អាមេរិកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់

Chia sẻ
(VOVWORLD) - នាល្ងាចថ្ងៃទី២០ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yelle ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ 
អាមេរិកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក និងគាំទ្រចំពោះការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះវិស័យធនាគារ-ហិរញ្ញវត្ថុជាអាទិភាពសំខាន់។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងអនុវត្តន៍កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ធនាគាររដ្ឋវៀតណាមនិងក្រសួងរតនាគារអាមេរិក បន្តរក្សាយន្តការដោះស្រាយបញ្ហាពាក់ព័ន្ធ តាមរយៈការសន្ទនា និងការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធរវាងទីភ្នាក់ងារទាំងពីរលើបញ្ហាដែលកើតឡើងនាពេលខាងមុខ ក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពង្រឹងការសម្របសម្រួលរវាងភាគីទាំងពីរក្នុងការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ សហប្រតិបត្តិការពាណិជ្ជកម្ម បង្កើនសមត្ថភាពងើបឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញសហគ្រាសអាមេរិកឲ្យពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ និងកសាងទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយភាពសុខដុមរមនា និរន្តរភាព និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានអះអាងថា វៀតណាមជាដៃគូកាន់តែសំខាន់របស់អាមេរិក ហើយដើរតួនាទីគន្លឹះក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រទេសនេះ; សង្កត់ធ្ងន់ថា អាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ និងផ្លាស់ប្តូរសេដ្ឋកិច្ច។ លោកស្រី Janet Yelle បានឲ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងផ្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ប្រទេសវៀតណាម ដោយសារតែវៀតណាមមានសុវត្ថិភាព និងភាពគួរឲ្យជឿទុកចិត្តខ្ពស់; មានបំណងចង់សហការ និងជួយឧបត្ថម្ភវៀតណាមក្នុងការកែលម្អសមត្ថភាពផលិតបន្ទះឈីប និង semiconductor។ ក្រសួងរតនាគារអាមេរិកគាំទ្រ និងមានបំណងចង់បន្តការសន្ទនាជាមួយធនាគាររដ្ឋវៀតណាមអំពីគោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ និងបញ្ហាម៉ាក្រូផ្សេងទៀត ព្រមទាំងបង្កើនសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ