ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un |
ទីភ្នាក់ងារព័ត៌មានអាមេរិក AP បានឲ្យដឹងថា កិច្ចប្រជុំដែលប្រារព្ធឡើងនាថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែកុម្ភៈ រវាងថ្នាក់ដឹកនាំអាមេរិក និងកូរ៉េខាងជើងនឹង ផ្តោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងជាលំអិតបន្ថែមទៀតនូវកិច្ចព្រមព្រៀងដែលបានសម្រេចនៅក្នុងជំនួបកាលពីខែមិថុនាឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី។ ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មាន AFP (ប្រទេសបារាំង) បានរំលឹកឡើងវិញពីខ្លឹមសារ ដែលម្ចាស់សេតវិមាន លោក Donald Trump បង្ហោះនៅលើបណ្តាញសង្គម Twitter មុនពេលលោកចេញដំណើរទៅកាន់ទិក្រុងហាណូយ ដោយអះអាងថា "ខ្ញុំទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលលើកនេះនឹងទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ"។ រីឯទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប (ប្រទេសកូរ៉េខាងត្បូង) បានឲ្យដឹងថា តាមផែនការ លោក Trump គ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយស្តីពីការរំលាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដើម្បីប្តូរយកការដែលទីក្រុងវ៉ាស៊ីនតោននឹងមានសកម្មភាពឆ្លើយតបស្រដៀងនឹងគ្នាផងដែរ៕