អ្នកស្រុកឈរនៅក្នុងគំនរបាក់បែកបន្ទាប់ពីការវាយប្រហារដោយកាំជ្រួចនៅ Mykolaiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៣ ខែតុលា។ (រូបថត៖ Bulent Kilic/AFP/Getty Images) |
សហរដ្ឋអាមេរិក បារាំង និងអង់គ្លេសកាលពីថ្ងៃទី២៣ ខែតុលា បានចេញសេចក្តី ថ្លែងការណ៍រួមស្តីពីអ៊ុយក្រែន ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់គេ ក្នុងការបន្តគាំទ្រ ប្រទេសនេះជាមួយនឹងជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌។
សេចក្តីថ្លែងការណ៍រួមនេះ បញ្ជាក់ជាថ្មីពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចក្រភព អង់គ្លេស និងបារាំង ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូច ជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារដែនដីរបស់ប្រទេសនេះផងដែរ។ សេចក្តីថ្លែង ការណ៍រួមក៏បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីក៏បានធ្វើការសន្ទនា តាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoygu ដើម្បីច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងរៀបចំប្រើប្រាស់ គ្រាប់បែកកខ្វក់ នៅលើដែនដីរបស់ខ្លួនផងដែរ។ រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋ អាមេរិក បារាំង និងចក្រភពអង់គ្លេសបានចាត់ទុកថា ការចោទប្រកាន់របស់រុស្ស៊ីថាជា លេសដើម្បីបង្កើនជម្លោះនៅអ៊ុយក្រែន៕