សន្និសីទនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ជាមួយនឹងព្រឹត្តិការណ៍ដ៏ក្រាស់ក្រែលលើប្រធានបទក្តៅគគុកនិងបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ ចាប់ពីនយោបាយ សេដ្ឋកិច្ច រហូតដល់សន្តិសុខ ការពារជាតិ និងបរិស្ថានជាដើម។ ថ្នាក់ដឹកនាំភាគច្រើនដែលបានចូលរួមសន្និសីទនេះ នឹងធ្វើបទអន្តរាគមន៍ ឬចូលរួមកិច្ចពិភាក្សាតុមូល ក្នុងអំឡុងពេល ៣ ថ្ងៃនៃសន្និសីទ។
ក្រៅពីជម្លោះក្នុងប្រទេសអ៊ុយក្រែននោះ ប្រធានបទដ៏សំខាន់មួយទៀតគឺការរៀបចំរចនាសម្ព័ន្ធពិភពលោកឡើងវិញ ជាពិសេសគឺសណ្តាប់ធ្នាប់ និងសន្តិសុខនៅអឺរ៉ុប។ ការពង្រីកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ;ការចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ ឬ ចក្រភពអង់គ្លេសក្រោយ Brexit មានតួរនាទីយ៉ាងដូចម្តេចនៅក្នុងរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបនាពេលអនាគត ក៏ត្រូវបានរំពឹងថាជាបញ្ហាសំខាន់សម្រាប់ពិភាក្សានៅក្នុងសន្និសីទផងដែរ៕