អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ VOV) |
នេះជាខ្លឹមសារសំខាន់មួយនៃកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតកម្រិតខ្ពស់កាលពីរសៀលម្សិលមិញពីទីស្នាក់មជ្ឈឹមបក្ស (នៃទីក្រុងហាណូយ) រវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam និងប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។
នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំ ឆាប់រហ័ស និងទូលំទូលាយនៃទំនាក់ទំនងទ្វេភាគី ជាពិសេសការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាពនៅអាស៊ីនិងលើពិភពលោក ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការជឿទុកចិត្តផ្នែកនយោបាយនិងការយោគយល់គ្នាទៅវិញទៅមកតាមរយៈការរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ក្នុងទម្រង់ដែលអាចបត់ បែនបានជាច្រើន លើកកំពស់ប្រសិទ្ធភាពនៃយន្តការសន្ទនាទ្វេភាគី និងកិច្ចសហប្រតិបត្តិការ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការផ្លាស់ប្តូរ ឌីជីថលនិងការផ្លាស់ប្តូរបៃតង បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តជំរុញយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគ លើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងស្វាគមន៍ចំពោះធុរកិច្ចបរទេស រួមទាំងធុរកិច្ចជប៉ុនចូលរួមវិនិយោគធ្វើអាជីវកម្មនៅវៀតណាមផងដែរ។
ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ក្នុងលក្ខណៈសំខាន់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា; ពង្រឹងទំនាក់ទំនងធនធានមនុស្ស ការជួបប្រាស្រ័យរវាងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន៕