នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មរវាង Airbus និងដៃគូវៀតណាមក្នុងវិស័យអាកាសចរណ៍ ជាពិសេសលើវិស័យបច្ចេកវិទ្យា បទពិសោធន៍ក្នុងការគ្រប់គ្រង បច្ចេកទេស ផលិតផល។ ទាំងនេះក៏ជាលក្ខណៈវិនិច្ឆ័យសម្រាប់ ដៃគូវៀតណាមជ្រើសរើស បង្កើត និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងយូរអង្វែងជាមួយសម្ព័ន្ធក្រុមហ៊ុន Airbus។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Airbus។ រូបថត៖ TTXVN |
ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា សម្ព័ន្ធក្រុមហ៊ុន Airbus អាចចូលរួមជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការកសាងយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ផ្នែកអាកាសចរណ៍; ការបណ្តុះបណ្តាលធនធានមនុស្ស; ការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា ការផលិតគ្រឿងបន្លាស់និងឧបករណ៍នៅក្នុងខ្សែសង្វាក់តម្លៃសកលរបស់សម្ព័ន្ធក្រុមហ៊ុន Airbus ; ពង្រីកវិស័យកិច្ចសហប្រតិបត្តិការថ្មី ដូចជា លំហអវកាស ផ្កាយរណប ឧទ្ធម្ភាគចក្រ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយោធា ការសង្គ្រោះបន្ទាន់ សន្តិសុខ ការពារជាតិ។
រីឯខ្លួនវិញ អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Airbus Helicopters Global លោក Olivier Michalon បានបញ្ជាក់ថា វៀតណាមគឺជាទីផ្សារដ៏សំខាន់របស់ Airbus សម្រាប់ឧទ្ធម្ភាគចក្រស៊ីវិល និងឯកទេស។ លោកបានឲ្យដឹងថា នាពេលខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន Airbus Helicopters Global នឹងផ្តោតការវិនិយោគលើសកម្មភាពស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងវិស្វករ ដើម្បីប្រតិបត្តិការ និងថែទាំឧទ្ធម្ភាគចក្រជំនាន់ថ្មីនៅវៀតណាម៕