សន្និសិទស្តីពី​ការកសាង​​អ៊ុយក្រែនឡើងវិញ បាន​បើក​នៅអាល្លឺម៉ង់

Chia sẻ
(VOVWORLD) - សន្និសីទអន្តរជាតិស្តីពីការកសាងអ៊ុយក្រែនឡើងវិញបានបើកកាលពីថ្ងៃទី ១១ ខែមិថុនា នៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់)។ ថ្លែងក្នុងពិធីបើក អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវដល់ក្រុមហ៊ុនឯកជននានា ធ្វើការវិនិយោគលើគម្រោងសាងសង់ឡើងវិញរបស់អ៊ុយក្រែន។

ដោយបានដកស្រង់ទិន្នន័យរបស់ធនាគារពិភពលោកថា អ៊ុយក្រែនអាចត្រូវការថវិកាចំនួន ៥០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ដើម្បីកសាងឡើងវិញបន្ទាប់ពីជម្លោះ លោក Scholz បានបញ្ជាក់ថា ក្រុមហ៊ុននានានឹងមើលឃើញឱកាសធ្វើអាជីវកម្មក្នុងការវិនិយោគ និងពិភាក្សាអំពីសក្តានុពលរបស់អ៊ុយក្រែនក្នុងវិស័យជាច្រើន រួមទាំងថាមពលកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មាន និងឱសថ។

សន្និសិទស្តីពី​ការកសាង​​អ៊ុយក្រែនឡើងវិញ បាន​បើក​នៅអាល្លឺម៉ង់ - ảnh 1អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីការកសាងអ៊ុយក្រែនឡើងវិញ នៅរដ្ឋធានីប៊ែរឡាំង របស់អាល្លឺម៉ង់ នៅថ្ងៃទី ១១ ខែមិថុនា។ រូបថត៖ រ៉យទ័រ

អ៊ុយក្រែនសង្ឃឹមថា តាមរយៈសន្និសីទនេះ នឹងទទួលបានមូលនិធិយ៉ាងសំខាន់។ នៅក្នុងសន្និសីទនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រព័ន្ធថាមពលត្រូវការជំនួយជាបន្ទាន់ ខណៈដែលជម្លោះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពផលិតអគ្គិសនី បណ្តាលឱ្យមានការដាច់ភ្លើងជាញឹកញាប់នៅក្នុងរដ្ឋធានី Kiev និងនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនក៏សង្ឃឹមថា នឹងទទួលបានមូលនិធិសម្រាប់វិស័យអប់រំ សុខាភិបាល និងសំណង់។

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីតាលីបានឯកភាពផ្តល់ជំនួយប្រមាណ ១៤៩ លានអឺរ៉ូសម្រាប់អ៊ុយក្រែន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ នាថ្ងៃដដែល (១១ មិថុនា) ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន និងអាល្លឺម៉ង់បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីគោលបំណងរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីគាំទ្រដល់ការកសាងឡើងវិញក្រោយជម្លោះរបស់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ