អ្នកយកព័ត៌មានរបស់ AFP ចំនួនពីរនាក់ត្រូវបានចាប់ខ្លួននៅពេលធ្វើការនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល |
អ្នកយកព័ត៌មាន ២ នាក់នេះរួមមាន លោក Charles Bouessel អាយុ ២៨ ឆ្នាំ និងលោក Florent Vergnes អាយុ ៣០ ឆ្នាំ បានឲ្យដឹងថា ពួកគេត្រូវបានចាប់ឃុំខ្លួនអស់រយៈពេលជាង ៦ ម៉ោង ហើយបានសួរចម្លើយចំនួន ៣ ដង នាពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅ បន្ទាប់ពីបានប្រទះឃើញដោយផ្ទាល់ភ្នែកការដែលកងកម្លាំងសន្តិសុខ OCRB នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលបង្ក្រាបបាតុករ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល លោក Flavien Mbata បានបញ្ជាក់ថា អ្នកយកព័ត៌មានទាំង ២ នេះ ត្រូវបានចាប់ឃុំខ្លួនពីបទចូលរួមក្នុងបាតុកម្មខុសច្បាប់។ លោក Flavien Mbata បានបន្តទៀតថាអ្នកយកព័ត៌មានទាំង ២ រូបនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ហើយករណីនេះកំពុងត្រូវបានស៊ើបអង្កេតផងដែរ៕