យោងតាមសេចក្តីជូនដំណឹង ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង(JCS) បានរកឃើញការបាញ់បង្ហោះចេញពីទីតាំងមួយក្នុងឬជុំវិញតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅចន្លោះម៉ោង ២៣:៤០-២៣:៥០ នាទីម្សិលមិញ (៣០ សីហា)។ មីស៊ីលនីមួយៗបានហោះហើរប្រហែល៣៦០គីឡូម៉ែត្រមុនពេលធ្លាក់ចូលក្នុងសមុទ្រ។
ទូរទស្សន៍កូរ៉េខាងត្បូងបានរាយការណ៍ពីការបាញ់មីស៊ីលរបស់ស.ប.ប កូរ៉េ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។ រូបថត៖ AFP/TTXVN |
នៅព្រឹកថ្ងៃទី៣១ ខែសីហាដែរ ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.ប កូរ៉េ (KCNA) បានរាយការណ៍ថា កងទ័ពប្រជាជនស.ប.ប កូរ៉េ (KPA) បានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រកាលពីយប់មិញ សំដៅឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរួមដែលកំពុងប្រព្រឹត្តទៅរវាងអាមេរិកនិងកូរ៉េខាងត្បូង។ អង្គភាពមីស៊ីលនេះបានបាញ់មីស៊ីលបាលីស្ទិកយុទ្ធសាស្រ្តចំនួន២គ្រាប់ពីព្រលានយន្តហោះអន្តរជាតិព្យុងយ៉ាង ឆ្ពោះទៅភាគឦសាន និងសម្រេចបានគោលដៅនៅពេលបំផ្ទុះលើអាកាស កម្ពស់៤០០ម៉ែត្រនៅលើគោលដៅ។ KCNA បានអះអាងថា ការធ្វើសមយុទ្ធនេះមានគោលបំណងផ្សព្វផ្សាយសារដ៏រឹងមាំទៅកាន់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលកូរ៉េខាងត្បូងនិងអាមេរិកកំពុងធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា Ulchi Freedom Shield (UFS) ។ សមយុទ្ធប្រចាំឆ្នាំនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃនេះ (៣១ ខែសីហា) ៕