ការបោះជំហានថ្មីរបស់សហភាពអឺរ៉ុបក្នុងគោលនយោបាយអន្តោប្រវេសន៍និងសិទ្ធិជ្រកកោន

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី១០ ខែមេសា សភាអឺរ៉ុប (EP) បានបោះឆ្នោតអនុម័តលើសន្ធិសញ្ញាអន្តោប្រវេសន៍និងសិទ្ធិជ្រកកោនថ្មី។ នេះត្រូវបានចាត់ទុកថា ជាការបោះជំហានប្រវត្តិសាស្ត្ររបស់ប្លុកនេះក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំបំផុតមួយដែលអឺរ៉ុបបានជួបប្រទះក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។

ការបោះជំហានថ្មីរបស់សហភាពអឺរ៉ុបក្នុងគោលនយោបាយអន្តោប្រវេសន៍និងសិទ្ធិជ្រកកោន - ảnh 1ជនចំណាកស្រុកត្រូវបាននាំទៅកាន់កំពង់ផែ La Restinga កោះ Canary ប្រទេសអេស្ប៉ាញ បន្ទាប់ពីត្រូវបានជួយសង្គ្រោះនៅសមុទ្រ។ (រូបថត៖ AFP/TTXVN)

សន្ធិសញ្ញាថ្មីស្ដីពីកិច្ចការអន្តោប្រវេសន៍និងសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប (EU) គឺជាកញ្ចប់មួយដោយមានច្បាប់ចំនួន ១០ ដែលត្រូវបានអនុម័តដោយប្រទេសសមាជិកសហភាពអឺរ៉ុបកាលពីខែធ្នូឆ្នាំមុន ដោយផ្តោតលើការចែករំលែកការទទួលខុសត្រូវរវាងប្រទេសជាសមាជិកនានា ព្រមទាំងពន្លឿនដំណើរការពិនិត្យជនចំណាកស្រុកនិងជនភៀសខ្លួន។

ឈានទៅការបោះជំហានប្រវត្តិសាស្ត្រ

បើតាមសន្ធិសញ្ញាថ្មីដែលទើបបានអនុម័ត សហភាពអឺរ៉ុបនឹងកសាងយន្តការត្រួតពិនិត្យជាលក្ខណៈចាប់បង្ខំសម្រាប់ជនចំណាកស្រុកនៅតាមច្រកទ្វារព្រំដែនសហភាពអឺរ៉ុប រួមមានការកំណត់អត្តសញ្ញាណ ការប្រមូលទិន្នន័យជីវមាត្រ ក៏ដូចជាការពិនិត្យសុខភាព។ បន្ទាប់មក ទិន្នន័យទាំងនេះនឹងត្រូវបាននាំចូលទៅក្នុងមូលដ្ឋានទិន្នន័យទូទៅរបស់សហភាពអឺរ៉ុ ដែលបានបហៅថា Eurodac។ ដោយផ្អែកលើទិន្នន័យនេះ មនុស្សដែលត្រូវបានគេវាយតម្លៃថា "មានលទ្ធភាពតិចតួច" ត្រូវបានទទួលយកនូវសិទ្ធិជ្រកកោន នឹងត្រូវបានប្រមូលផ្ដុំនៅក្នុងមជ្ឈមណ្ឌលទទួលជនចំណាកស្រុកបណ្តោះអាសន្ន ក្នុងរយៈពេលរង់ចាំការដោះស្រាយពាក្យសុំជ្រកកោន។

ចំណុចគួរឲ្យកត់សម្គាល់ទីពីរនៃសន្ធិសញ្ញាថ្មីគឺការចែករំលែកការទទួលខុសត្រូវរវាងបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប។ តាមនោះ EU នឹងនៅតែរក្សា “ប្រព័ន្ធ Dublin” ដដែល ដោយកំណត់ថា ប្រទេសដំបូងដែលមានជនចំណាកស្រុក និងជនភៀសខ្លួនមកដល់ ត្រូវមានកាតព្វកិច្ចទទួលនិងដោះស្រាយពាក្យសុំសិទ្ធិជ្រកកោន។ ទោះជាយ៉ាងណាក៏ដោយ សន្ធិសញ្ញាថ្មីនេះក៏បានចែងអំពីការចែករំលែកទំនួលខុសត្រូវនៅក្នុងសហភាពអឺរ៉ុប ដោយតម្រូវឱ្យប្រទេសផ្សេងទៀតចូលរួមក្នុងការទទួលយក និងការតាំងទីលំនៅថ្មីសម្រាប់ជនចំណាកស្រុក ជនភៀសខ្លួន ឬអ្នកដែលទទួលបានការការពារអន្តរជាតិនៅលើទឹកដីរបស់ពួកគេផងដែរ។ ក្នុងករណីដែលបដិសេធការទទួលយក ប្រទេសនេះត្រូវតែរួមវិភាគទានផ្នែកហិរញ្ញវត្ថុ ឬផ្តល់ជំនួយផ្នែកសម្ភារៈ និងបច្ចេកទេសដល់ប្រទេសនៅខ្សែជួរមុខ។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់ពិសេសដោយសារតែភាពចម្រូងចម្រាស់អំពី "កូតា" ជនភៀសខ្លួន បានបង្កឱ្យមានការបែកបាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងសហភាពអឺរ៉ុបក្នុងវិបត្តិជនភៀសខ្លួនដំណាក់កាល ២០១៥-២០១៦ នៅពេលដែលប្រទេសជាច្រើនដូចជាហុងគ្រី ប៉ូឡូញ សាធារណរដ្ឋឆែក ស្លូវ៉ាគី (ក្រុម Visegrad) បានបដិសេធទទួលយកជនភៀសខ្លួនយ៉ាងម៉ឺងម៉ាត់ ខណៈពេលដែលប្រទេសអ៊ីតាលី ក្រិក និងអេស្ប៉ាញ ត្រូវទទួលយកមនុស្សរាប់សែននាក់។

ការបោះជំហានថ្មីរបស់សហភាពអឺរ៉ុបក្នុងគោលនយោបាយអន្តោប្រវេសន៍និងសិទ្ធិជ្រកកោន - ảnh 2ប្រធានសភាអឺរ៉ុប (EP) លោកស្រី Roberta Metsola។ (រូបថត៖ globeecho)

ការអនុម័តលើសន្ធិសញ្ញាអន្តោប្រវេសន៍និងសិទ្ធិជ្រកកោនថ្មី ត្រូវបានចាត់ទុកថា ជាជោគជ័យនយោបាយដ៏ធំមួយសម្រាប់សហភាពអឺរ៉ុប នៅពេលដែលនៅសល់តែ ២ ខែទៀតប៉ុណ្ណោះ គឺដល់ពេលបោះឆ្នោតសភាអឺរ៉ុប (ថ្ងៃទី ៦-៩ ខែមិថុនា)។ ប្រធានសភាអឺរ៉ុប (EP) លោកស្រី Roberta Metsola បានសរសើរថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ EU ក្រោយពីភាពជាប់គាំងអស់រយៈពេល ៨ ឆ្នាំ៖

“យើងបានបោះឆ្នោតអនុម័តលើកញ្ចប់បទប្បញ្ញត្តិមួយ ដែលផ្តល់នូវក្របខ័ណ្ឌគតិយុត្តិដ៏រឹងមាំ និងមានសុពលភាពស្មើគ្នាសម្រាប់ប្រទេសសមាជិកទាំងអស់។ សន្ធិសញ្ញានេះដាក់កត្តាមនុស្សជាចម្បងបង្អស់ យល់ដឹងអំពីភាពខុសប្លែកគ្នានិងភាពស្មុគស្មាញនៃបញ្ហា ព្រមទាំងធានាសន្តិសុខសម្រាប់ព្រំដែនខាងក្រៅរបស់ EU នាំមកនូវភាពច្បាស់លាស់ក្នុងបទប្បញ្ញត្តិ និងធានាតុល្យភាពរវាងសាមគ្គីភាព និងការទទួលខុសត្រូវ”។

ថ្នាក់ដឹកនាំអឺរ៉ុបជាច្រើនទៀតដូចជា៖ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen; អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក៏បានសរសើរសន្ធិសញ្ញាថ្មីថាជាការបោះជំហានដ៏សំខាន់របស់អឺរ៉ុប ក្នុងការទប់ស្កាត់រលកជនចំណាកស្រុកខុសពីធម្មតា ដែលកំពុងមាននិន្នាការកើនឡើងម្តងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ភាពចម្រូងចម្រាសលើសិទ្ធិរបស់ជនចំណាកស្រុក

ទោះបីជាទទួលបានការវាយតម្លៃវិជ្ជមានជាច្រើនពីថ្នាក់ដឹកនាំសហភាពអឺរ៉ុបក៏ដោយ ប៉ុន្តែសន្ធិសញ្ញាថ្មីក៏ជួបប្រទះនឹងការរិះគន់ជាច្រើនផងដែរ។ មុន និងក្រោយការបោះឆ្នោតរបស់សភាអឺរ៉ុប អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦១ ដែលប្រតិបត្តិការលើវិស័យការពារសិទ្ធិមនុស្ស បានអំពាវនាវឲ្យសមាជិកសភាអឺរ៉ុបប្រឆាំងជំទាស់នឹងសន្ធិសញ្ញានេះ ដោយសារមានការព្រួយបារម្ភថា ការរឹតបន្តឹងបទប្បញ្ញត្តិនៅកន្លែងទទួលយក នឹងប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិនិងផល

ប្រយោជន៍របស់ជនចំណាកស្រុកនិងជនភៀសខ្លួន ដែលកំពុងភៀសខ្លួនពីសង្គ្រាម ជម្លោះ ភាពក្រីក្រ ហើយមានសិទ្ធិទទួលបានការការពារអនុលោមតាមច្បាប់អន្តរជាតិ។ លោក Johannes Rueckerl អ្នកនាំពាក្យនៃអង្គការមិនមែនរដ្ឋាភិបាល Seebrucke ដែលមានជំនាញខាងការពារសិទ្ធិជនចំណាកស្រុក បានឲ្យដឹងថា៖

“យើងប្រឆាំងជំទាស់នឹងសន្ធិសញ្ញាអន្តោប្រវេសន៍និងសិទ្ធិជ្រកកោនថ្មី ដោយសារគ្មានអ្វីដែលត្រូវបានកែលម្អនោះទេ។ រឿងជាច្រើននឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលសិទ្ធិមនុស្សទទួលរងការរឹតត្បិត។ ជនចំណាកស្រុក និងជនភៀសខ្លួន នឹងប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែច្រើន”។

ក្រៅពីការប្រឆាំងជំទាស់របស់អង្គការស៊ីវិលជាច្រើន ការប្រើប្រាស់នៃសន្ធិសញ្ញាថ្មីនៅក្នុងប្រទេសសហភាពអឺរ៉ុបនានា ក៏អាចប្រឈមមុខនឹងឧបសគ្គផងដែរ ខណៈដែលប្រទេសមួយចំនួន (ដូចជាប៉ូឡូញ) នៅតែបន្តប្រឆាំងនឹងសន្ធិសញ្ញានេះ។ លើសពីនេះ គណបក្សស្តាំនិយម និងប្រជានិយមមួយចំនួននៅក្នុងប្រទេសផ្សេងទៀត ក៏បានរិះគន់សន្ធិសញ្ញានេះ ដោយសារតែពួកគេចាត់ទុកថា បទប្បញ្ញត្តិមិនមានភាពតឹងរ៉ឹងគ្រប់គ្រាន់។ ដូច្នេះហើយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា នៅពេលដែលសន្ធិសញ្ញាចូលជាធរមាន រំពឹងចាប់ពីឆ្នាំ ២០២៦ អឺរ៉ុបនឹងបន្តត្រូវជជែកវែកញែកគ្នាលើបញ្ហាអន្តោប្រវេសន៍និងសិទ្ធិជ្រកកោន៕

ប្រតិកម្មទៅវិញ