ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) |
ថ្លែងនៅក្នុងពិធីដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាង ១០០ រូប ដែលជារដ្ឋមន្រ្តីការបរទេសនិងជាឯកអគ្គរដ្ឋទូត តំណាងប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ ការចុះឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានបង្ហាញនូវគោលនយោបាយបរទេស សន្ដិភាព ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន ក៏ដូចជាបំណងប្រាថ្នារបស់វៀតណាម បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមនៃសហគមន៍អន្តរជាតិ ដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកប ដោយចីរភាព។
លោកបានលើកឡើងថា ប្រសិនបើត្រូវបានជាប់ឆ្នោត វៀតណាមសន្យាថានឹងខិតខំ ជម្រុញឲ្យមានការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ជម្លោះនិងដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គការនានាក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានជឿជាក់ថា ជាមួយនឹងការគាំទ្រពីប្រទេសទាំងអស់នេះ វៀតណាមនឹងបំពេញល្អនូវតួនាទីជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដើម្បីរួមចំណែកដល់ការធានាសន្តិភាព និងសន្តិសុខក្នុងតំបន់និងពិភពលោក។
ក្នុងថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អ៊ុយក្រែន ស្លូវ៉ាគី ស្លូវេនី អ៊ូហ្គង់ដា, អេក្វាឌ័រនិងទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ផងដែរ។
នៅក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញ ល្អនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ លោកក៏បានស្នើឲ្យដៃគូនានានៃសហភាពអឺរ៉ុប (EU) គាំទ្រនិងជម្រុញការចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA)៕