យោងតាមអត្ថបទមួយដែលបានបង្ហោះនៅលើទំព័រ X (Twitter) លោក Abdoulaye Bathily បានលើកឡើងមតិក្នុងអំឡុងពេលជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohamed Menfi នៅរដ្ឋធានីទ្រីប៉ូលី។ នៅក្នុងជំនួបនេះ លោក Abdoulaye Bathily ក្នុងនាមអង្គការសហប្រជាជាតិ បានសម្តែងការរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនលីប៊ី បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបានបោកបក់ពេញទីក្រុង Derna និងតំបន់ជាច្រើនទៀត បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងមនុស្ស និងទ្រព្យសម្បត្តិ។ នៅលើគេហរទំព័រ X មន្ត្រីអង្គការសហប្រជាជាតិរូបនេះបាននិយាយថា លោកបានលើកឡើងពីតម្រូវការសម្រាប់តម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ធនធានសង្គ្រោះក្នុងអំឡុងពេលដំណើរការស្តារ និងកសាងឡើងវិញ ហើយបានស្នើឱ្យបង្កើតយន្តការដ៏ទូលំទូលាយមួយ ដើម្បីត្រួតពិនិត្យសកម្មភាពទាំងនេះ៕