សម័យប្រជុំបិទ កិច្ចប្រជុំពាក់កណ្តាលអាណត្តិនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ។ រូបថត៖ VOV |
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ចាប់ពីដើមអាណត្តិ (ពីឆ្នាំ២០២១) រហូតមកដល់បច្ចុប្បន្ន វៀតណាមបានអនុវត្តដោយជោគជ័យនូវគោលដៅ និងភារកិច្ចរបស់ខ្លួន ពោលគឺទាំងការផ្តោតការយកចិត្តទុកដាក់លើការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ ផង ជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង រួមទាំងកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដោយផ្សារភ្ជាប់ជាមួយនឹងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយប្រកបដោយប្រសិទ្ធភាព។ ជាការកត់សម្គាល់ ការងារប្រយុទ្ធប្រឆាំងនិងការទប់ស្កាត់អំពើពុករលួយ ភាពអវិជ្ជមានបានបង្កើតនូវការស្រុះចិត្តគំនិតខ្ពស់ក្នុងសង្គមទាំងមូល៖ “លទ្ធផលសំខាន់ៗ និងសមិទ្ធិផលដែលសម្រេចបានតាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ មានមូលហេតុជាច្រើន។ សំខាន់ជាងនេះទៅទៀត ដោយសារជោគជ័យនៃមហាសន្និបាតបក្ស នីតិកាលទី ១៣ ជាមួយនឹងគោលការណ៍ណែនាំ ដ៏ត្រឹមត្រូវនិងសមស្រប ដែលត្រូវបានទទួលស្គាល់តាមរយៈការអនុវត្តជាក់ស្តែងនាពេលកន្លងមក។ ទន្ទឹមនឹងនោះ គឺជាការដឹកនាំ និងទិសដៅដ៏ឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការបក្ស អង្គការបក្សនានា ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។ ទន្ទឹមជាមួយគ្នានោះ ជាការគ្រប់គ្រងដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទាំងនេះក៏ជាលទ្ធផលនៃសាមគ្គីភាព និងការសម្របសម្រួលគ្នានៃប្រព័ន្ធនយោបាយទាំងមូល។ ម្យ៉ាងវិញទៀត ជាការខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងបក្ខជន; ស្មារតីការងារប្រកបដោយភាពវិជ្ជមាន ច្នៃប្រឌិត និងការទទួលខុសត្រូវរបស់ប្រជាជន; ការជឿទុកចិត្ត ការស្រុះចិត្តគំនិតនិងការគាំទ្ររបស់សហគមន៍អន្តរជាតិ”។
ទាក់ទងនឹងទិសដៅនិងភារកិច្ចចាប់ពីពេលនេះរហូតដល់ចប់អាណត្តិមហាសន្និបាតលើកទី ១៣ (ឆ្នាំ២០២៦) អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យផ្តោតការអាទិភាពលើការអនុវត្តភារកិច្ចសំខាន់ៗ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ពីលទ្ធផល និងបទពិសោធន៍នៃការរៀបចំការបោះឆ្នោតទំនុកចិត្តរបស់គណៈកម្មាធិការមជ្ឈិម សម្រាប់សមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាននៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិលើកនេះ៕