អ៊ីស្រាអែលវាយប្រហារ​តាម​ផ្លូវ​អាកាសលើហេដ្ឋារចនាសម្ព័ន្ធរបស់​ក្រុម​ Hezbollah នៅភាគខាងត្បូង​ប្រទេស​លីបង់

Chia sẻ
(VOVWORLD) - កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ១៩ ខែកញ្ញា បានឲ្យដឹងថា កងកម្លាំងនេះបានធ្វើការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងទៅលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៦ និងកន្លែងផ្ទុកអាវុធមួយរបស់កងកម្លាំង Hezbollah នៅភាគខាងត្បូងប្រទេសលីបង់។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីម៉ាស៊ីនផ្ញើសារ និងអាយកូមជាបន្តបន្ទាប់បានផ្ទុះនៅក្នុងប្រទេសលីបង់និងស៊ីរី ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ រួមទាំងសមាជិកជាច្រើននៃក្រុម Hezbollah ផងដែរ។

អ៊ីស្រាអែលវាយប្រហារ​តាម​ផ្លូវ​អាកាសលើហេដ្ឋារចនាសម្ព័ន្ធរបស់​ក្រុម​ Hezbollah នៅភាគខាងត្បូង​ប្រទេស​លីបង់ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

យោងតាមមន្ត្រីសុខាភិបាលលីបង់ ការផ្ទុះ ម៉ាស៊ីនផ្ញើសារ និងអាយកូម បានបណ្តាល់ឲ្យមនុស្ស ៣៧ នាក់បានស្លាប់ក្នុងរយៈពេលពីរថ្ងៃកន្លងទៅទាំងកុមារពីរនាក់ និងមនុស្សជាង ៣.០០០ នាក់ផ្សេងទៀតបានរងរបួស។ កងកម្លាំង Hezbollah បានស្តីបន្ទោសអ៊ីស្រាអែលចំពោះឧប្បត្តិហេតុទាំងនេះ ហើយបានប្តេជ្ញានឹងធ្វើការសងសឹក។ បន្ទាប់ពីការផ្ទុះម៉ាស៊ីនផ្ញើសារ និងអាយកូមជាបន្តបន្ទាប់នៅក្នុងប្រទេសលីបង់ ក្រុម Hezbollah បានប្រកាសបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីតាំងរបស់អ៊ីស្រាអែលនៅតំបន់ព្រំដែនជាមួយប្រទេសលីបង់។

ក្នុងពេលនោះ ភាគីអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការអំពីឧប្បត្តិហេតុជាបន្តបន្ទាប់នេះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១៨ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសថា ការផ្តោតសំខាន់នៃប្រតិបត្តិការយោធារបស់ប្រទេសនេះកំពុងផ្លាស់ប្តូរពីតំបន់ ហ្គាហ្សាទៅកាន់ភាគខាងជើងប្រទេសអ៊ីស្រាអែល ហើយបានព្រមានអំពីដំណាក់កាលថ្មីនៃប្រតិបត្តិការយោធាបានចាប់ផ្តើម៕

ប្រតិកម្មទៅវិញ