សិក្ខាសាលាឥទ្ធិពលនៃ COP 26 ដល់ការផ្លាស់ប្តូរថាមពលតាមទិសដៅកំណើនបៃតង |
បច្ចុប្បន្ននេះ ប្រភពអគ្គិសនីពីថាមពលកកើតឡើងវិញនៅវៀតណាមបានស្រូបយក ៥២,២% នៃអនុភាពដំឡើងទូទាំងប្រទេស។ វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាឆ្ពោះទៅគោលដៅក្លាយទៅជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ក្នុងបរិបទនោះ តម្រូវការថាមពល និងអគ្គិសនីរបស់វៀតណាមត្រូវបានព្យាករណ៍ថានឹងមានកំណើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំខាងមុខ។ ទន្ទឹមនឹងគោលដៅធានាសន្តិសុខថាមពលនោះ វៀតណាមក៏កំពុងកសាងការផ្លាស់ប្ដូរថាមពលយ៉ាងខ្លាំងក្លាដល់ឆ្នាំ ២០៥០។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Dang Hoang An បានថ្លែងដូច្នេះនៅក្នុងសិក្ខាសាលាឥទ្ធិពលនៃ COP 26 ដល់ការផ្លាស់ប្តូរថាមពលតាមទិសដៅកំណើនបៃតង ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែសីហា នៅទីក្រុងហាណូយ។
យោងតាមតំណាងក្រសួងឧស្សាហពាណិជ្ជកម្មថា ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព វិជ្ជមាន សមស្របនឹងលក្ខខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគឺជាលក្ខខ័ណ្ឌដ៏សំខាន់បំផុតនាបច្ចុប្បន្ននេះ។ ក្នុងនោះ គោលដៅសំខាន់ចំនួន ២ គឺ៖ ធានាសន្តិសុខថាមពលក្នុងរយៈពេលមធ្យម និងវែង ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍន៍ ព្រមទាំងធានាការទទួលបានថាមពលរបស់ប្រជាជន និងខឿនសេដ្ឋកិច្ចជាមួយតម្លៃទាប សមស្របនឹងលក្ខខ័ណ្ឌអភិវឌ្ឍន៍ និងលទ្ធភាពជាក់ស្ដែងរបស់វៀតណាម។ លោក អនុរដ្ឋមន្ត្រី Dang Hoang An បានឲ្យដឹងថា៖ “ដើម្បីសម្រេចឲ្យបានគោលដៅទាំងពីរនេះគឺចាំបាច់ត្រូវ៖ កំណត់រចនាសម្ព័ន្ធថាមពលដ៏ល្អប្រសើរ និងប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ; ទាក់ទាញការវិនិយោគយ៉ាងខ្លាំងក្លាទៅក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពល; លុបបំបាត់ការកកស្ទះ ជំរុញការអភិវឌ្ឍប្រភពថាមពលស្អាត បៃតង និងប្រភពថាមពលកកើតឡើងវិញ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពថែមទៀតនៃការប្រើប្រាស់ថាមពល កាត់បន្ថយការប្រើប្រាស់ថាមពល និងការប្រើប្រាស់អគ្គិសនីរបស់ខឿនសេដ្ឋកិច្ចផងដែរ”៕