យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអេហ្ស៊ីប ទីក្រុងគែរនៅតែបន្តព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរនៃប្រតិបត្តិការយោធាបែបនេះ ព្រោះមានហានិភ័យធ្វើឲ្យវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែធ្ងន់ធ្ងរ។ អេហ្ស៊ីបក៏បានអំពាវនាវឱ្យ "រួបរួមគ្នា" រាល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ ដើម្បីទប់ស្កាត់ការវាយប្រហារលើទីក្រុង Rafah ។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១១ ខែកុម្ភៈ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រធានាធិបតីអាមេរិក លោក Joe Biden បានអំពាវនាវឱ្យអ៊ីស្រាអែលមិនធ្វើយុទ្ធនាការនេះ លុះត្រាតែមានផែនការធានាសុវត្ថិភាពសម្រាប់ប្រជាជនទីក្រុង Rafah។ រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ លោកស្រី Annalena Baerbock បានចាត់ទុកថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah នឹងក្លាយជាសោកនាដកម្មមនុស្សធម៌។ ប្រទេសឈូងសមុទ្រជាច្រើនក៏បានព្រមានថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលសំដៅទៅលើទីក្រុង Rafah នឹងនាំឱ្យមានសោកនាដកម្មមនុស្សធម៌ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍។
មុនពេលជម្លោះហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន ទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា មានប្រជាជនតិចជាង ៣០០.០០០ នាក់ ប៉ុន្តែបច្ចុប្បន្នជាទីជម្រកសម្រាប់ជនប៉ាឡេស្ទីនប្រហែល ១,៤លាននាក់ដែលត្រូវការជម្លៀស។ ប្រជាជនប៉ាឡេស្ទីនដែលត្រូវការជម្លៀសបានចាត់ទុកទីក្រុងនេះជាតំបន់សុវត្ថិភាពចុងក្រោយនៅតំបន់ហ្គាហ្សា៕