ប្រធានាធិបតីអេហ្ស៊ីប លោក El-Sisi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក្នុងជំនួបនៅវិមានប្រធានាធិបតី El-Ittihadiya ក្នុងរដ្ឋធានី Cairo។ (រូបថត៖ AP)
|
នៅទីនេះ ប្រធានាធិបតីអេហ្ស៊ីបបានរំលឹកឡើងវិញនូវសារៈសំខាន់នៃការផ្តល់អាទិភាពលើការសន្ទនា និងដំណោះស្រាយការទូតដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ហើយបានសម្តែងពីការគាំទ្ររបស់ទីក្រុង Cairo ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនវឌ្ឍនភាពនៃការដោះស្រាយវិបត្តិនេះផងដែរ។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានប្រកាសសង្ខេបជូនប្រធានាធិបតីអេហ្ស៊ីប អំពីការវិវឌ្ឍន៍នាពេលថ្មីៗនេះនៃវិបត្តិនៅអ៊ុយក្រែន និងជំហានថ្មីបំផុតរបស់រុស្ស៊ីនៅកម្រិតអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាជាច្រើនក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអេហ្ស៊ីបនិងរុស្ស៊ី ជាពិសេសលើវិស័យផ្គត់ផ្គង់គ្រប់ធញ្ញជាត្តិ ស្បៀងអាហារ និងប្រេងឧស្ម័ន។ កិច្ចប្រជុំនេះ ក៏បានលើកឡើងអំពីវិធានការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី តាមរយៈគម្រោងអភិវឌ្ឍន៍រួមដែលកំពុងបានប្រព្រឹត្តទៅ។
ទីក្រុង Cairo គឺជាទីបង្អង់ដំណើរដំបូង ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ទៅកាន់ប្រទេសអាហ្វ្រិកចំនួន៤។ បន្ទាប់ពីអេហ្ស៊ីប លោក Lavrov គ្រោងនឹងអញ្ជើញទៅកាន់ប្រទេសអេត្យូពី ប្រទេសអ៊ុយហ្គានដា និងសាធារណរដ្ឋកុងហ្គោ ដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ក៏ដូចជាអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងប្រទេសទាំងនេះ៕