សេចក្តីថ្លែងការណ៍រួមនៃប្រទេសទាំងបួននេះ បានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាថា អ៊ីរ៉ង់មិនអាចអភិវឌ្ឍន៍ ឬទទួលបានអាវុធនុយក្លេអ៊ែរបានឡើយ ហើយបានសម្តែងការព្រួយបារម្ភចំពោះការពន្លឿនការអភិវឌ្ឍនុយក្លេអ៊ែរដែលមានលក្ខណៈញុះញង់ ខណៈពេលកំពុងផ្អាកការចរចាស្ដីពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។ យោងតាមសេចក្តីថ្លែងការណ៍រួមនេះ អ៊ីរ៉ង់មិនមានតម្រូវការស៊ីវិលសម្រាប់ការផលិតសារធាតុអ៊ុយរ៉ាញ៉ូមចម្រើនខ្ពស់ និងលោហៈធាតុអ៊ុយរ៉ាញ៉ូមចម្រើននោះទេ ហើយសកម្មភាពទាំងនេះមានសារៈសំខាន់ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។ មេដឹកនាំអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់បានឯកភាពគ្នាថា ដំណើរការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងឧបស័គ្គចំពោះការងាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នឹងរារាំងលទ្ធភាពនៃការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែឡបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។
សេចក្តីថ្លែងការណ៍រួមបានលើកច្បាស់ថា ការវិលត្រលប់ទៅអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងរួមបញ្ចូលការដកទណ្ឌកម្ម ហើយប្រការនេះនឹងកើតឡើងលុះត្រាតែអ៊ីរ៉ង់បានផ្លាស់ប្តូរ។ សេចក្តីថ្លែងការណ៍រួមបានអំពាវនាវឱ្យប្រធានាធិបតីលោក Raisi ចាប់យកឱកាសនេះ និងធ្វើការរួមគ្នាដើម្បីបញ្ចប់ការចរចាជាបន្ទាន់ ពីព្រោះនេះជាមធ្យោបាយតែមួយគត់ដើម្បីចៀសវាងការកើនឡើងនៃគ្រោះថ្នាក់ ដែលមិនមានប្រយោជន៍សម្រាប់ប្រទេសណាមួយឡើយ៕