កាលពីថ្ងៃទី ២៨ ខែមករា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅអាមេរិកឡាទីនរួមមាន អាហ្សង់ទីន ឈីលី និងប្រេស៊ីល ជាប្រទេសទាំង ៣ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជាដៃគូដ៏មានសក្តានុពលបំផុតរបស់អាល្លឺម៉ង់ - សេដ្ឋកិច្ចធំបំផុតនៅក្នុងសហភាពអឺរ៉ុប (EU) ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលដែលសហគ្រាសអាល្លឺម៉ង់កំពុងស្វែងរកឱកាសថ្មីនៅបរទេសដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយសម្ព័ន្ធសមាគមកាសែតអាមេរិកខាងត្បូង (GDA) មុនពេលដំណើរទស្សនកិច្ចនេះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់ថា អាល្លឺម៉ង់ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកឡាទីន និង Caribe លើវិស័យថាមពលកកើតឡើងវិញ បច្ចេកវិទ្យា អ៊ីដ្រូសែនបៃតង និងពាណិជ្ជកម្មដែលមានការទទួលខុសត្រូវសម្រាប់វត្ថុធាតុដើមឆៅ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ប្រេស៊ីលគឺជាគោលដៅដែលទាក់ទាញការចាប់អារម្មណ៍បំផុតពីសាធារណជន។ ហេតុផលគឺដោយសារតែអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងក្លាយជាមេដឹកនាំលោកខាងលិចដំបូងគេដែលបានជួបជាមួយប្រធានាធិបតីថ្មីរបស់ប្រេស៊ីលគឺលោក Lula da Silva ចាប់តាំងពីអ្នកនយោបាយឆ្វេងនិយមចូលកាន់តំណែងនៅថ្ងៃដំបូងនៃឆ្នាំ ២០២៣។ ប្រធានបទដ៏សំខាន់មួយដែលបានលើកមកពិភាក្សាក្នុងប្រទេសប្រេស៊ីលនឹងជាកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប (EU) និងប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ដែលរួមមានអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។ ទន្ទឹមនឹងពាណិជ្ជកម្ម បរិស្ថានក៏ជាប្រធានបទសំខាន់នៃកិច្ចពិភាក្សានៅប្រទេសប្រេស៊ីលផងដែរ៕