ស.ប.ប កូរ៉េ បានប្រកាសថាបាញ់សាកល្បងប្រព័ន្ធមីស៊ីលថ្មី (រូបថត៖ TTXVN) |
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានឲ្យដឹងថាការបាញ់បង្ហោះមីស៊ីលនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី ៣១ ខែកក្កដា សំដៅបាញ់សាកល្បង“ ប្រព័ន្ធមីស៊ីលបាលីស្ទីកធំថ្មីមួយ” ។ ព័ត៌មានពោលខាងលើនេះបានចេញផ្សាយក្នុងមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ស.ប.ប កូរ៉េ បានបាញ់បង្ហោះមីស៊ីលផ្លោងបាលីស្ទិករយៈចម្ងាយខ្លីចំនួន ២ គ្រាប់ដោយឆ្ពោះទៅលំហរសមុទ្រខាងកើតរបស់ប្រទេសខ្លួនកាលពីថ្ងៃទី ៣១ ខែកក្កដាកន្លងទៅ។
គួរឲ្យជម្រាបថាមជ្ឈដ្ឋានអ្នកជំនាញបានអះអាងថា ការបាញ់បង្ហោះមីស៊ីលរបស់ស.ប.ប កូរ៉េនាពេលថ្មីៗនេះ ហាក់ដូចជាសំដៅទៅលើប្រតិកម្មចំពោះការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើឡើងនាខែខាងមុខ ក៏ដូចជាដើម្បីបង្កើនតួនាទីរបស់ទីក្រុងព្យុងយ៉ាងមុនពេលចាប់ផ្តើមឡើងវិញនូវការចរចាស្តីពីអាវុធនុយក្លេអ៊ែរជាមួយអាមេរិកផងដែរ៕