ក្រុមអ្នកជួយសង្គ្រោះស្វែងរកជនរងគ្រោះនៅខេត្ត Kahramanmaras ប្រទេសតួកគី កាលពីថ្ងៃទី៧ ខែកុម្ភៈ។ រូបថត៖ រូបភាព Getty |
អាជ្ញាធរទួរគីបានប៉ាន់ស្មានថា ប្រជាជនប្រមាណ ១៣,៥ លាននាក់បានរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីកម្រិត ៧,៨រិចទ័រ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ដោយមានគេហដ្ឋានជាង ៦៤០០ខ្នង់នៅទួរគីរងការបំផ្លិចបំផ្លាញ។ លោកប្រធានាធិបតី Erdogan បានឲ្យដឹងថា រដ្ឋាភិបាលទួរគី គ្រោងនឹងសាងសង់លំនៅឋានសម្រាប់អ្នកដែលបាត់បង់លំនៅឋានក្នុងខេត្តចំនួន ១០ដែលរងផលប៉ះពាល់។
នាថ្ងៃដដែលសមាជិកសហភាពអឺរ៉ុបទទួលបន្ទុកការដោះស្រាយវិបត្តិ លោក Janez Lenarcic បានប្រកាសថា EU បានទទួលសំណើរជួយឧបត្ថម្ភរបស់រដ្ឋាភិបាលស៊ីរី។ តាមនោះ បណ្ដាប្រទេសជាសមាជិកត្រូវបានលើកទឹកចិត្ត ដើម្បីចូលរួមជួយឧបត្ថម្ភស៊ីរីតាមសំណើរ។ បច្ចុប្បន្ន មានប្រទេសសមាជិក EU ចំនួន ១៩ រួមជាមួយប្រទេសអាល់បានី និងម៉ុងតេណេហ្គ្រូ បានបញ្ជូនក្រុមការងាររបស់ខ្លួនទៅសម្របសម្រួលជាមួយមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់របស់សហភាពអឺរ៉ុប និងអាជ្ញាធរទួរគី។
ក្រសួងសុខាភិបាលអ៊ីស្រាអែលនាថ្ងៃទី ៨ ខែកុម្ភៈ បានប្រកាសថានឹងសម្របសម្រួលជាមួយកងទ័ពដើម្បីបង្កើតមន្ទីរពេទ្យបណ្តោះអាសន្នមួយនៅទួរគី ដើម្បីជួយឧបត្ថម្ភផ្នែកវេជ្ជសាស្រ្តដល់ជនរងគ្រោះដោយការរញ្ជួយដី។ ក្នុងពេលជាមួយគ្នានោះ ប្រទេសចិនក៏បានប្រកាសថា នឹងផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ចំនួន ៤,៤ លានដុល្លារដល់ស៊ីរីផងដែរ។ ក្រៅពីនេះ ក្រុមជំនួយរបស់ចិនដែលមានសមាជិក ៨២ នាក់ជាមួយឧបករណ៍វេជ្ជសាស្រ្ត និងទំនិញជួយសង្គ្រោះចំនួន ២០ តោន បានមកដល់អាកាសយានដ្ឋាន Adana ប្រទេសតួកគី នាព្រឹកថ្ងៃទី៩ខែកុម្ភៈនេះ។ រដ្ឋាភិបាល ម៉ាឡេស៊ី បានប្រកាសថា នឹងផ្ទេរប្រាក់ជាង ២ លានដុល្លារទៅកាន់ប្រទេសតួកគី និង ស៊ីរីដើម្បីជួយដល់ជនរងគ្រោះ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថា ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី នឹងបញ្ជូនក្រុមជួយសង្គ្រោះដែលមានសមាជិក ៧២ នាក់ ទៅកាន់ប្រទេសទួរគីនៅចុងសប្តាហ៍នេះ ហើយនឹងផ្តល់ជំនួយដែលមានតម្លៃ ៧លានដុល្លារ សម្រាប់ប្រទេសទួរគី និងស៊ីរី។
អ្នករស់រានមានជីវិតឱបគ្នានៅក្បែរគំនរបាក់បែកបន្ទាប់ពីការរញ្ជួយដីនៅតំបន់ Hatay តួកគី ថ្ងៃទី៧ ខែកុម្ភៈ។ (រូបថត៖ Reuters) |
បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៩ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសមួយដើម្បីសម្តែងសាមគ្គីភាពចំពោះប្រជាជនស៊ីរីនិងទួរគី បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៨ រិចទ័រ ដែលបានសម្លាប់មនុស្សជាង ១២ ពាន់នាក់។ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងអំពីមនុស្ស និងមូលដ្ឋានសម្ភារៈ ដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី។ អាស៊ានបានអះអាងជាថ្មីនូវចំណងសាមគ្គីភាពជាមួយប្រជាជនស៊ីរីនិងទួរគីក្នុងគ្រាលំបាកនាបច្ចុប្បន្ន ហើយបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភការខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ។ នាបច្ចុប្បន្ន បណ្ដាប្រទេសអាស៊ានក៏កំពុងជួយឧបត្ថម្ភយ៉ាងសកម្មដល់ទួរគី និងស៊ីរីដើម្បីជំនះពុះពារលើផលវិបាកដោយគ្រោះរញ្ជួយដី។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ (ម៉ោង UTC) ចំនួនជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ បានកើនឡើងរហូតដល់ជិត ១៦.៣០០ នាក់។ ក្នុងនោះ ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងប្រទេសទួរគីមានចំនួន ១២.៨៧៣នាក់ និង ៣.៥០៨នាក់បានស្លាប់នៅស៊ីរី។ មជ្ឈដ្ឋានអ្នកជំនាញបានព្រមានថា តួរលេខនេះអាចកើនឡើងទ្វេដងក្នុងករណីដែលសេណារីយ៉ូដ៏អាក្រក់បំផុតកើតឡើង៕