អេហ្ស៊ីបស្នើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១៤ ថ្ងៃនៅតំបន់ហ្គាហ្សា

Chia sẻ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈិមបូព៌ា និងអ៊ីស្រាអែលកាលពីថ្ងៃទី ២៤ ខែធ្នូបានឲ្យដឹងថាអេហ្ស៊ីបបានលើកសំណើថ្មីសម្រាប់កិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ដែលតាមនោះ ចលនាអ៊ីស្លាមហាម៉ាសនឹងដោះលែងជនជាតិអ៊ីស្រាអែលចំនួន ៤០ នាក់ដែលត្រូវបានឃុំខ្លួន ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ១៤ ថ្ងៃ។

យោងតាមសំណើរបស់ទីក្រុងគែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងផ្អាកសកម្មភាពយោធា និងចារកម្មទាំងអស់នៅក្នុងតំបន់ហ្គាហ្សា រយៈពេល ២ សប្តាហ៍ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ៤០ នាក់។

អេហ្ស៊ីបស្នើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១៤ ថ្ងៃនៅតំបន់ហ្គាហ្សា - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែលឆ្ពោះទៅលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានដកស្រង់សម្តីរបស់មន្ត្រីប៉ាឡេស្ទីនដែលបានឲ្យដឹងថាកិច្ចព្រមព្រៀងដែលស្នើឡើងដោយអេហ្ស៊ីបគឺជាផែនការ "បីដំណាក់កាល" ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដែលរួមបញ្ចូលនូវការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១២០ នាក់ពីពន្ធនាគាររបស់អ៊ីស្រាអែល។ ដំណាក់កាលទីពីរនៃសំណើរបស់អេហ្ស៊ីបរួមមានការចរចាជាមួយអាជ្ញាធរប៉ាឡេស្ទីន អំពីយថាទស្សន៍នៃការបង្កើតរដ្ឋាភិបាលសន្តិសុខបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាដោយមានការចូលរួមរបស់បក្សពួកផ្សេងៗនៅប៉ាឡេស្ទីន។

បន្ទាប់មក ដំណាក់កាលទីបី រួមមានបទឈប់បាញ់បន្ត ការប្រគល់ចំណាប់ខ្មាំងបន្ថែមទៀតពីតំបន់ហ្គាហ្សា និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ឆ្នេរសមុទ្ររបស់ប៉ាឡេស្ទីនដែលត្រូវបានហ៊ុំពទ្ធ័នោះ។

បន្ទាប់ពីសំណើរបស់អេហ្ស៊ីបត្រូវបានប្រកាស ប្រភពព័ត៌មានអ៊ីស្រាអែលមួយបានបញ្ជាក់ជាមួយកាសែត Maariv ថា សំណើមួយចំនួនមិនអាចព្រមទទួលយកបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Tel-Aviv បានវាយតម្លៃថា "គំនិតផ្តួចផ្តើមរបស់អេហ្ស៊ីបអាចនាំឱ្យមានការចរចា"៕


ប្រតិកម្មទៅវិញ