ឥណ្ឌាអះអាងសារជាថ្មីនូវ ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី​មុន​កិច្ចសន្ទនា​ ២+២ ជាមួយ​អាមេរិក

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh នឹងដឹកនាំគណៈប្រតិភូឥណ្ឌាចូលរួមកិច្ចសន្ទនា “២+២” លើកទី៤ រវាងឥណ្ឌា និងសហរដ្ឋអាមេរិក នៅទីក្រុង វ៉ាស៊ីនតោននាថ្ងៃទី ១១ មេសាខាងមុខ។
ឥណ្ឌាអះអាងសារជាថ្មីនូវ ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី​មុន​កិច្ចសន្ទនា​ ២+២ ជាមួយ​អាមេរិក - ảnh 1 (រូបថតឯកសារ) ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ស្ដាំ) និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi (រូបថត៖ AFP/VNA)

កាសែត The Times of India បានដកស្រង់ប្រភពព័ត៌មានរបស់រដ្ឋាភិបាលឥណ្ឌា មុនជំនួប២+២ ជាមួយសហរដ្ឋអាមេរិកនាសប្តាហ៍ខាងមុខថា ឥណ្ឌាបានអះអាងសារជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បាននិយាយថា ទីក្រុង New Delhi បានផ្ដោតសំខាន់លើការថែរក្សាស្ថិរភាពទំនាក់ទំនងសេដ្ឋកិច្ចដែលបានបង្កើតឡើងជាមួយរុស្ស៊ី ក្នុងនោះមានប្រតិបត្តិការថាមពលស្របច្បាប់។ ឆ្លើយសំណួររបស់សារព័ត៌មានអំពីសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក ដែលព្រមានបណ្ដាប្រទេសអំពីផលវិបាក ប្រសិនបើពួកគេរិះរកវិធីគេចចេញពីទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងម៉ូស្គូនោះ  លោក Bagchi បាននិយាយថា ការពិភាក្សាស្តីពីទណ្ឌកម្មកំពុងប្រព្រឹត្តិទៅ ប៉ុន្តែមិនគ្របដណ្ដប់លើប្រតិបត្តិការពាណិជ្ជកម្មទាំងអស់នោះឡើយ។ ជាក់ស្ដែង ប្រតិបត្តិការជាច្រើននៅតែត្រូវបានអនុវត្តន៍ ក្នុងនោះមានទាំងប្រតិបត្តិការប្រេងរ៉ែ។

សូមបញ្ជាក់ដែរថា  រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh នឹងដឹកនាំគណៈប្រតិភូឥណ្ឌាចូលរួមកិច្ចសន្ទនា “២+២” លើកទី៤ រវាងឥណ្ឌា និងសហរដ្ឋអាមេរិក នៅទីក្រុង វ៉ាស៊ីនតោននាថ្ងៃទី ១១ មេសាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ