ជំនួយការនិពន្ធនាយកនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រហុងកុង លោកស្រី Sharon Zhang ។ រូបថត៖ Xuan Vinh/TTXVN |
ក្នុងឱកាសខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) លោកបណ្ឌិត Sun Wenbin នាយកមជ្ឈមណ្ឌលប្រវត្តិសាស្ត្រហុងកុងបានមានប្រសាសន៍ថា ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់លោកចំពោះលោកប្រធានហូជីមិញនោះគឺថា លោកប្រធានហូជីមិញបានជ្រើសរើសយ៉ាងឈ្លាសវៃនូវពេលវេលានិងទីកន្លែងសមស្របដើម្បីរៀបចំសន្នបាតបង្កើតបក្សកុម្មុយនិស្តវៀតណាមនាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០។ លោកប្រធានហូជីមិញនៅពេលនោះ ក្នុងឋានៈជាអ្នកទទួលបន្ទុកគណៈទិសបូព៌ានៃបក្សកុម្មុយនិស្តអន្តរជាតិ ត្រូវបានចាត់តាំងឱ្យទៅកាន់ទីក្រុងហុងកុង ដើម្បីដឹកនាំការបង្រួបបង្រួមនៃអង្គការកុម្មុយនិស្តក្នុងស្រុកចំនួនបីរបស់វៀតណាម គឺបក្សកុម្មុយនិស្តឥណ្ឌូចិន បក្សកុម្មុយនិស្តអានណាម និងបក្ស សហព័ន្ធកុម្មុយនិស្តឥណ្ឌូចិន។ ការជ្រើសរើសពេលវេលាបង្កើតបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ ត្រូវបានចាត់ទុកថាជាការសម្រេចចិត្តដ៏ឈ្លាសវៃ។
ប្រវត្តិវិទូជនជាតិអង់គ្លេស លោក John Callow ។ រូបថត៖ Phong Ha/TTXVN |
ក្នុងពេលនោះ ជំនួយការនិពន្ធនាយកនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រហុងកុង លោកស្រី Sharon Zhang បានវាយតម្លៃពីសារៈសំខាន់នៃព្រឹត្តិការណ៍សន្នបាតបង្រួបបង្រួមអង្គការកុម្មុយនិស្តក្នុងស្រុកទៅជាបក្សកុម្មុយនិស្តវៀតណាមនាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះចលនាបដិវត្តន៍ក៏ដូចជាបុព្វហេតុតស៊ូរំដោះជាតិរបស់វៀតណាម។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅចក្រភពអង់គ្លេស ប្រវត្តិវិទូជនជាតិអង់គ្លេស លោក John Callow បានអត្ថាធិប្បាយថា ពិបាកនឹងស្រមៃអំពីបុព្វហេតុរំដោះជាតិ ឬមាគ៌ាឯករាជ្យរបស់វៀតណាម ដោយគ្មានវត្តមាន និងសញ្ញាសម្គាល់ផ្ទាល់ខ្លួនរបស់លោកប្រធានហូជីមិញ។ លោក Callow បានឲ្យដឹងថា វៀតណាមពេលនេះកំពុងផ្លាស់ប្តូរនិងលេចធ្លោនៅលើឆាកអន្តរជាតិ។ លោកជឿជាក់ថា ភាពច្នៃប្រឌិត និងភាពបត់បែននៃសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ភាពក្លាហាន និងការលះបង់ដ៏អស្ចារ្យរបស់លោកនឹងបន្តជាភ្លើងដែលបំភ្លឺអនាគតរបស់វៀតណាមលើមាគ៌ាអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ប្រជាជនវៀតណាម៕