ្រប់កម្រិត គ្រប់វិស័យបន្ត អនុវត្តយ៉ាងប្ដូរផ្ដាច់ ជាពិសេសការអនុវត្តយ៉ាងប្រញាប់ប្រញាល់ ព្រមៗគ្នា ហើយ ពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈ និងការអនុវត្តកញ្ចប់គោល នយោបាយសារពើពន្ធ រូបិយវត្ថុសម្រាប់ជួយទ្រទ្រង់កម្មវិធី ស្តារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម...
សមាជិករដ្ឋសភាជាច្រើនបានលើកឡើងអាទិភាពអំពីការពន្លឿនការអនុវត្តគោលនយោបាយសារពើពន្ធ ការជួយឧបត្ថម្ភគោលនយោបាយរូបិយវត្ថុ; មានគោលដៅអំពី បរិមាណការងារដែលត្រូវសម្រេចរួចរាល់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច ចិត្តលេខ ៤៣ ឆ្នាំ២០២២ របស់រដ្ឋសភា ស្តីពីការជួយឧបត្ថម្ភកម្មវិធីស្តារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។ ការអនុវត្តយ៉ាងប្រញាប់ប្រញាល់នូវសេចក្តីសម្រេចចិត្តនេះ នឹងជួយ វៀតណាមទាញយកអត្ថប្រយោជន៍ពី “ពេលវេលាមាស” សម្រាប់ការស្តារ និងអភិវឌ្ឍន៍ ប្រទេសជាតិ។ លោក Be Minh Duc សមាជិករដ្ឋសភាខេត្ត Cao Bang បានសម្តែងថា៖
“ខ្ញុំមានគោលបំណងថា បណ្ដាកម្មវិធី និងគម្រោងសំខាន់ៗរបស់ប្រទេសជាតិ សេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តនានារបស់រដ្ឋសភានឹងបង្កើតកម្លាំងចលករ ដើម្បីស្តារនិង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ អភិវឌ្ឍន៍យ៉ាងលឿន និង ប្រកបដោយចីរភាពបន្ថែមទៀត តាមនោះជះឥទ្ធិពលជាវិជ្ជមានលើវិស័យដែលជួប ការលំបាក”។
បង្កើតមូលដ្ឋានគ្រឹះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍន៍រយៈពេលវែង
នេះជាលើកដំបូងនៅក្នុងសម័យប្រជុំមួយរបស់រដ្ឋសភា ដែលគម្រោងសំខាន់ៗ ថ្នាក់ជាតិចំនួន៥ ត្រូវបានលើកយកមកពិចារណា និងសម្រេចលើគោលជំហរ វិនិយោគ។ ក្នុងនោះមានដំណាក់កាលទី១នៃគម្រោងផ្លូវល្បឿនលឿនថ្មីចំនួន៣។ គម្រោងទាំង៣នេះ សុទ្ធតែត្រូវបានអនុវត្តន៍យន្តការ គោលនយោបាយពិសេស ការ ជ្រើសរើសទម្រង់វិនិយោគសាធារណៈជំនួសឲ្យភាពជាដៃគូសាធា រណៈ- ឯកជន ក៏បង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រដ្ឋសភាផងដែរ។ ជាមួយនឹងសារៈ សំខាន់ និងភាពបន្ទាន់នៃគម្រោងទាំងនេះការវិនិយោគសាធារណៈគឺសមស្របនឹងលក្ខ ខណ្ឌបច្ចុប្បន្ន ក៏ដូចជាទិសដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខផងដែរ។ យោងតាមលោក Hoang Van Cuong សមាជិក រដ្ឋសភានៅទីក្រុងហាណូយបាន ឲ្យដឹងថា គម្រោងផ្លូវគមនាគមន៍សំខាន់ៗដែលត្រូវបានលើកយកមកពិភាក្សានិង សម្រេចក្នុងសម័យប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋសភាក្នុងការបង្កើតមូលដ្ឋានគ្រឹះ ហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងយូរអង្វែង។ លោក Vo Manh Son សមាជិករដ្ឋសភាខេត្ត Thanh Hoa បានវាយតម្លៃថា៖
“សម័យប្រជុំនេះ សម្រេច លើបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងការអភិវឌ្ឍន៍ ប្រទេសជាតិ ដូចជាគម្រោងគមនាគម៍សំខាន់ៗដូចជា ផ្លូវហូជីមិញ ផ្លូវក្រវ៉ាត់ទីក្រុង ហាណូយ និងទីក្រុងហូជីមិញ និងខ្សែផ្លូវល្បឿនលឿនសំខាន់ៗមួយចំនួន។ ខ្ញុំមាន អារម្មណ៍ថា សម័យប្រជុំលើកនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយ ចាប់ ពីវេទិការរដ្ឋសភាដល់រដ្ឋាភិបាល សមាជិករដ្ឋាភិបាលក៏បង្ហាញពីការប្តេជ្ញាចិត្តក្នុង ការសម្រេចបាននូវគោលដៅកំណើនរបស់ប្រទេសជាតិនាពេលខាងមុខ”។
រាល់លទ្ធផលដែលសម្រេចបានក្នុងសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បានបង្ហាញថា រដ្ឋសភាបានបំពេញកាន់តែល្អនឹងតម្រូវការជាក់ស្តែង និងការរំពឹង ទុករបស់ម្ចាស់ឆ្នោត។ នេះក៏ជាកត្តាសំខាន់ដើម្បីឲ្យប្រទេសជាតិបន្តអភិវឌ្ឍន៍ ជីវភាព រស់នៅរបស់ប្រជាជនបានល្អប្រសើរឡើង ហើយទំនុកចិត្តរបស់ប្រជាជនក៏នឹងកាន់តែរឹងមាំ ថែមទៀត៕

ប្រតិកម្មទៅវិញ