អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel |
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានដាស់តឿនក្រិកឲ្យបន្តអនុវត្តន៍រាល់កម្មវិធីធ្វើកំណែទម្រង់សេដ្ឋកិច្ច និងរក្សាវិន័យសារពើពន្ធយ៉ាងតឹងរឹង នៅពេលលោកស្រីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងអាថែននាថ្ងៃទី ១០ ខែមករា។ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ទៅកាន់ក្រិក ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ក៏នឹងលើកទឹកចិត្តដល់អ្នកនយោបាយក្រិក គាំទ្រកិច្ចព្រមព្រៀងជាមួយ ប្រទេសជិតខាង Macedonia អំពីការប្ដូរឈ្មោះប្រទេស ហើយជាប្រការដែលអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) សង្ឈឹមថានឹងជំរុញសន្តិភាព និងស្ថិរភាពនៅតំបន់ Balkan។
តាមកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះរវាង ទីក្រុង Athens និង ទីក្រុង Skopje ថាប្រទេសជិតខាងភាគខាងជើង ក្រិកនេះបានប្ដូរឈ្មោះទៅជា សាធារណរដ្ឋ Macedonia ភាគខាងជើង។ កិច្ចព្រមព្រៀងនេះបានបំផុសឡើងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា នៅក្រិក ដោយសារប្រទេសនេះមានខេត្តមួយភាគខាងជើង ក៏មានឈ្នោះថា Macedonia ដូចគ្នាផងដែរ៕