កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ឯកភាពលើទិសដៅសំខាន់ៗជាច្រើន

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១១ ឧសភា បន្ទាប់ពី ៨ ថ្ងៃធ្វើការយ៉ាងមមាញឹកជាមួយនឹងកិច្ចប្រជុំកំពូលចំនួន ៨ និងកិច្ចប្រជុំទ្វេភាគីជាច្រើន កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ បានបិទបញ្ចប់នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ដោយមានឯកសារជាច្រើនផ្ដោតសំខាន់លើសសរស្តម្ភទាំងបីគឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គមនៃសហគមន៍អាស៊ាន ត្រូវបានអនុម័ត។ តាមរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son កិច្ចប្រជុំបានបញ្ចេញសារដ៏សំខាន់ៗ ហើយបានឯកភាពលើទិសដៅសំខាន់ជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំ ២០២៣ និងឆ្នាំ ក្រោយៗទៀត។ វៀតណាមបន្តបង្ហាញតួនាទីជាសមាជិកដ៏សកម្ម និងរួមចំណែកទៅក្នុងជោគជ័យរួមនៃកិច្ចប្រជុំលើកនេះ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ឯកភាពលើទិសដៅសំខាន់ៗជាច្រើន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ (រូបថត៖ VNA) 

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកក្នុងការរួមដៃគ្នាជំរុញការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជោគជ័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា កិច្ចប្រជុំសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ទីមួយ ស្មារតីនៃសាមគ្គីភាព ឯករាជ្យភាព និងភាពខ្លួនទីពឹងខ្លួនយុទ្ធសាស្ត្រ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងសុន្ទរកថារបស់មេដឹកនាំក្នុងតំបន់។ មេដឹកនាំអាស៊ានបានឯកភាពថា នេះគឺជាកម្លាំង ជាកម្លាំងចលករ និងបាវចនាដើម្បីឲ្យអាស៊ានរក្សាយ៉ាងរឹងមាំនូវឋានៈ តួនាទី និងមុខមាត់ក្នុងតំបន់ និងលើពិភពលោក។ អាស៊ាននឹងជាកម្លាំងស្នូលក្នុងដំណើរការពង្រឹងសន្តិភាព រក្សាស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ ហើយធំជាងនេះទៅទៀតគឺតំបន់អាស៊ី-ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទីពីរ ទស្សនៈដែលថា អាស៊ានមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីក្លាយជាស្នូលនៃកំណើន ក៏ត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ផងដែរ។ សេដ្ឋកិច្ចសកលលែងមានស្ថិរភាព ភូមិសាស្ត្រនយោបាយមានការប្រែប្រួល បញ្ហាប្រឈម និងការលំបាកកាន់តែច្រើនឡើងៗ ប៉ុន្តែអាស៊ាននៅតែសម្រេចបានកំណើននៅកម្រិតខ្ពស់ ដោយឡើងរហូតដល់ ៥,៥% កាលពីឆ្នាំមុន ក្លាយជាមហាសេដ្ឋកិច្ចធំទី ៥ នៅលើពិភពលោក។

ទីបី ផលប្រយោជន៍របស់ប្រជាជនត្រូវបានចាត់ទុកថា ជាគោលដៅខ្ពស់បំផុត គឺជាចំណុចស្នូលនៃសហគមន៍អាស៊ាន។ ខ្លឹមសារដែលត្រូវបានលើកយកមកពិភាក្សា និងឯកសារនានានៃកិច្ចប្រជុំកំពូលអាស៊ានលើកនេះ សុទ្ធតែវិលជុំវិញផលប្រយោជន៍របស់ប្រជាជន ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយតុល្យភាព ចីរភាព និងបរិយាប័ន្ន។ ប្រការនេះក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលសុទ្ធតែមានភាពជាក់ស្ដែង ឆ្ពោះទៅសហគមន៍ ដូចជា ពលករចំណាកស្រុក បណ្តាញភូមិឃុំ និងការអភិវឌ្ឍជនបទ ។ ល។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ឯកភាពលើទិសដៅសំខាន់ៗជាច្រើន - ảnh 2រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son។ (រូបថត៖ VOV)

សាររបស់វៀតណាមនៅកិច្ចប្រជុំ

ទាក់ទិននឹងការរួមចំណែករបស់វៀតណាមនៅកិច្ចប្រជុំលើកនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមអញ្ជើញទៅកាន់ទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ដោយនាំយកតាមសារសំខាន់ៗជាច្រើន។ នោះគឺជាស្មារតីសាមគ្គីភាពអាស៊ាន ការប្តេជ្ញាចិត្តរួមចំណែកយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពទៅក្នុងបុព្វហេតុកសាងសហគមន៍អាស៊ាន ព្រមទាំងបញ្ជាក់នូវគោលមាគ៌ាដ៏ឥតងាករេ គោលជំហរខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដោយចាត់ទុកអាស៊ានជាផ្នែកសំខាន់ និងមិនអាចកាត់ផ្ដាច់បានក្នុងគោលនយោបាយកិច្ចការបរទេស។

យោងតាមលោករដ្ឋមន្ត្រី Bui Thanh Son សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សុទ្ធតែបញ្ចេញសារអំពីការផ្ដួចផ្ដើមគំនិត បំផុសភាពខ្លួនទីពឹងខ្លួន និងបើកប្រភពធនធានសម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ាន។ លោកនាយករដ្ឋមន្ត្រីបានលើកសំណើជាច្រើននៅក្នុងសម័យប្រជុំនានា។ ទីមួយ សាមគ្គីភាព ឯកភាព ឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន និងការពង្រីកមជ្ឈភាពយ៉ាងខ្លាំងក្លាគឺជាគុណតម្លៃមូលដ្ឋានដែលបង្កើតឡើងជោគជ័យរបស់អាស៊ាន។

ទីពីរ អាស៊ានចាំបាច់ត្រូវជំរុញការតភ្ជាប់តំបន់លើកត្តាទាំង៣ រួមមានស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងមនុស្ស ដើម្បីទម្លុះទម្លាយចំណុចរាំងស្ទះក្នុងកិច្ចសហប្រតិបត្តិការ ហើយបំផុសសក្តានុពលអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះគឺជាជំហានទម្លុះទម្លាយយុទ្ធសាស្ត្រទាំង៣ ដើម្បីបង្កើតសន្ទុះកាន់តែខ្លាំងសម្រាប់អាស៊ានក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ។

ទីបី ជាមួយនឹងសារ ប្រកាន់ខ្ជាប់នូវស្មារតីស្នូលរបស់អាស៊ាន ដែលយកប្រជាជនធ្វើជាមជ្ឈភាព គោលដៅ និងកម្លាំងចលករនៃការកសាងសហគមន៍ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ានគួរតែយកចិត្តទុកដាក់ ជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការបង្រួញគម្លាតអភិវឌ្ឍន៍ ជាពិសេសនៅតាមតំបន់ឆ្ងាយដាច់ស្រយាលនិងអនុតំបន់។ កិច្ចសហប្រតិបត្តិការអនុតំបន់ គួរតែត្រូវបានផ្សារភ្ជាប់ទៅនឹងកម្មវិធីសហប្រតិបត្តិការរួមរបស់សហគមន៍អាស៊ានលើគ្រប់វិស័យ ដើម្បីបើកលំហអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងធានាជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនទាំងអស់ផងដែរ។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា លទ្ធផលដែលសម្រេចបាននៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយមានការរួមចំណែកយ៉ាងសំខាន់របស់វៀតណាម បន្តបញ្ជាក់នូវកម្លាំងរស់របស់អាស៊ាន ក្រោយរយៈពេលជាង ៥៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ។ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំស្តីពីចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដោយមានចក្ខុវិស័យដ៏វែងឆ្ងាយ ខ្លាំងក្លា គ្រប់ជ្រុងជ្រោយ បរិយាប័ន្ន ហើយឆ្ពោះទៅអនាគត នឹងដោះស្រាយបាននូវបញ្ហាប្រឈម និងនិន្នាការនៅក្នុងនិងក្រៅតំបន់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ