អគ្គមេបញ្ជាការ កងទ័ពមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing ថ្លែងនៅកិច្ចប្រជុំសន្តិសុខអន្តរជាតិម៉ូស្គូ។ (រូបថត៖ Twitter) |
សារព័ត៌មានមីយ៉ាន់ម៉ាកាលពីថ្ងៃទី២១ មិថុនា បានចុះផ្សាយថា អគ្គមេបញ្ជាការ កងទ័ពមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing បានទៅកាន់រុស្ស៊ីដើម្បី ចូលរួមកិច្ចប្រជុំសន្តិសុខអន្តរជាតិម៉ូស្គូ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមិថុនា។ នេះ ជាដំណើរទស្សនកិច្ចនៅឯបរទេសលើកទី២របស់លោកគិតចាប់តាំងពីឡើងកាន់ អំណាចបន្ទាប់ពីចលាចលនយោបាយ។
កិច្ចប្រជុំសន្តិសុខអន្តរជាតិម៉ូស្គូ ជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះ មកបានក្លាយទៅជាកិច្ចប្រជុំជាប្រចាំឆ្នាំ។ កិច្ចប្រជុំជាវេទិកាដើម្បីពិភាក្សាអំពីបញ្ហា សន្តិសុខជាសកល ដែលជះឥទ្ធិពលដោយផ្ទាល់ដល់សន្តិភាព ស្ថិរភាពនៃតំបន់និង ពិភពលោក ក៏ដូចជាលើកឡើងចំណាត់ការដោយមានប្រសិទ្ធភាពដើម្បីដោះស្រាយ បញ្ហាទាំងនេះផងដែរ៕