ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី ១០
|
កិច្ចប្រជុំ MGC-10 ត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការបរទេសមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃផងដែរ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ ចំពោះរាល់សកម្មភាពដែលកិច្ច សហប្រតិបត្តិការ MGC បានអនុវត្តនាពេលកន្លងមក និងថ្លែងអំណរគុណដល់ឥណ្ឌាចំពោះការគាំទ្រដល់តំបន់មេគង្គ។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថាឆ្នាំ ២០២០ គឺជាឆ្នាំអបអរសាទរកិច្ចសហប្រតិបត្តិការ MGC ហើយនេះក៏ជាពេលវេលាសមស្រប ដើម្បីនាំដំណើរការនៃកិច្ចសហប្រតិបត្តិការ MGC ឈានដល់កម្រិតថ្មីមួយ។ ក្នុងពេលជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើនូវអាទិភាពមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជា៖ បង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រីកច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច; របៀងសេដ្ឋកិច្ចភាគខាងត្បូងទៅកាន់ឥណ្ឌាតាមផ្លូវគោកនិងសមុទ្រ ក៏ដូចជាការពង្រីកផ្លូវហាយវ៉េ ឥណ្ឌា - មីយ៉ាន់ម៉ា - ថៃទៅកាន់កម្ពុជា ឡាវនិងវៀតណាមជាដើម។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី MGC លើកទី ១០, ផែនការសកម្មភាពសហប្រតិបត្តិការ MGC សម្រាប់ដំណាក់កាល ២០១៩-២០២២ និងបានយល់ព្រមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ - គង្គាជាលើកទី ១១ នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ ខាងមុខ៕