ក្រុមហ្វាំងឡង់រៀបចំកាំជ្រួចសម្រាប់ការប្រកួតយប់ទី៤ នៅល្ងាចថ្ងៃទី២៩ មិថុនា (រូបថត៖ Vinh Thong/VOV) |
នេះគឺជាការប្រកួតរវាងក្រុមចំនួនពីរគឺហ្វាំងឡង់ និងចិន ដែលត្រូវបានគេរំពឹងថា នឹងនាំមកនូវការសម្តែងកាំជ្រួចកំពូល។ក្រុម Liuyang Jingduan New-art Display មកពីទីក្រុង Liuyang ខេត្តហូណាន នៃប្រទេសចិន ដែលមានឧស្សាហកម្មកាំជ្រួចដ៏ល្បីល្បាញជាយូរមកហើយក្នុងពិភពលោក។ លោក Liang Weiming ប្រធានក្រុមបានឲ្យដឹងថា៖ “យើងបានដឹងថា DIFF ល្បីខ្លាំងណាស់ ដូច្នេះយើងចង់សាកល្បងទីលានលេងនេះ។ តាមរយៈការបង្ហាញកាំជ្រួច យើងចង់ណែនាំប្រទេសចិនដល់ប្រជាជន និងភ្ញៀវទេសចរទាំងអស់នៅក្នុងទីក្រុង Da Nang។ យើងបាននាំយកកាំជ្រួចប្រហែល ៤.០០០ ដើមមកចូលរួមការប្រកួតលើកនេះ”។
កាំជ្រួចរបស់ក្រុមទាំងពីរគឺហ្វាំងឡង់ និងចិន មុនពេលចាប់ផ្តើមការប្រកួត (រូបថត៖ Vinh Thong/VOV) |
អ្នកតំណាងមកពីប្រទេសហ្វាំងឡង់ ក្រុមកាំជ្រួច JoHo Pyro Professional Fireworks បានឈ្នះជើងឯក DIFF ២០១៩ និងការប្រកួតកាំជ្រួចអន្តរជាតិល្បីៗជាច្រើន។ លោក Johan Dan Erik Hollaender ប្រធានក្រុមហ្វាំងឡង់បាននិយាយថា៖ “DIFF តែងតែជាការប្រកួតប្រជែងទ្រង់ទ្រាយធំនៅលើពិភពលោក ហើយការចូលរួមក្នុងពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang គឺជាមោទនភាពមួយសម្រាប់ពួកយើង។ នេះជាលើកទីបីរបស់យើងដែលមកចូលរួម DIFF។ យើងសង្ឃឹមថា រាល់ពេលដែលយើងវិលត្រលប់មកវិញ យើងនឹងនាំមកនូវការសម្តែងពោរពេញដោយអារម្មណ៍ ដល់អ្នកទស្សនា ក៏ដូចជាណែនាំពីឧបករណ៍ និងផលិតផលថ្មីៗផងដែរ”។
សូមគូសបញ្ជាក់ថា នៅយប់ទី ៤ នៃ DIFF ២០២៤ ក្រៅពីលើការសម្តែងកាំជ្រួចរបស់ក្រុមហ្វាំងឡង់ និងចិន ឆាកដែលមានរាងដូចបាតដៃដែលមានទំហំធំជាង ១.២៦០ម៉ែត្រការ៉េ នៅលើច្រាំងខាងកើតនៃទន្លេហាន នឹងក្លាយជាចំណុចរំលេចជាមួយនឹងការសម្តែងសិល្បៈដ៏រស់រវើក៕