សម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងបើកនាថ្ងៃទី ១៤ សីហា

Chia sẻ

(VOVWORLD) - វគ្គទី១ នៃសម័យប្រជុំលើកទី២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ សីហា ហើយវគ្គទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែសីហា នៅវិមានរដ្ឋសភា។

សម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងបើកនាថ្ងៃទី ១៤ សីហា - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី ១២ កក្កដា។
(រូបថតឯកសារ៖ Doan Tan/VNA)

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់យោបល់លើការងារកសាងច្បាប់ ក្នុងនោះមានគម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ; គម្រោងនៃច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម); គម្រោងច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងការលើកទឹកចិត្តឧស្សាហកម្ម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏នឹងផ្តល់យោបល់លើការស្រាយបំភ្លឺ ទទួលយក និងកែសម្រួលគម្រោងច្បាប់មួយចំនួន ដូចជាគម្រោងច្បាប់ធ្វើអាជីវកម្មអចលនទ្រព្យ (ធ្វើវិសោធនកម្ម) គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) និងគម្រោងច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម) ជាដើម។

ទាក់ទិននឹងសកម្មភាពឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងឃ្លាំមើលប្រធានបទ “ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការផ្លាស់ប្ដូរថ្មីកម្មវិធី និងសៀវភៅសិក្សាចំណេះដឹងទូទៅ” កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ដំណាក់កាលឆ្នាំ ២០២១-២០២៥ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដំណាក់កាលឆ្នាំ ២០២១-២០២៥ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០... និងរបាយការណ៍សំខាន់ៗជាច្រើនទៀត។

ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងរៀបចំសកម្មភាពសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ៕

ប្រតិកម្មទៅវិញ