កម្ពុជាចាប់ផ្តើមកំណាត់ផ្លូវថ្មី

Chia sẻ
(VOVWORLD) - ថ្ងៃនេះ (ថ្ងៃទី ២២ សីហា) សម័យប្រជុំលើកទី១ នីតិកាលទី៧ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី។ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តអនុវត្តន៍គោលការណ៍ គោលនយោបាយនិងពង្រីកសមិទ្ធិផលនានានៃអាណត្តិមុន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋ ពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គម។
កម្ពុជាចាប់ផ្តើមកំណាត់ផ្លូវថ្មី - ảnh 1លោកនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋសភាផ្ដល់សច្ចាប័នឲ្យក្លាយទៅជាថ្នាក់ដឹកនាំថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា

ដោយមានសមាជិកសភាចំនួន ១២៣/១២៥ បានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី លោកនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋសភាផ្ដល់សច្ចាប័នឲ្យក្លាយទៅជាថ្នាក់ដឹកនាំថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងព្រះរាជសុន្ទរកថាទៅកាន់រាជរដ្ឋាភិបាលអាណត្តិថ្មី ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានបង្ហាញជំនឿជាក់ថា គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំ កម្ពុជាទៅកាន់អនាគតរុងរឿង។

មុននោះ លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រកម្ពុជា ចាត់តាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៧ ខែសីហា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជ័យជម្នះលើសលប់ក្នុងការបោះឆ្នោតសកល ដោយទទួលបានអាសនៈចំនួន ១២០ ក្នុងរដ្ឋសភា។

គណៈរដ្ឋមន្ត្រីថ្មីជាមួយនឹងការបន្តសមិទ្ធិផល

ក្នុងសារយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បេក្ខភាពរបស់គណបក្សប្រជាជន កម្ពុជា (CPP) បានប្រកាន់ខ្ជាប់នូវគោលដៅដែល CPP តែងតែប្រដេញតាមក្នុងរយៈពេល ៤៤ ឆ្នាំកន្លងទៅ។ នោះគឺផ្ដោតសំខាន់លើគោលដៅស្នូលទាំង៣គឺ៖ "បញ្ហាជីវិត ក្រពះ និងមុខមាត់"។ ដើម្បី "បញ្ហាជីវិត" និងការរស់រានមានជីវិតរបស់ប្រទេសជាតិនោះ CPP បានប្តេជ្ញាចិត្តរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហម សាមគ្គីភាពឆ្ពោះទៅរកការបង្រួបបង្រួមជាតិ ត្រួសត្រាយផ្លូវសម្រាប់ការរស់មានជីវិតឡើងវិញ សន្តិភាព និងស្ថិរភាព។ "ក្រពះ" គឺជាការដែលប្រជាជនទទួលបានជីវភាពរស់នៅសម្បូរធូធារ សុភមង្គល ហើយត្រូវបានថែទាំគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅ។

លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ជាពិសេសដល់ការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងបញ្ហាសង្គម អប់រំ លក្ខខណ្ឌរស់នៅ និងសេវាថែទាំសុខភាពសហគមន៍។ ទន្ទឹមនឹងនោះ "មុខមាត់"បង្កប់អត្ថន័យផ្តល់សិទ្ធិ និងសេរីភាពដល់ប្រជាពលរដ្ឋ ខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងកិត្តិយស កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

លោក ហ៊ុន ម៉ាណែត បានសន្យាបន្តអនុវត្តន៍គោលការណ៍ និងគោលនយោបាយ និងពង្រីកសមិទ្ធិផលនៃអាណត្តិមុនដើម្បីជំរុញការអភិវឌ្ឍដោយឥតឈប់ឈរនៅទូទាំងប្រទេស ជាពិសេសរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៦,៦% នាឆ្នាំខាងមុខ។  ទាក់ទិននឹងនយោបាយការបរទេស លោកក៏បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាគឺជាអព្យាក្រឹត ដោយសង្កត់ធ្ងន់ថា កម្ពុជាមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រទេសទាំងអស់។

កម្ពុជាចាប់ផ្តើមកំណាត់ផ្លូវថ្មី - ảnh 2សមាជិកសភាចំនួន ១២៣/១២៥ បានបោះឆ្នោតជ្រើសតាំងលោកនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី 

ដំណាក់កាលថ្មីរបស់កម្ពុជា

CPP ក្នុងនាមជាគណបក្សកាន់អំណាចអស់រយៈពេល ៤៤ ឆ្នាំកន្លងទៅ តែងតែមានមោទនភាពជាកត្តាស្នូល ដែលនាំមកនូវសន្តិភាព ឯករាជ្យភាពជូនប្រជាជាតិកម្ពុជា។ ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ និងយល់ច្បាស់ពីគុណតម្លៃដែលកំពុងមាននោះ CPP បានដាក់ចេញគោលដៅបន្តផ្ដោតសំខាន់លើគោលនយោបាយថែរក្សាសន្តិភាព ស្ថិរភាព ជំរុញវិបុលភាព និងទំនើបកម្មប្រទេសជាតិ។ តាមនោះ គោលនយោបាយអាទិភាពជួរមុខរបស់រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាគឺ ប្រកាន់ខ្ជាប់គោលការណ៍ការពារយ៉ាងរឹងមាំសន្តិភាព ឯករាជ្យភាព ស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម យកប្រជាជនជាមជ្ឈភាព។ សិទ្ធិរបស់ប្រជាពលរដ្ឋតែងតែត្រូវបានគោរព ការពារ និងលើកកម្ពស់។ វិស័យអាទិភាពផ្សេងទៀតដូចជា៖ សេដ្ឋកិច្ច សង្គម វប្បធម៌ ការអប់រំ ការថែទាំសុខភាព ការងារធ្វើ កាន់តែត្រូវបានយកចិត្តទុកដាក់ និង វិនិយោគពីមួយថ្ងៃទៅមួយថ្ងៃ; ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរទាំងខាងសម្ភារៈ និងខាងស្មារតី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ពីគោលដៅកែកម្អជីវភាពរស់នៅរបស់ប្រជាជន ដោយចាត់ទុកថានេះគឺជាបុព្វបទអនុវត្តន៍ជាក់ស្ដែងចក្ខុវិស័យរបស់ CPP សំដៅនាំកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៥០។

ក្រៅពីគោលនយោបាយ ដែលត្រូវបានរក្សាពីរាជរដ្ឋាភិបាលអាណត្តិមុន រាជរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានគេរំពឹងថានឹងនាំមកនូវបរិយាកាសថ្មីសម្រាប់កម្ពុជា។ ក្នុងនាមជាថ្នាក់ដឹកនាំវ័យក្មេង សតិអារម្មណ៍ជឿនលឿនជាមួយនឹងការសិក្សារៀនសូត្រជាច្រើនឆ្នាំនៅក្នុងបរិយាកាសបស្ចិមប្រទេស លោកនាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត នឹងត្រូវបង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ជាពិសេសក្នុងរយៈពេល ១០០ ថ្ងៃដំបូងជាមួយនឹងអាទិភាពជួរមុខគឺ កែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងមុខមាត់នយោបាយរបស់ខ្លួន។

សញ្ញាសម្គាល់ថ្មីក្នុងប្រវត្តិសាស្ត្រកម្ពុជាបានចាប់ផ្តើមហើយ ដោយគូសសញ្ញាការផ្លាស់ប្ដូរបន្តជាប្រវត្តិសាស្ត្រ។ ។ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ត្រូវបានរំពឹងថានឹងបង្កើតរូបភាពដ៏ស្រស់ថ្មីសម្រាប់កម្ពុជា បន្តចារឹកទំព័រប្រវត្តិសាស្ត្រដ៏វីរភាព រុងរឿងរបស់ប្រទេសជាតិ នាំមកនូវសន្តិភាព និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា និងលើកកំពស់ឋានៈរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ