ប្រធានាធិបតីអាមេរិក លោក Donald Trump
ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un |
នាថ្ងៃទី ២៧ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានជូនដំណឹងថា៖ គណប្រតិភូអាមេរិក ១ ក្រុម កំពុងជួបប្រជុំជាមួយមជ្ឈដ្ឋានមន្ត្រី ស.ប.ប.ក នៅភូមិផ្អាកសង្គ្រាម Panmunjom ដែលស្ថិតនៅខ្សែព្រំដែនរវាងកូរ៉េខាងត្បូងជាមួយ ស.ប.ប.ក ដើម្បីពីភាក្សាអំពីលទ្ធភាពដំណើរការជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើង។ ជំនួបពោលខាងលើគឺសំដៅត្រៀមរៀបចំជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនា ខាងមុខ នៅ សិង្ហបុរី។
ទន្ទឹមនឹងនេះ នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ កិច្ចការទាំងអស់ ដើម្បីឆ្ពោះទៅសន្និសីទកំពូលជាមួយ ស.ប.ប.ក នាថ្ងៃទី ១២ ឧសភាខាងមុខ កំពុងប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ ហើយលោកមានក្ដីសង្ឈឹមជាច្រើនអំពីជំនួបនេះជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un។ តាមរយៈបណ្ដាញសង្គម Twitter លោក Donald Trump បានសម្ដែងជំនឿជាក់ទៅលើសក្តានុពលដ៏ធំធេង របស់ ស.ប.ប.ក ហើយមានក្ដីសុទិដ្ឋិនិយមថា៖ ប្រទេសនេះនឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យសេដ្ឋកិច្ច។ យោងតាមលោក Trump ថា៖ ស.ប.ប.កមានសក្តានុពលដ៏អស្ចារ្យ ហើយនាថ្ងៃណាមួយនឹងក្លាយជាប្រទេសមួយ ដែលមានវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ខ្លាំងមាំមួន។ លោក Trump ក៏បានឲ្យដឹងថែមទៀតថា៖ ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un ក៏បានឯកភាពអំពីចំណុចនេះផងដែរ៕