នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូល G20 និងធ្វើទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe នោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា: ការដែលវៀតណាមទទួលបានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20 ចំនួន៤លើក ក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ គឺអះ អាងនូវគោលនយោបាយការបរទេសត្រឹមត្រូវរបស់វៀតណាម ព្រមទាំងឋានៈនិងកិត្យានុភាពរបស់វៀតណាមកាន់តែខ្ពស់នៅលើពិភពលោក ជាពិសេសគឺបង្ហាញការរួមចំណែកយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងបណ្តាបញ្ហាអន្តរ ជាតិនិងតំបន់ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ផងដែរ។
អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានឲ្យដឹងថា: នៅឯកិច្ចប្រជុំ G20 គំនិតផ្តួចផ្តើមរបស់វៀតណាម បានបង្ហាញពីការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់ខ្លួនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាសកល ក្នុងការដោះស្រាយបញ្ហាបន្ទាន់ដែលកំពុងកើតមានឡើង។ ម្យ៉ាងវិញទៀត តាមរយៈបណ្តាកិច្ចពិភាក្សាទ្វេ ភាគីជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នោះ មេដឹកនាំជាន់ខ្ពស់មកពីប្រទេសជាច្រើននិងអង្គការអន្តរជាតិសុទ្ធតែបានបញ្ជាក់អះអាងពីការគាំទ្រនិងការរួមសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាឆ្នាំ ២០២០ និងក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២១។
ស្តីពីលទ្ធផលនៃសកម្មភាពទ្វេភាគីជាមួយជប៉ុន លោក Bui Thanh Son អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតដោយចាត់ទុកគ្នា ជាដៃគូរសំខាន់ក្នុងគោលនយោបាយតំបន់ ហើយព្រមព្រៀងគ្នា រក្សារាល់ដំណើរទស្សនកិច្ចនិងបណ្តាជំនួបជាន់ខ្ពស់ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដូចជា ថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ និងការសម្របសម្រួលគ្នាដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) យ៉ាងឆាប់ៗ។
ភាគីទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធនៅបណ្តាវេទិកាអន្ដរជាតិដើម្បី ផលប្រយោជន៍របស់ប្រទេសទាំងពីរ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ជាពិសេសនៅពេលដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាននាឆ្នាំ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ភាគីទាំងពីរបានព្រមព្រៀងគ្នាអំពីសារៈសំខាន់នៃការធានាសន្តិសុខនិងសុវត្ថិភាពតាមសមុទ្រ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពយ៉ាងពេញ លេញនូវដំណើរការការទូតនិងច្បាប់ អនុវត្តន៍យ៉ាងពេញលេញនិងមានប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) ក៏ដូចជាបញ្ចប់នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រ កបដោយភាពជាក់ស្តែងនិងចាប់បង្ខំដោយច្បាប់៕