អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សខេត្ត ក្វាងតុង លោក Huang Kunming។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់ខេត្តក្វាងតុង ជាពិសេសផ្នែកសេដ្ឋកិច្ច អភិបាលកិច្ចទីក្រុង និងគំរូតំបន់សេដ្ឋកិច្ចពិសេស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងតួនាទីថ្មី គឺដើម្បីពិភាក្សាជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងថ្នាក់ដឹកនាំកំពូលរបស់ចិនអំពីវិធានការដើម្បីបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។
លេខាគណកម្មាធិការបក្សខេត្តក្វាងតុង លោក Huang Kunming បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទុកចិត្តជ្រើសតាំងឱ្យកាន់តំណែងជាអគ្គលេខាបក្ស; អះអាងថា បក្សភាគ និងរដ្ឋបាលខេត្ត ក្វាងតុង យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម និងមូលដ្ឋាននានារបស់វៀតណាម; អះអាងនូវការគោរព ការប្តេជ្ញាចិត្ត និងបំណងប្រាថ្នារបស់ខេត្ត ក្វាងតុង ក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យជាមួយមូលដ្ឋានប្រកបដោយសក្ដានុពលរបស់វៀតណាម រួមចំណែកអនុវត្តន៍ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរជំរុញទំនាក់ទំនងវៀតណាម-ចិនឲ្យអភិវឌ្ឍន៍ទៅកម្ពស់ថ្មី៕