នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍដ៏ល្អប្រសើរ នៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ជាពិសេស បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាពជាដៃ គូគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០១៧ និងបានឈានដល់អនុ វត្តន៍ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ក៏ដូចជា រក្សាយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងថា នឹងសហការយ៉ាងជិតស្និទ្ធ នៅវេទិកាអន្តរជាតិនិងតំបន់ ក្នុងឆ្នាំវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។
ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានចែករំលែកអំពីបទពិសោធន៍ក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid - 19។ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ លោក Bui Thanh Son បានអះអាងថា រដ្ឋាភិបាលវៀតណាមមានការប្តេជ្ញាចិត្តនិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនេះ។ វៀតណាមសន្យាថា នឹងបន្តលក្ខណៈងាយស្រួលបំផុត សម្រាប់ការថែរក្សានូវសកម្មភាពវិនិយោគ ផលិតកម្មនិងសកម្មភាពធ្វើអាជីវកម្មនៅវៀតណាមផង ដែរ។
ជាការឆ្លើយតប អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកាណាដា លោកស្រី Marta Morgan បានអះអាងថា រដ្ឋាភិបាលកាណាដានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ទន្ទឹមជាមួយគ្នានោះ កាណាដាគាំទ្រវៀត ណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ក្នុងឱកាសនេះ លោកស្រី Marta Morgan បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា នៅក្នុងបណ្តាវេទិកាតំបន់និងពិភពលោក៕