អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres |
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំង ២ បានផ្តោតសំខាន់លើការប្រឹងប្រែងនានាសំដៅដោះស្រាយវិបត្តិនៅស៊ីរី លីប៊ី និងយេម៉ែន ក៏ដូចជាផ្លាស់ប្តូរគ្នាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីនដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តអន្តរជាតិ និងដំណោះស្រាយអំពីរដ្ឋ ២ ផងដែរ។ ភាគីអេហ្ស៊ីបបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការ អ.ស.ប ក្នុងការជម្រុញសន្តិភាពនិងសន្តិសុខនៅទ្វីបអាហ្វ្រិក។ រីឯខ្លួនវិញ លោក Guterres បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អេហ្ស៊ីបនៅប្រទេសលីប៊ី ហើយលោកក៏បានបន្តទៀតថា អេហ្ស៊ីប និងអ.ស.ប កំពុងរួមសហការគ្នាដើម្បីទប់ស្កាត់រាល់បញ្ហាប្រឈមមុខរវាងបណ្តាគណបក្សនានានៅក្នុងប្រទេសលីប៊ី ដោយឆ្ពោះទៅរកគោលដៅស្ថិរភាពនៅប្រទេសនេះផងដែរ។ ទាក់ទងនឹងជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល លោក Guterres បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីបក្នុងការទប់ស្កាត់ភាពតានតឹងដែលកាន់តែកើនឡើងនៅក្នុងតំបន់ហ្គាហ្សា។ អ.ស.ប និងអេហ្ស៊ីប កំពុងរួមសហការគ្នាដើម្បីអនុវត្តនូវដំណោះស្រាយរដ្ឋ ២ ដោយចាត់ទុកថាទីក្រុងយេរូសាឡឹមជារដ្ឋធានីនៃទាំងប្រទេសប៉ាឡេស្ទីននិងអ៊ីស្រាអែលផងដែរ៕